កម្ពុជារកឃើញ​មនុស្ស៩នាក់​ទៀតផ្ទុកកូវីដ-១៩

ស្លាកទីស្តីការក្រសួងសុខាភិបាល ដែលមានទីតាំងនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ (VOD)

ក្រសួងសុខាភិបាល​បាន​ប្រកាសពីការរកឃើញមនុស្ស៩នាក់ផ្សេងទៀតមាន​ផ្ទុកកូវីដ-១៩ ដែលនាំឱ្យការរកឃើញ​អ្នកផ្ទុក​វីរុសនេះនៅកម្ពុជាកើនដល់​៣៣ករណី។

តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលដែល​ចេញ​នៅយប់នេះ ៦ករណីត្រូវបានរកឃើញ​លើបុរសខ្មែរឥស្លាម​ដែល​ទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី និង​៣ករណីទៀត​រកឃើញលើបុរស​ជនជាតិម៉ាឡេស៊ី។

ក្រសួងសុខាភិបាល​ឱ្យដឹងថា ១ករណីត្រូវបានរកឃើញនៅខេត្តសៀមរាប ២ករណីនៅសង្កាត់​ច្រាំងចំរេះ រាជ​ធានី​ភ្នំពេញ ១ករណីនៅស្រុកកំពង់ត្រលាច ខេត្ត​កំពង់ឆ្នាំង ៣ករណី​នៅខេត្តកែប និង១ករណី​ទៀតនៅស្រុក​ក្រូច​ឆ្មារ ខេត្តត្បូងឃ្មុំ​ និង១ករណីទៀតនៅខេត្តកោះកុង​។ បច្ចុប្បន្ន អ្នកទាំង៩នាក់ត្រូវ​ដាក់ឱ្យព្យាបាល​នៅមន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តសៀមរាប​ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យខេត្តកោះកុង មន្ទីរពេទ្យ​ខេត្តកែប និងមន្ទីរពេទ្យពញាក្រែក។

គិតមកត្រឹម​ម៉ោង៩យប់ថ្ងៃនេះ ក្រសួងសុខាភិបាល​រកឃើញមនុស្ស១៩នាក់ក្នុងចំណោម​មនុស្ស​៧៩នាក់​ដែល​​ធ្វើ​ដំណើរត្រលប់មកពីចូលរួម​ពិធីសាសនានៅម៉ាឡេស៊ី​កាលពីចុងខែកុម្ភៈ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ខ្លួនបាននិង​កំពុងតាមដាន​អ្នកប៉ះពាល់​ជាមួយបុរសទាំង៩នាក់នោះ ក៏ដូចជា​បន្តស្វែងរក​ក្រុម​ខ្មែរឥស្លាម​ដែល​ទៅចូល​រួម​ពិធីសាសនានៅម៉ាឡេស៊ីនោះផងដែរ។​

ជាមួយគ្នានេះដែរ ក្នុងលិខិត​ដាច់ដោយឡែក​មួយដែលចេញនៅថ្ងៃនេះ ​រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ស្នើទៅ​អភិបាល​នៃគណៈអភិបាល​រាជធានី-ខេត្ត​ ឱ្យផ្អាកការប្រគុំ​តន្រ្តី​នៅតាម​ទីធ្លាសាធារណៈនៅទូទាំង​ប្រទេស​ចាប់​ពីថ្ងៃទី១៧ ខែមីនានេះ រហូតដល់​ពេល​ជំងឺកូវីដ-១៩ បាន​ធូរស្រាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ