ទេសចរណ៍​​​សៀមរាប​​នឹង​​កាន់​​តែ​​​​ពិបាក​​ងើប​​ឡើង​​វិញ​ ក្រោយ​​រក​​ឃើញ​​ករណី​​ឆ្លង​​ Covid-19 នៅ​​ទី​នោះ​

ភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រាសាទអង្គរវត្ត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ (ពៅ មេត្តា)

បន្ទាប់​ពី​ការ​ប្រកាស​អំពី​ការ​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​លើក​ដំបូង​កើត​ឡើង​នៅ​ខេត្ត​សៀមរាប ក្រុម​អ្នក​បម្រើការ​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ បង្ហាញ​ក្ដី​បារម្ភ​របស់​ពួកគេ​ថា ការ​រីក​រាល​ដាល​នៃ​​មេរោគ​ឆ្លង​នេះ នឹង​វាយ​ប្រហារ​បន្ថែម​ទៀត​ទៅ​លើ​ឧស្សាហកម្ម​ទេសចរណ៍​របស់​ខេត្ត​មួយ​នេះ ដែល​បាន​ធ្លាក់​ចុះ​រួច​ជា​ស្រេច​ទៅ​ហើយ​នោះ។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា​កន្លង​មក​នេះ ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រកាស​ថា បុរស​ជន​ជាតិ​កម្ពុជា​មួយ​រូប​អាយុ ៣៨​ឆ្នាំ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី ឬ Covid-19 បន្ទាប់​ពី​បុរស​កម្ពុជា​រូប​នេះ បាន​មាន​ទំនាក់ទំនង​ជិត​ដិត​ជាមួយ​បុរស​ជន​ជាតិ​ជប៉ុន ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​នេះ​នៅ​ឯ​ប្រទេស​កំណើត​របស់​គេ ក្រោយ​ចាក​ចេញ​ពី​កម្ពុជា។

បុរស​កម្ពុជា​ដែល​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​នេះ ស្ថិត​នៅ​ក្នុង​ចំណោម​ការ​ឆ្លង​ចំនួន ១១​ករណី​ផ្សេង​ទៀត ដែល​ត្រូវ​បាន​កម្ពុជា​ប្រកាស​ថា បាន​រក​ឃើញ​ចាប់​តាំង​ពី​មេរោគ​ឆ្លង​នេះបាន​ផ្ទុះ​ឡើង​ និង​រីករាល​ដាល​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៩​មក។

ក្រោយ​ការ​ប្រកាស​អំពី​រក​ឃើញ​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​នៅ​ខេត្ត​សៀមរាប​មក រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​​បញ្ជា​ឱ្យ​បិទ​សាលារៀន​ទាំង​អស់​នៅ​ទីរួម​ខេត្ត​នេះ​ជា​បណ្ដោះ​អាសន្ន ហើយ​ក៏​សម្រេច​លុប​ចោល​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នា​ខែ​មេសា​ខាង​មុខ​ផង​ដែរ។

ភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រាសាទអង្គរវត្ត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ (ពៅ មេត្តា)

ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ លោក ខៀវ ធី បាន​ប្រាប់​ឱ្យដឹង​ថា គម្រោង​ដំណើរ​ទេសចរណ៍​របស់​ភ្ញៀវ​អន្តរជាតិ​ជាច្រើន ដែល​បាន​កក់​រួច​ហើយ​កាល​ពី​ពីរ​ ឬ​បី​ខែ​មុន​នោះ ត្រូវ​បាន​លុប​ចោល​​បណ្ដើរៗ​ហើយ បន្ទាប់​ពី​ការ​ផ្ទុះ​ឡើង និង​ការ​រីក​រាល​ដាលមេរោគ​កូរ៉ូណា​​នៅ​ឯ​ប្រទេស​ចិន។

លោក ខៀវ ធី បាន​លើក​ឡើង​បន្ត​ថា ឧស្សាហកម្ម​ទេសចរណ៍​នៅ​ខេត្ត​មួយ​នេះ នឹង​កាន់​តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត ក្រោយ​ពី​អាជ្ញាធរ​សុខាភិបាល​កម្ពុជា បាន​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ។

លោក ខៀវ ធី ប្រាប់​ថា៖ «ឥឡូវគេចាប់ផ្ដើមលុបបណ្ដើរៗ។ អ៊ីចឹង វាពិបាកក្នុង​​ការ​​រកទទួលទានរបស់យើង ហើយសេដ្ឋកិច្ចសៀមរាបយើង អាស្រ័យលើផ្នែកទេសចរណ៍ អ៊ីចឹង​ដល់ឃើញតំបន់​​សៀម​​រាបយើងមានផ្ទុះ១ករណីអ៊ីចឹងទៅ ដំណឹងវាខ្ចរខ្ចាយពេញពិភពលោក អ៊ីចឹង​គេបារម្ភ គេមិនហ៊ានមកលេង»

កាលពីថ្ងៃទី​២ ខែមករាកន្លងទៅ ក្រសួង​ទេសចរណ៍​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍មួយ​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ខ្ទង់ ២​លាន ២​សែន​នាក់ បាន​ចូល​ទៅ​ទស្សនា​ក្នុង​តំបន់​ទេសចរណ៍​របស់​ខេត្ត​សៀមរាប​កាល​ពី​ឆ្នាំ​២០១៩​កន្លង​មក ប៉ុន្តែ ​បាន​ធ្លាក់​ចុះ ១៤.៨​ភាគរយ បើធៀប​ទៅ​នឹង​​តួលេខ​កាល​ពី​មួយ​ឆ្នាំមុន។

ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បាន​ឱ្យ​ដឹង​ថា ការ​ផ្ទុះ​ឡើង និង​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី​នេះ បាន​វាយ​ប្រហារ​​ទៅ​លើ​ផ្នែក​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា បន្ទាប់​ពី​ជើង​ហោះ​ហើរ​ជាច្រើន និង​ព្រឹត្តិការណ៍​ធំៗ​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ ត្រូវ​បាន​លុប​ចោល​ទៅ​វិញ។

អ្នកស្រី ឆាយ ស៊ីវលីន៖ «អារឿងធ្លាក់ចុះ វាធ្លាក់ចុះហើយ បើគេអត់មានឱ្យយន្ត [យន្តហោះ] មកចុះផង អាណាដើរ? បច្ចុប្បន្ននេះ វានឹងប៉ះពាល់ទាំងអស់គ្នា យើងចង់និយាយថា ទេសចរណ៍យ៉ាងម៉េច បើការហោះហើរពីប្រទេសមួយទៅប្រទេសមួយ ត្រូវកាត់ផ្ដាច់អស់ហើយ មានភ្ញៀវទេសចរណាមកចូលកើត»

ទោះជាយ៉ាងណា អ្នកស្រី​រំពឹងថា ក្រោយពី Covid-19 ស្ងប់ស្ងាត់ទៅវិញ កម្ពុជានឹងទទួលបានភ្ញៀវទេសចរទ្វេរដង បន្ទាប់​ពី​កម្ពុជា​បាន​អនុញ្ញាតិឱ្យនាវាទេសចរណ៍ Westerdam ចូលមកកម្ពុជាកាលពីពេលកន្លងទៅ។

នាវា​ទេសចរណ៍ MS Westerdam ដែល​ផ្ទុក​ទៅ​ដោយ​ទេសចរ​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍ ១,៤៥៥​នាក់ និង​បុគ្គលិក​បម្រើ​ការ​លើ​នាវា​សរុប​ ៨០២​នាក់ ត្រូវ​បាន​កម្ពុជាអនុញ្ញាតចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ បន្ទាប់​ពី​ប្រទេស និង​ដែន​ដី​កោះ​ចំនួន ៥ មិន​អនុញ្ញាត​ឱ្យ​នាវា​មួយ​នេះ​ចូល​ចត ​ជុំ​វិញ​ក្ដី​បារម្ភ​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី។

នាវាវ៉េសស្ទើនដាំ Westerdam ត្រៀមចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ (ឆពណ្ណ បញ្ញា)

រដ្ឋាភិបាល​កម្ពុជា​​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អះ​អាង​ថា ការ​សម្រេច​ចិត្ត​បែប​នេះ គឺ​ជា​ការ​ឆ្លើយ​តប​នឹង​ទង្វើ​មនុស្ស​ធម៌ ដែល​ទទួល​បាន​ការ​សាទរ​ពី​សំណាក់​មេដឹកនាំ​អាមេរិក និង​​អង្គការ​សុខភាព​ពិភព​លោក។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ជុក ជំនោរ ប្រាប់ VOD ថា​ មុនមានករណី Covid-19 នេះកើតឡើង ​ក្រសួង​ទេស​ចរណ៍បានរៀបចំពង្រឹងវិស័យទេសចរណ៍នេះឡើងវិញ ក្នុងនោះមានផែនការមេអភិវឌ្ឍន៍វិស័យ​​ទេសចរណ៍​​ក្នុង​​ខេត្ត​​សៀមរាប ដូចជា រៀបចំព្រឹត្តិការណ៍សំខាន់ៗនៅខេត្តសៀមរាប ព្រមទាំងរៀបចំវគ្គបណ្តុះបណ្ដាលដែលរងផលប៉ះពាល់។​

លោក​​​​បន្តថា នៅពេលដែលផ្ទុះ Covid-19 លើបុរសវ័យ ៣៨ឆ្នាំនោះមក ក្រសួងទេសចរណ៍​​ក៏រង់​ចាំការ​​សម្រេចពី​​ខាង​​សុខាភិបាល​​​​ថា អាចអនុវត្តផែនការដែលបានដាក់រួចមកហើយនៅពេលណា។

លោក ជុក ជំនោរ មាន​ប្រសាសន៍​ថា៖ «ជាទូទៅ យើង​​សង្កេត​​ឃើញថា ភ្ញៀវទេសចរហ្នឹងមានការថមថយខ្លះដែរ នៅពេលដែលកើតឡើងនូវកូរ៉ូណាវីរុសនេះ ក្រោយពេលដែល​​រក​​ឃើញនៅបុរសជនជាតិខ្មែរនេះ»

ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តប្រវត្តិសាស្ត្រមួយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមិនយកពន្ធពីផ្ទះសំណាក់ និងសណ្ឋាគាររយៈពេល ៤ខែ ដើម្បីជួយ​ឱ្យ​ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារនៅ​ក្នុង​ខេត្ត​មួយ​នេះ ​អាច​បន្ត​ទប់​ទល់​នឹង​ការ​ធ្លាក់​ចុះ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប។

លោក ហ៊ុន សែន មាន​ប្រសាសន៍ថា៖ «អ្វីដែលយើងធ្វើនៅពេលនេះ មិនគ្របដណ្ដប់​​ទូ​​ទៅ​​នោះទេ អ្វីដែលសំខាន់គឺយើងធ្វើនៅខេត្តសៀមរាប ដែលជាខេត្តមួយភ្ញៀវទេសចរបរទេសធ្លាប់មកកាន់ទីនោះ ទីនោះ​ ហើយឥឡូវភ្ញៀវទេសរមកកាន់ទីនោះ គឺធ្លាក់ដល់កម្រិតមួយយ៉ាងខ្លាំង»

គិត​ត្រឹម​ថ្ងៃ​ទី១៦ ខែ​មីនា​នេះ កម្ពុជា​បាន​ប្រកាស​អំពី​ការ​រក​ឃើញ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​សរុប ១២​ករណី​ហើយ រាប់​ចាប់​តាំង​ពី​ខែ​​មករា​មក ក្នុង​នោះមេរោគ​នេះ​បាន​ឆ្លង​ទៅ​លើ​បុរស​កម្ពុជា ២​នាក់។

របាយការណ៍​អង្គការ​សុខភាព​ពិភព​លោក បង្ហាញ​ថា មនុស្ស​ដល់​ទៅ​ជាង ១៥​ម៉ឺន ៣​ពាន់​នាក់ ​(១៥៣ ៥១៧) នៅ​ទូទាំង​ពិភព​លោក ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី ហើយ​មេរោគ​នេះ​ក៏​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ ៥ ៧៣៥​នាក់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ