ក្រសួងសុខាភិបាលបញ្ជាក់នៅព្រឹកនេះថា មិនមានតម្រូវឱ្យយកលុយពីអ្នកដែលត្រូវធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ទេ ទោះជារកឃើញថា មានផ្ទុក ឬមិនមានផ្ទុកមេរោគដែលកំពុងតែឆ្លងរាលដាលនេះក៏ដោយ។
នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា រាល់ការចំណាយលើការធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ទាំងអស់ គឺជារដ្ឋជាអ្នកចំណាយ។ លោកស្រីក៏បានច្រានចោលចំពោះការផ្សព្វផ្សាយដែលថា អ្នកដែលធ្វើតេស្តរកមិនឃើញមេរោគកូវីដ១៩ តម្រូវឱ្យបង់លុយ។
លោកស្រី ឱ វណ្ណឌីន៖ «យើងអត់មានយកលុយ យកអី១រៀល គឺជាបន្ទុករបស់រដ្ឋាភិបាល»។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនានេះ ក្រសួងបានធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ លើមនុស្ស១១១២នាក់ ក្នុងនោះរកឃើញអ្នកផ្ទុកមានចំនួន៣៥នាក់៕