អ្នក​មាន​ជម្លោះ​ដី​ធ្លី​ជាង​៣០០​នាក់​នៅ​កោះកុង ប្រមូល​ផ្តុំ​មុខ​តុលាការ​ខេត្ត​គាំ​ទ្រ​តំណាង​ខ្លួន​៣​នាក់​

ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុងជាង៣០០នាក់ បានប្រមូលផ្តុំគ្នាមុខសាលាដំបូងខេត្ត ដើម្បីគាំទ្រតំណាងខ្លួនចូលបំភ្លឺនៅតុលាការ លើសំណុំរឿងអ្នកស្រី ឆាយ វី លួចលក់ដីសហគមន៍។ (ផ្ដល់ឱ្យ)

ពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុង អះអាងថា ពួកគាត់ជាង៣០០នាក់បានប្រមូលផ្តុំគ្នាមុខសាលាដំបូងខេត្តនៅថ្ងៃនេះ ដើម្បីគាំទ្រតំណាងរបស់ពួកគេ៣នាក់ ដែលចូលបំភ្លឺនៅតុលាការពាក់ព័ន្ធជម្លោះដីធ្លី។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ តំណាងពលរដ្ឋ៣នាក់មានអ្នកស្រី ផាវ ញ៉ឺង អ្នកស្រី សេង លីន និងអ្នកស្រី ខន ផុនត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក អ៊ុន សុវណ្ណធានី កោះហៅឱ្យចូលបំភ្លឺជាលើកទី២ នៅថ្ងៃទី១៧ ខែមីនានេះ ពាក់ព័ន្ធសំណុំរឿងបរិហារកេរិ៍្តទៅតាមបណ្តឹងរបស់អ្នកស្រី ឆាយ វី ដែលជាអតីតតំណាងរបស់ពួកគេ។

តំណាងពលដ្ឋ៣នាក់ត្រូវបានអ្នកស្រី ឆាយ វី​ ប្តឹងទៅតុលាការ ក្រោយតំណាងទាំងបីនាក់នោះចោទថា អ្នកស្រី ឆាយ វី បានឃុបឃិតគ្នាលួចលក់ដីសហគមន៍ទៅឱ្យឧកញ៉ានៅខេត្តកោះកុង។

ពលរដ្ឋម្នាក់ កញ្ញា ប៊ុន លាង មកពីសហគមន៍១៧៥គ្រួសារនៅឃុំជីខលើ ស្រុកស្រែអំបិល ដែលប្រមូលផ្តុំមុខតុលាការនៅថ្ងៃនេះ មានប្រសាសន៍ថា កញ្ញាមកគាំទ្រ និងលើកទឹកចិត្តដល់តំណាងពលរដ្ឋ៣នាក់ដែលចូលបំភ្លឺនៅតុលាការ ដោយសារតំណាងទាំង៣នាក់នោះ មិនមានកំហុសដូចការចោទប្រកាន់នោះទេ។

កញ្ញា ប៊ុន លាង បន្ថែមថា អ្នកស្រី ឆាយ វី ដែលជាដើមបណ្តឹង ពិតជាបានឃុបឃិតគ្នាលួចលក់ដីរដ្ឋដែលនៅសេសសល់ទៅឱ្យឧកញ៉ាមែន។

កញ្ញាបន្ថែមថា៖ «ខ្ញុំ និងក្រុមពលរដ្ឋដែលមកទាំងអស់នេះ គឺមកដោយចិត្តឯង អត់មានអ្នកណាជួល ឬប្រមូលបក្ខពួកឱ្យមកគាំទ្រនោះទេ។ យើងគាំទ្រគាត់ទាំងបីនាក់នោះ ដោយសារគាត់ជាមនុស្សស្អាតស្អំ។ គាត់មិនមែនដូចមនុស្សដែលគេចោទ គេប្តឹងនោះទេ។ ផ្ទុយទៅវិញ អ្នកដែលប្តឹងពួកគាត់ទាំង៣នេះ គឺគេបានលួចលក់ដីជាច្រើនហិកតា ប៉ុន្តែ មិនត្រូវបានតុលាការចាត់វិធានការនោះទេ»

តំណាងពលរដ្ឋមកពីសហគមន៍១៩៧គ្រួសារ អ្នកស្រី ដេត ហួរ ដែលកំពុងជាប់បណ្តឹងនៅតុលាការដែរនោះបានស្នើទៅតុលាការខេត្តកោះកុង ទម្លាក់ចោល អត់ចាត់ការរាល់សុំណុំរឿងរបស់ប្រជាពលរដ្ឋមានជម្លោះដីធ្លី។

តំណាងពលរដ្ឋរូបនេះបន្តថា អ្នកស្រីនាំគ្នាមកគាំទ្រ និងឃ្លាំមើលការសាកសួររបស់តុលាការលើតំណាងពលរដ្ឋ៣នាក់នោះ គឺដោយសារតំណាងពលរដ្ឋទាំង៣នាក់នោះក៏ជនរងគ្រោះដីធ្លីដូចគ្នា ហើយថា តំណាងទាំងនោះក៏សកម្មក្នុងការជួយដល់ពលរដ្ឋរងគ្រោះដីធ្លីក្នុងខេត្តដូចគ្នា។

អ្នកស្រីបន្ថែមថា៖ «តំណាង៣នាក់នោះ គាត់និយាយអ្វីដែលត្រូវការពិត។ គាត់អត់មាននិយាយអ្វីលើសពីគាត់ឃើញ គាត់លឺទេ។ និយាយពីរឿងអ្នកលួចលក់ដី មិនត្រូវបានតុលាករចាត់វិធានការទេ និងត្រូវបានអ្នកលួចលក់ដីគឺអ្នកស្រី ឆាយ វី ប្តឹងគាត់ទៅវិញ។ អីចឹងថ្ងៃនេះ យើងមកគាំទ្រ យើងមកមើលថា តើតុលាការក្តីបានល្អត្រឹមត្រូវ ឬអត់»

កាលពីថ្ងៃទី២៦ ខែកុម្ភៈ អតីតតំណាងពលរដ្ឋ១៧៥គ្រួសារ អ្នកស្រី ឆាយ វី មានប្រសាសន៍ថា ការចោទប្រកាន់របស់សកម្មជនដីធ្លីទាំង៣នាក់នោះលើរូបគាត់ គឺបានធ្វើឱ្យប៉ះពាល់ដល់កិត្តយសរបស់អ្នកស្រី ដោយថា អ្នកស្រីមិនបានលួចលក់ដីរដ្ឋ ឬដីសហគមន៍ដូចការចោទប្រកាន់ឡើយ។

អតីតតំណាងពលរដ្ឋរូបនេះ បានទាមទារឱ្យតំណាងទាំង៣នាក់នោះបង្ហាញភស្តុតាង និងបានស្នើឱ្យចាត់វិធានការផ្លូវច្បាប់។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំលក់ដីរដ្ឋនៅចំណុចណា សូមយកភស្តុតាងមកបង្ហាញតុលាការ? ហើយរកឈ្មោះឧកញ៉ា​ណាអ្នកទិញ និងរកឈ្មោះបុគ្គល ក ខ ណាដែលទទួលសិទ្ធិពីខ្ញុំ សូមឱ្យពួកគេរកឱ្យឃើញ»

តំណាងពលរដ្ឋម្នាក់ដែលត្រូវចូលឆ្លើយបំភ្លឺមុខតុលាការនៅថ្ងៃនេះ អ្នកស្រី ផាវ ញ៉ឺង ប្រាប់វីអូឌីថា អ្នកស្រីបានត្រៀមឯកសារ និងត្រៀមខ្លួនរួចហើយ ដើម្បីឆ្លើយប្រាប់ទៅតុលាការ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយនូវអ្វីដែលខ្ញុំមិនបានប្រព្រឹត្តបទល្មើស ហើយគេចោទប្រកាន់ខ្ញុំអីចឹង។ ខ្ញុំនឹងជំរាបទៅតុលាការ ដើម្បីឱ្យតុលាការចុះពិនិត្យ និងស្រាវជ្រាវដល់ទីតាំងដែលមានការឃុបឃិតផ្សំគំនិតលួចលក់ដីរដ្ឋនៅសល់ពីការចែកឱ្យពលរដ្ឋ១៧៥គ្រួសារហ្នឹង»

ពាក់ព័ន្ធករណីនេះ មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ប៉ែន វុទ្ធា ក៏ធ្លាប់បានស្នើទៅតុលាការឱ្យចុះស៊ើបអង្កេតស្រាវជ្រាវ និងធ្វើការដោយឯករាជ្យ​ មានតម្លាភាព ដើម្បីផ្តល់យុត្តិធម៌ដល់ភាគីទាំងសងខាង។

លោកបន្ថែមថា៖ «តុលាការត្រូវតែធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនភាគីទាំងសងខាង។ អ្វីសំខាន់ ភាគីដែលរងបណ្តឹងនៅតុលាការនេះ តាមការអះអាង គឺពួកគាត់ចង់ការពារដីដែលនៅសល់ហ្នឹងជាទ្រព្យសម្បត្តិរួម។ អីចឹង តុលាការគួរតែពិចារណា និងធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ មុននឹងចាត់វិធានការផ្លូវច្បាប់ណាមួយ»

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមពលរដ្ឋ១៧៥គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានប្តឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដោយចោទប្រកាន់អ្នកស្រី ឆាយ វី អតីតតំណាងពួកគេថា បាន«ញុះញង់ឱ្យប្រជាពលរដ្ឋលក់ដីសេសសល់បំរុងទុករបស់សហគមន៍»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ