ពលរដ្ឋ​បារម្ភ​ករណី​ចោរ​ប្លន់​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ ក្នុងខណ្ឌដង្កោ

ពលរដ្ឋធ្វើដំណើរលើបណ្ដោយផ្លូវជាតិលេខ៣ ម្ដុំសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ (ប៉ោ មករា)

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅត្រង់ចំណុចសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្ហាញក្ដីបារម្ភ បន្ទាប់ពីមានករណីចោរប្លន់ម៉ូតូនៅតាមបណ្ដោយផ្លូវជាតិនេះជាបន្តបន្ទាប់។

ប្រជាពលរដ្ឋរស់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ លោក ប៉ោ មករា ប្រាប់វីអូឌីនៅថ្ងៃនេះថា សកម្មភាពចោរប្លន់ម៉ូតូនៅតាមបណ្ដោយផ្លូវជាតិលេខ៣ បានកើតឡើងបន្តបន្ទាប់ ចាប់ពីខែមករា ឆ្នាំ២០២០។ លោកបន្តថា កន្លែងដែលក្រុមចោរតែងតែធ្វើសកម្មភាពឆក់ និងប្លន់អ្នកដំណើរ គឺមានបីកន្លែង។  

លោកថា៖ «វានៅចន្លោះភូមិព្រែកកី ​ហើយនិងវត្តស្លែងហ្នឹង។ មួយទៀត ​ចុះពីការ៉ាស់សាំង PTT ចោមចៅមក មានរោងចក្រមួយ​ទុកចោលនៅនោះ មានមួយក្រុមទៀត ហើយមកជិតដល់ស្រុកកណ្ដាលស្ទឹង មានមួយក្រុមទៀត»។ ​

លោក មករា បន្តថា សកម្មភាពប្លន់កើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ញឹកញាប់ ដោយសារ ផ្លូវដែលកំពុងសាងសង់នេះ មិនមានភ្លើងបំភ្លឺ ហើយក៏មិនមានសមត្ថកិច្ចចុះល្បាតទៀត។ លោកបន្តថា បច្ចុប្បន្ន ពួកគាត់ដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៣ មិនហ៊ានធ្វើដំណើរយប់ឡើយ ដោយព្រួយបារម្ភពីសុវត្ថិភាព។

លោកថា៖ «[អាជ្ញាធរ] គាត់គួរដាក់ភ្លើងបំភ្លឺផ្លូវឱ្យវាភ្លឺ អ៊ីចឹងពួកហ្នឹងវាលែងហ៊ានធ្វើសកម្មភាព [ប្លន់] ជួនកាលកន្លែងទាំងអស់ហ្នឹង ពួកគាត់ជួបជុំគ្នាជក់ថ្នាំ នៅពេលពួកគាត់ញៀន ពួកគាត់ចាប់ផ្ដើមធ្វើការហ្នឹង [ប្លន់]។ មួយទៀត សូមឱ្យអាជ្ញាធរដាក់គ្នាយាម ព្រោះអីខ្ញុំជិះតាមផ្លូវហ្នឹង អត់ឃើញមានប៉ូលីស មានអីឈរយាមទេ»។

ពលរដ្ឋម្នាក់ទៀតរស់នៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ អ្នកស្រី ម៉ី ដែលធ្លាប់ត្រូវចោរឆក់កាបូបធ្វើឱ្យដួលបោកនឹងថ្នល់ អះអាងថា អ្នកស្រីលែងហ៊ានជិះម៉ូតូទៅណាមកណាពេលយប់ហើយ ចាប់តាំងមានរឿងនោះកើតឡើង។ អ្នកស្រីស្នើទៅអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យ និងចាត់វិធានការករណីនេះ ដោយថា បច្ចុប្បន្ន ពួកគាត់បារម្ភពីសុវត្ថិភាពខ្លាំង។

អ្នកស្រីថា៖ «ចាប់ពីម៉ោង៧ជាង ទៅម៉ោង​៨ ខ្ញុំចង់ឱ្យគាត់ជិតល្បាតមើល ព្រោះអីវាគួរឱ្យខ្លាចខ្លាំងណាស់ឥឡូវ។ សម្រាប់ខ្ញុំផ្ទាល់ ពេលជួបហេតុការណ៍អ៊ីចឹងហើយ មកដល់ថ្ងៃនេះ ជើងខ្ញុំអត់ទាន់ជាទេ។ ​ខ្ញុំបារម្ភខ្លាំង ព្រោះបងប្អូនខ្ញុំសុទ្ធតែធ្វើការយប់ ​ហើយខាងផ្លូវជាតិលេខ៣ ចាប់ពីម៉ោង៨ គឺ​ស្ងាត់ អ៊ីចឹងងាយស្រួលពួកគាត់ធ្វើការ [ឆក់ ឬប្លន់]»។

អ្នកស្រីបន្តថា នៅពេលចោរឆក់កាបូប គាត់បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរដែរ ប៉ុន្តែ មកដល់ថ្ងៃនេះ អ្នកស្រីថា សមត្ថកិច្ចមិនទាន់រកឃើញក្រុមដែលឆក់កាបូប និងចេញតាមប្លន់អ្នកដំណើរផ្សេងៗឡើយ។

អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប មានប្រសាសន៍ថា គាត់បានទទួលព័ត៌មានករណីចោរឆក់ និងប្លន់ម៉ូតូអ្នកដំណើរពីប្រជាពលរដ្ឋរួចហើយ ដោយលោកស្រីថា អាជ្ញាធរនឹងវិធានការចំពោះរឿងនេះ។

លោកស្រីថា៖ «អធ្យាស្រ័យ បច្ចុប្បន្ន យើងនេះគឺ​ប៉ូលិសប៉ុស្តិ៍​ អធិការខណ្ឌដង្កោ​លោកធ្វើកិច្ចការងារហ្នឹងទាំងអស់ហើយ អត់អីទេ! ចាំខ្ញុំចាត់ការរឿងហ្នឹង»។ ​

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការដែលអាជ្ញាធរយឺតយ៉ាវក្នុងការដោះស្រាយពាក្យបណ្ដឹង និងបញ្ហាសន្តិសុខជូនប្រជាពលរដ្ឋនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើអាជ្ញាធរ​ និងរដ្ឋាភិបាល។

លោកថា៖ «​​ប្រសិនយើងអត់ចាត់វិធានការតាមផ្លូវច្បាប់ ឬអនុវត្តតួនាទីឱ្យបានល្អ​ ធ្វើឱ្យមានការរិះគន់មកដល់ការដឹកនាំរបស់រដ្ឋាភិបាលទៀត អ៊ីចឹងជៀសមិនផុតទេពីបញ្ហាហ្នឹង អ៊ីចឹងចង់មិនចង់​ សមត្ថកិច្ចដែលមានតួនាទីទាំងអស់នៅក្នុងតំបន់ហ្នឹង ត្រូវតែមានការប្រុងប្រយ័ត្ន ចុះល្បាត​ ឬក៏ចាត់វិធានការ ដែលពលរដ្ឋបានដាក់ប្ដឹងមកហ្នឹង តាមចាប់ជនប្រព្រឹត្តិ​ ជនដៃដល់ទាំងអស់ហ្នឹងមកអនុវត្ត​តាមច្បាប់»។

យោងតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិ ក្នុងឆ្នាំ២០១៨ ករណីចោរកម្មទូទាំងប្រទេសមានជាង ៥០០ករណី ដែលកើនឡើងជាង ៣០០ករណី បើប្រៀបធៀបឆ្នាំ២០១៧។​

របាយការណ៍បញ្ជាក់ថា​ ក្នុងចំណោម​ជាង ៣០០ករណីនេះ គឺនៅភ្នំពេញកើនឡើង ២០៤ករណី។ ខណ្ឌនៅភ្នំពេញដែលមានបទល្មើសចោរកម្មច្រើនជាងគេគឺនៅខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌទួលគោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ