អតីតកម្មករបម្រើការងារក្នុងគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចក្នុងខេត្តសៀមរាបនៅថ្ងៃនេះ នាំគ្នាតវ៉ាដើម្បីទាមទារឱ្យមានការងារធ្វើឡើងវិញ ក្រោយពួកគេត្រូវបានព្យួរការងាររយៈពេលជាង២ឆ្នាំ។
កម្មករម្នាក់ លោក សឹង អ៊ុច ប្រាប់វីអូឌីថា កម្មករប្រហែល៤០នាក់បាននាំគ្នាតវ៉ាមុខការិយាល័យសាលាបារាំងចុងបូព៌ារ (EFEO) ដែលជាម្ចាស់គម្រោងជួសជុលប្រាសាទ ដើម្បីឱ្យម្ចាស់គម្រោងមួយនេះទទួលយកពួកគេចូលធ្វើការងារតាមកិច្ចសន្យា។
កម្មកររូបនេះ អះអាងថា កម្មករ១២៦នាក់ដែលបម្រើការងារនៅក្នុងគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ត្រូវម្ចាស់គម្រោងព្យួរការងារតាំងពីពាក់កណ្តាលឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២០នេះ គឺមិនទាន់បានចូលធ្វើការងារវិញទេ។
លោក សឹង អ៊ុច បញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងព្យួរការងារនោះគឺ ម្ចាស់គម្រោងជួសជុសប្រាសាទ បានសន្យាព្យួរការងារកម្មកររយៈពេលខ្លី ដោយចន្លោះពី១ ទៅ៣ខែប៉ុណ្ណោះ។
លោកបន្ថែម៖ «ពួកខ្ញុំទាមទារនេះ គឺដើម្បីទាមទារឱ្យបារាំងហ្នឹងទទួលយកពួកខ្ញុំបានការងារធ្វើឡើងវិញ ព្រោះក្នុងកិច្ចសន្យាពេលដែលព្យួរការងារនោះ គឺបារាំងបានប្រាប់ពួកខ្ញុំថា ការព្យួរនេះគឺរយៈពេលខ្លីទេ ពី១ខែ ទៅ៣ទេ។ ប៉ុន្តែ មកដល់ឥលូវនេះ រយៈពេលជាង២ឆ្នាំហើយ ដំណោះស្រាយនៅតែអត់។ ពួកខ្ញុំនៅតែអត់ការងារធ្វើ។ យើងមានការងារធ្វើ។ យើងអាចជួយដោះស្រាយជីវភាពគ្រួសារបាន ដល់ពេលអត់អញ្ចេះ យើងជួបការលំបាកធំ»។
អនុប្រធានទី១ នៃសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សួ ឆ្លូញ ដែលតាមដានករណីនេះ មានប្រសាន៍ថា សាលាបារាំងចុងបូព៌ារ (EFEO) ដែលជាម្ចាស់គម្រោងជួសជុលប្រាសាទ បានកំពុងរំលោភកុងត្រាយ៉ាងធ្ងន់ធ្ងរជាមួយកម្មករ។
សហជីពរូបនេះបន្តថា ក្នុងកុងត្រា គឺសាលាបារាំងចុងបូព៌ារសន្យាជួលកម្មករ១២៦នាក់ឱ្យជួសជុលប្រាសាទ រហូតដល់បញ្ជប់គម្រោង ប៉ុន្តែ លោកថា សាលាមួយនេះបានបញ្ចប់កិច្ចសន្យាកម្មករមុនគម្រោងចប់ និងមិនបានជូនដំណឹងដល់កម្មករទៀត។
លោកបន្ថែមថា៖ «នៅពេលហ្នឹង ប្រសិនបើគាត់និយាយថា គម្រោងអត់មានលុយទេ។ បញ្ចប់ត្រឹមហ្នឹង គឺវាចប់ហើយ ប៉ុន្តែ ដោយសារនៅក្នុងកិច្ចសន្យាហ្នឹង គាត់អត់បាននិយាយអញ្ចឹងទេ។ គាត់ព្យួរការងាររយៈពេលខ្លី ហើយគាត់ថា នឹងឱ្យកម្មករចូលធ្វើការងារវិញដដែល។ អញ្ចឹងហើយបានធ្វើឱ្យកម្មករចេះតែរង់ចាំរហូតមកពេលនេះ។ ដំណោះស្រាយអត់មានសោះ»។
វិអូឌីមិនអាចសុំការឆ្លើយតបពីសាលាបារាំងចុងបូព៌ារ (EFEO) ដែលជាម្ចាស់គម្រោងជួសជុលប្រាសាទ ដើម្បីបំភ្លឺពាក់ព័ន្ធករណីនេះបានទេ។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៥ ខែមីនា អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា គម្រោងជួសជុលប្រាសាទរបស់សាលាបារាំងបូព៌ារបានបញ្ចប់ហើយ ដោយបានប្រគល់ឱ្យអាជ្ញាធរជាតិអប្សរាគ្រប់គ្រង និងទទួលខុសត្រូវទាំងស្រុងលើការដ្ឋានជួសជុសប្រាសាទមេបុណ្យ តាំងពីខែឧសភា ឆ្នាំ២០១៨មកម្ល៉េះ។
អាជ្ញាធរជាតិអប្សរា អះអាងថា ក្រោយទទួលបានសិទ្ធិគ្រប់គ្រងទាំងស្រុងលើការដ្ឋានជួសជុសប្រាសាទនោះ គឺមន្ត្រីអាជ្ញាធរជាតិអប្សរា បានចុះជួបជាមួយតំណាងសាលាបារាំងចុងបូព៌ារ តំណាងសហជីព និងតំណាងកម្មករ ដើម្បីស្វែងរកដោះស្រាយ និងពន្យល់ពីគោលការណ៍គ្រប់គ្រងថ្មី។
អាជ្ញាធរជាតិអប្សរាបន្តថា កាលណោះ អាជ្ញាធរជាតិអប្សរាបានស្នើជាគោលការណ៍ស្ម័គ្រចិត្តឱ្យកម្មករបន្តបម្រើការងារឱ្យអាជ្ញាធរជាតិ ប៉ុន្តែ ត្រូវបានសហជីព និងកម្មករបានបដិសេធ ដោយយល់ឃើញថា ប្រាក់ឈ្នួល និងអត្ថប្រយោជន៍មួយចំនួនមិនបានស្មើដូចកាលធ្វើការជាមួយសាលាបារាំងចុងបូព៌ារ ហើយសម្រេចចិត្តស្វែងរកការងារខាងក្រៅវិញ។
សេចក្តីប្រកាសព័ត៌មានដដែលនេះ បញ្ជាក់ថា ដើម្បីបន្តដំណើរការការដ្ឋានជួសជុលប្រាសាទទៀតនោះ អាជ្ញាធរជាតិអប្សរា បានសម្រេចជ្រើសរើសកម្មករថ្មីចំនួន១១២នាក់មកបម្រើការងារជំនួសវិញ ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ។
បើតាមអាជ្ញាធរជាតិអប្សរា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំងមានកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន២ រយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ លើការជួសជុលប្រាសាទមេបុណ្យខាងលិច ដោយស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ រដ្ឋបាល និងបច្ចេកទេសទាំងស្រុងពីសាលាបារាំងចុងបូព៌ារ ប៉ុន្តែ នៅដើមឆ្នាំ២០១៨ សាលាមួយនេះបានជូនដំណឹងទៅកម្មករអំពីការបញ្ឈប់គម្រោងរបស់ខ្លួន ដោយសារមានបញ្ហាហិរញ្ញវត្ថុ មិនដំណើរការគម្រោងតទៅទៀតបាន៕