ក្រសួង​សុខា​ភិបាល​អំពាវនាវ​ដល់​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជួយ​ព្យាបាល​​អ្នក​ឆ្លង​​កូវីដ-១៩​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណ​ឌីន ថ្លែងក្នុងកិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រសួងសុខាភិបាលអំពាវនាវដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធនឹងវីរុសកូវីដ-១៩ ដោយថា ពួកគាត់អាចទៅចុះឈ្មោះនៅក្រសួងផ្ទាល់ ឬទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម។

ក្នុងសេចក្តីជូនព័ត៌មានបស់ក្រសួងសុខាភិបាល ចុះផ្សាយកាលពីម្សិលមិញថា កម្ពុជាបានរៀបចំជាស្រេចនូវឧបករណ៍ សម្ភារបរិក្ខារ ធនធាន និងមធ្យោបាយ ដើម្បីឆ្លើយតបជាយថាហេតុចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា។

ប៉ុន្តែ ក្រសួងអំពាវនាវទៅក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងលោកគ្រូ អ្នកគ្រូពេទ្យ ដែលមានបំណងស្ម័គ្រចិត្តផ្សេងទៀត អាចចូលរួមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ត្រូវទៅចុះឈ្មោះនៅក្រសួងសុខាភិបាលជាន់ផ្ទាល់ដី ស្ថិតនៅដីឡូតិ៍លេខ៨០ វិថីសម្តេច ប៉ែន នុត (២៨៩) រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាមរបស់លោក ហ៊ុយ ឆេងតារាភ័ក្រ្ត តាមទូរសព្ទលេខ ០៧៦ ៨៨៨ ៩១១៨។

ក្រសួងបញ្ជាក់ថា ក្រោយពីចុះឈ្មោះ គ្រូពេទ្យស្ម័គ្រចិត្ត នឹងទទួលការបណ្តុះបណ្តាលបន្ថែមនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលមានទីតាំងនៅក្នុងបរិវេណក្រសួងសុខាភិបាល។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និងជាអគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ក្រសួងមិនទាន់មានតួលេខថា មានគ្រូពេទ្យប៉ុន្មាននាក់ដាក់ពាក្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅឡើយ។ ប៉ុន្តែ លោកស្រី បញ្ជាក់ថា នៅពេលទទួលបានព័ត៌មានអ្វីថ្មីទៀត លោកស្រីនឹងជំរាបជូននៅពេលក្រោយបន្តទៀត។

​អ្នក​ស្រា​វជ្រាវ​ពីការ​អភិវឌ្ឍសង្គម លោក មាស នី មានប្រសាសន៍ថា លោកគាំទ្រការជូនដំណឹងរបស់ក្រសួងដែលអំពាវនាវ​ជ្រើសរើសពេទ្យស្ម័គ្រចិត្តឱ្យបានច្រើន ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ។

លោក មាស នី បញ្ជាក់ថា ដំណាក់កាលនេះគ្រូពេទ្យរដ្ឋ និងឯកជនត្រូវសហការគ្នា ទើបទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ មានប្រសិទ្ធភាពខ្ពស់។

លោកមានប្រសាសន៍​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ «ដល់ពេលដែលត្រូវប្រើកម្លាំង ចាប់ដៃគ្នា ធ្វើការងារជាមួយគ្នា ទាំងវិស័យឯកជន ទាំងវិស័យរដ្ឋ ធ្វើម៉េច​ផ្តល់ព័ត៌មានទៅគ្នាទៅវិញទៅមក ហើយជាពិសេស ត្រូវយកចិត្តទុកដាក់នៅតំបន់ណាដែលជាប្រភពដើមមួយ គឺត្រូវតែផ្តល់ឱ្យពិតនូវទីកន្លែងណាមួយឱ្យល្អិត យ៉ាងហោចណាស់ យើងក៏បានស្គាល់នូវលទ្ធផលនៃការជួបជុំគ្នានៅគ្រាមានអាសន្ន នេះមិនមែនជារឿងនយោបាយទេ ហើយវាមិនមែនជារឿងមួយនយោបាយទេ ជារឿងបច្ចេកទេសទាំងស្រុង​»។

កន្លងមក ក្រសួងសុខាភិបាលបានរៀបចំកន្លែងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពទ្យគន្ធបុប្ផាភ្នំពេញ មន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប និងនៅមន្ទីរពេទ្យខេត្តទាំង២៤។

លើសពីនេះទៀត ក្រសួងបានពិភាក្សាជាមួយអាជ្ញាធររាជធានីភ្នំពេញ ពង្រីកបន្ថែមអគារថែទាំព្យាបាល ដែលមានចំណុះ១០០គ្រែបន្ថែមទៀត នៅអតីតមណ្ឌលសុខភាពចាក់អង្ក្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារតែមានអ្នកស្នើសុំពិនិត្យធ្វើតេស្តច្រើន។ នៅថ្ងៃនេះ ក្រសួងក៏បាន​ប្រកាសផងដែរថា ​នឹងយកសណ្ឋាគារ Great Duke ធ្វើ​ជាមន្ទីរពេទ្យសម្រាប់ដាក់អ្នក​ផ្ទុក​កូវីដ-១៩​នេះដែរ។

គិតត្រឹម​ព្រឹកថ្ងៃទី​១៧ ខែមីនានេះ កម្ពុជារកឃើញ​អ្នកផ្ទុក​កូវីដ-១៩ សរុបចំនួន​២៤ករណី ដែល​រួមមានជនជាតិ​ខ្មែរ និងខ្មែរឥស្លាម​ចំនួន១៦នាក់ និង​ជនបរទេសចំនួន​៨នាក់ ដែល​ក្នុងនោះ ជនជាតិចិនម្នាក់​ត្រូវបាន​ព្យាបាល​ជាសះស្បើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ