កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​កូវីដ​-១៩​ ចំនួន​១២​ករណី​ថ្មី​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណ​ឌីន ថ្លែងក្នុងកិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកផ្ទុកកូវីដ-១៩ ចំនួន១២ករណីថ្មីផ្សេងទៀត។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញ​នៅថ្ងៃនេះ ឱ្យដឹង​ ១១ករណី​ថ្មីរកឃើញ​លើបុរស​ខ្មែរ​ឥស្លាម​​ចំនួន​១១នាក់ដែល​ទើបត្រលប់មកពីចូលរួមក្នុងពិធីសាសនានៅម៉ាឡេស៊ី និងបុរសខ្មែរម្នាក់ទៀត​ទើប​មក​ពីប្រទេស​ថៃ។​ បុរសខ្មែរឥស្លាម​ទាំង១១នាក់​គឺស្ថិតនៅក្នុងចំណោម​មនុស្ស៧៩នាក់​ដែល​ទៅចូលរួម​​ពិធីសាសនានៅម៉ាឡេស៊ីកាលពីចុងខែកុម្ភៈកន្លងទៅ។​

ប្រភពដដែលឱ្យដឹង ២ករណីត្រូវបានរកឃើញនៅភ្នំពេញ ២ករណីនៅបន្ទាយមានជ័យ ២ករណីនៅកំពង់ឆ្នាំង ៤ករណីនៅបាត់ដំបង ១ករណី​នៅកំពត និងមួយករណីទៀតនៅខេត្តត្បូងឃ្មុំ​។ បច្ចុប្បន្ន អ្នកទាំង១២នាក់ត្រូវ​ដាក់ឱ្យព្យាបាល​នៅមន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យខេត្តបាត់ដំបង មន្ទីរពេទ្យខេត្តកែប និងមន្ទីរពេទ្យពញាក្រែក។

ក្រសួងសុខាភិបាល អះអាងថា ​កំពុងតាមដាន​អ្នកប៉ះពាល់​ជាមួយបុរសទាំង១២នាក់នេះ ក៏ដូចជាបន្តស្វែងរក​ក្រុម​ខ្មែរឥស្លាម​ដែល​ទៅចូល​រួម​ពិធីសាសនានៅម៉ាឡេស៊ីនោះផងដែរ។​

គិតត្រឹម​ព្រឹកថ្ងៃទី​១៧ ខែមីនានេះ កម្ពុជារកឃើញ​អ្នកផ្ទុក​កូវីដ-១៩ សរុបចំនួន​២៤ករណី ដែល​រួមមានជនជាតិ​ខ្មែរ និងខ្មែរឥស្លាម​ចំនួន១៦នាក់ និង​ជនបរទេសចំនួន​៨នាក់ ដែល​ក្នុងនោះ ជនជាតិចិនម្នាក់​ត្រូវបាន​ព្យាបាល​ជាសះស្បើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ