លោក ម៉ម ប៊ុនហេង អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជឿ​ជាក់​​រដ្ឋា​ភិបាល​​ក្នុង​ការ​ប្រយុទ្ធ​នឹង​កូវីដ-១៩​

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្តនៃមេរោគកូវីដ-១៩ នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ (ពៅ មេត្តា)

រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ លោក ម៉ម ប៊ុនហេង បាន​អំពាវនាវឱ្យពលរដ្ឋទាំងអស់រក្សាភាពនឹងនរក្នុងចិត្តកុំមានការភ័យខ្លាច និងជឿជាក់លើរដ្ឋាភិបាល​ក្នុងការប្រយុទ្ធប្រឆាំងនឹង​វីរុសកូវីដ-១៩ បន្ទាប់​ពីក្រសួងបាន​ប្រកាសរកឃើញ​ករណី​អ្នកឆ្លងថ្មី​១២នាក់​ផ្សេងទៀតនៅព្រឹក​នេះ។

លោក ម៉ម ប៊ុនហេង បានលើកឡើងបែបនេះក្នុងសេចក្តីជូនព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញ​នៅថ្ងៃនេះ។

លោកបាន​និយាយក្នុងសេចក្តីជូនព័ត៌មានដដែលថា៖ «ក្រសួងសុខាភិបាល​បន្តអំពាវនាវឱ្យពលរដ្ឋរបស់​យើងថែរក្សាអនាម័យដៃ ខ្លួនប្រាណ ចំណីអាហារ និងបរិស្ថាន​ជុំ​វិញ​ខ្លួនឱ្យបានជាប់​ជាប្រចាំ។»​

រដ្ឋាភិបាល​​បាន​ដាក់​ចេញ​នូវវិធានការជាបន្តបន្ទាប់​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ ដែលក្នុងនោះរួមមាន ផ្អាកមិនឱ្យជនបរទេសមកពីប្រទេសមួយចំនួនដូចជា អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៊ីរ៉ង់​ ចូលប្រទេសកម្ពុជារយៈពេល៣០ថ្ងៃ។ រដ្ឋាភិបាល​ក៏បាន​អំពាវនាវដល់ពលរដ្ឋ និងមិន​អនុញ្ញាតឱ្យមន្រ្តី​ទៅបណ្តាប្រទេសនៅអឺរ៉ុប អាមេរិក និង​អ៊ីរ៉ង់​ទៀតផង។ បន្ថែមលើនេះ រដ្ឋាភិបាល​ក៏បានបញ្ជាឱ្យសាលាទាំងអស់​នៅទូទាំងប្រទេស ​ឈប់សម្រាកជាបណ្តោះអាសន្នទៀតផង។ គិតមកត្រឹមព្រឹក​ថ្ងៃ​ទី​១៧ ខែមីនានេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ-១៩ ចំនួន​២៤ករណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ