បុគ្គលិក​​​​សេវា​កម្ម​​កម្សាន្ត​​​ប្រឈម​​នឹង​​បំណុល​​នៅ​​ចំពោះ​​មុខ​​ក្ដី​​បារម្ភ​​​ជុំ​វិញ​ការ​​រីករាល​​ដាល​​នៃ​​វីរុស ​Covid-19​

ពលរដ្ឋធ្វើដំណើរលើដងផ្លូវមួយកន្លែង ដែលនៅខាងផ្លូវមានហាងខារ៉ាអូខេមួយចំនួនផង ថ្ងៃ១៩ ខែមីនា ឆ្នាំ២០២០។ (ឆពណ្ណ បញ្ញា)

នៅ​មុខ​បន្ទប់​ជួល​មួយ​ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន នារី ៣​នាក់ និង​បុរស​ម្នាក់ កំពុង​ជជែក​គ្នា​​នៅ​ចន្លោះ​ម៉ោងជាង ៩ព្រឹក​ ថ្ងៃ​ទី​១៨ ខែ​មីនា។ នារី​ម្នាក់​ដែល​សុំ​ប្រាប់​ត្រឹម​ឈ្មោះ​​ថា ស្រី​ណេ បាន​ប្រាប់​ថា ជា​រៀង​រាល់ព្រឹក រូប​គាត់​ និង​មិត្ត​ភក្តិ មិន​ដែល​បាន​ក្រោក​នៅ​ចន្លោះ​ម៉ោង​នេះ​​នោះ​ឡើយ ដោយសារ​តែ​នាង និង​មិត្ត​ភក្តិ​ធ្វើ​ការ​នៅ​ក្នុង​​ហាង​ផឹកស៊ី និង​ច្រៀង​កម្សាន្ត​មួយ​កន្លែង (KTV) រហូត​ដល់​ម៉ោង ២ ឬ ៣​ព្រឹក​ឯណោះ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មីនា​​នោះ ស្រីណេ និង​មិត្ត​ភក្តិ បាន​ក្រោក​ពី​ព្រឹក​ព្រលឹម​វិញ ព្រោះ​តែមិន​បាន​ទៅ​ធ្វើការ​ដល់យប់​ជ្រៅដូចសព្វដង ក្រោយ​ពី​រដ្ឋាភិបាល​សម្រេច​ប្រកាស​ផ្អាក​អាជីវកម្ម​ខារ៉ាអូខេ ឬក្លឹប​កម្សាន្ត​ ដែលជាវិធានការទប់ទល់ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី ឬ​ Covid-19 នោះ។

បុរសម្នាក់ធ្វើដំណើរលើដងផ្លូវមួយកន្លែង ដែលនៅទល់មុខហាងខារ៉ាអូខេមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ ១៩ មីនា ២០២០)

អង្គុយ​លើ​រាន​ហាល​ស្ថិត​នៅ​មុខ​បន្ទប់​ជួល និង​ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​សម្រាប់​គេង​នៅ​ឡើយ​នោះ ស្រីណេ វ័យ ២៣​ឆ្នាំ ដែល​​ប្រាប់​ថា ​ជា​អ្នក​កំដរ​ភ្ញៀវ​ផឹក​ស៊ី និង​ច្រៀង​រាំ​នៅ​ក្នុង​ខារ៉ាអូខេ​មួយ​ ​នៅ​ផ្លូវ​២៧១​នោះ។ ​ស្រីណេ និង​មិត្តភក្ដិ កំពុង​ជជែក​គ្នា​ជាមួយ​មិត្ត​ភក្តិ​អំពី​ការ​រីករាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី និង​ផល​ប៉ះ​ពាល់​មក​លើ​ជីវភាព​រស់​នៅ។

កញ្ញា ស្រីណេ និយាយ​ថា៖ «ធម្មតា ពេលថ្មើនេះ [ម៉ោង១០ព្រឹក​] ម្ដុំបន្ទប់អស់នេះ​ អត់ទាន់​មានអ្នកក្រោកទេ ព្រោះធ្វើការយប់ស្ទើរតែទាំងអស់គ្នាហ្នឹង។ ខ្លះសឺវីស ខ្លះចាប់​ទឹក​កក ខ្លះចាំបន្ទប់ ខ្លះនាំភ្ញៀវ ខ្លះមេការអ៊ីចឹងទៅ។ យប់ម៉ិញ អ្នកខ្លះ​ធ្វើការ តែពួក​ខ្ញុំបួននាក់នេះ មេគាត់​ប្រជុំ​ឱ្យផ្អាកធ្វើការតាំងពីល្ងាចម្សិលម៉ិញ ទើបភ្ញាក់ពីព្រឹក​បាន។ និយាយគ្នាមួយព្រឹកនេះ តែរឿងស្អី​កូរ៉ូណាហ្នឹង។

ស្រីណេ អះអាងថា គាត់​បាន​ចូល​បម្រើការងារ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​នេះ​អស់​រយៈ​ពេល ៣​ឆ្នាំ​មក​ហើយ និង​ទទួល​បាន​ប្រាក់​ខែ​ត្រឹម​តែ ៩០​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ នាង​ប្រាប់​ថា ជីវភាព​របស់​នាង​ពឹង​ផ្អែក​ខ្លាំង​លើ​លុយ​ធីប​ពី​ភ្ញៀវ ដែល​នាង​អាច​រក​បាន​ចន្លោះ​ពី ៥០០ទៅ ៦០០​ដុល្លារ​ក្នុង​មួយ​ខែៗ។

ស្រីណេ ប្រាប់ថា ពេលនេះ នាង​លែងសង្ឃឹមបានចំណូលដូចមុនទៀតហើយ ក្រោយ​ខារ៉ាអូខេបានបិទទ្វារ ហើយ​ថៅកែរបស់ខ្លួនបានបើកប្រាក់ខែ ១ខែ​ចុងក្រោយឱ្យបុគ្គលិក និងប្រាក់បន្ថែមម្នាក់ៗ ៥០ដុល្លារទៀត​ក្នុងរយៈពេលផ្អាកការងារនេះ។

កញ្ញា ស្រីណេ និយាយ​ថា​៖ «លុយបន្តិចប៉ុណ្ណឹងហ្នឹង ចាយអស់អាលូវហើយ ផ្ទះជួលថ្លៃ ទឹកភ្លើង ​ធ្វើការមួយ​គែៗ​ដូចលលក។ ឥឡូវបិទ​អស់ ដាច់បាយបណ្ដោយ។ ​បើ​គេបិទ​មួយខែ ឬ២ខែអីទៅ យើងអាចត្រៀមទប់បាន តែមិនដឹងពេលណា ​អ៊ីចឹងកុន​ហើយ»

បុរស​ម្នាក់​វ័យ ៣១​ឆ្នាំ និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ដោយ​បារម្ភ​ប៉ះ​ពាល់​ដល់​ការងារ​របស់​គាត់​នោះ បាន​ប្រាប់​ថា លោក​បាន​បម្រើការងារ​ក្នុង​ឧស្សាហកម្ម​នេះ​អស់​រយៈ​ពេលជិត ៩​ឆ្នាំ​មក​ហើយ ហើយ​សព្វថ្ងៃ​នេះ​ លោក​ជា​មេការ​នៃ​អាជីវកម្ម​ខារ៉ាអូខេ​មួយ​កន្លែង​ស្ថិត​នៅ​ម្ដុំ​សង្កាត់​ផ្សារដើមថ្កូវ ដែល​មាន​បុគ្គលិក​បម្រើការងារ​ទាំង​អស់​ជាង ១០០​នាក់។

បុរស​រូប​នេះ​ប្រាប់​ថា ថៅកែ​អាជីវកម្ម​ខារ៉ាអូខេ​​ដែល​លោក​គ្រប់​គ្រង បាន​សម្រេច​ផ្អាក​ដំណើរ​ការ​ទៅ​តាម​សេចក្ដី​ណែនាំ​របស់​​រដ្ឋាភិបាលហើយ​ចាប់​តាំង​ពី​ម្សិល​មិញ​នេះ ហើយ​បុគ្គលិក​នារី​បម្រើ​ការ​នៅ​ទីនោះ នឹង​ទទួល​បាន​ប្រាក់​ខែ​នៅ​ជិត​ចុង​ខែ​នេះ ។

មេការ​ខារ៉ាអូខេ​​រូប​នោះ ប្រាប់​ថា​៖ «បុគ្គលិក​ទាំងអស់​ហ្នឹង​ទៅស្រុកកំណើតរៀងៗខ្លួន។ ខ្ញុំសួរ​ថៅកែដែរ គាត់ថា នឹងបើកលុយឱ្យនៅថ្ងៃម្ភៃ​ជាងអ៊ីហ្នឹង។ បញ្ហាហ្នឹង យើងទើបតែជួបលើក​ទី១ អ៊ីចឹងយើងអត់ដឹងដែរ អត់ដែលមានប្រវត្តិបិទខេធីវីរយៈពេលវែងអ៊ីចឹង។ យ៉ាងច្រើន យើង​បិទតែពីរ​បីថ្ងៃភ្ជុំ ឬចូលឆ្នាំអីហ្នឹង»

តួលេខដែលផ្តល់ដោយអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភក្តិ ឱ្យ​ដឹងថា សព្វថ្ងៃ​នេះ កម្ពុជាមានមណ្ឌលកម្សាន្តមនុស្សពេញវ័យ​ចំនួនជិត ១ ៣០០ (១ ២៩៣)កន្លែងនៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ខែមីនាឆ្នាំនេះ ក្នុងនោះមាន ខារ៉ាអូខេ ​(KTV) ចំនួន ១ ០៨៤​កន្លែង ក្លិបឌីស្កូតែក ​(Club Disco) ចំនួន ១០៩​កន្លែង​  អាជីកម្មរង្គសាល (Night Club) ចំនួន ១៦​កន្លែង អាជីវកម្មបៀរហ្កាឌិន​ ចំនួន ៨៤​កន្លែង ដែល​ផ្ដល់​ការងារ​​ ១៨ ៣៨១​កន្លែង​សម្រាប់​ពលរដ្ឋ​កម្ពុជា។

សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) ប្រកាសថា បុគ្គលិកកម្មករដែលធ្វើការងារ​នៅ​ក្នុង​ឧស្សាហកម្ម​កម្សាន្តនេះ មានរហូតដល់ជាង ៨ម៉ឺន​នាក់នៅទូទាំងប្រទេស ដែលរាប់ចាប់ពីអ្នកសម្អាតរហូតដល់បុគ្គលិកគ្រប់គ្រង។

ប្រធានអង្គការគណនេយ្យភាពសង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាលចាំបាច់ត្រូវប្រើប្រាស់ថវិកាជាតិ ដើម្បីជួយអន្តរាគមន៍ជាមូលដ្ឋានចំពោះ​ស្ថានភាពជីវភាពកម្មករនិយោជិតទាំងអស់ដែលបាត់បង់ចំណូល ដោយ​សារឥទ្ធិពលកូវីដ១៩នេះ។

លោក សន ជ័យ ប្រាប់​ថា​៖ «បារម្ភពីការរាលដាល ការបិទនេះមិនមានអ្វីដែលអាក្រក់នោះទេ តែរដ្ឋត្រូវជួយគិតគូរដល់ម្ចាស់អាជីវកម្មដែលជួលអគារ និង​ជួយទំនុកបម្រុង​បុគ្គលិកដែលធ្វើការនៅទីនោះក្នុងដំណាក់កាលអន្តរកាលនេះ ព្រោះពួកគេអាចប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរ ដូចជាថ្លៃជួលផ្ទះ និង​ថ្លៃអាហារ ជាដើម។ ពួកគាត់​បង់ពន្ធដែរ មានតែយកថវិកាជាតិហើយ»

អ្នក​បម្រើការ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ជាប់​ផុង​ក្នុង​បំណុល

មិន​ត្រឹម​តែ​បាត់​បង់​ចំណូល​នោះ​ទេ ការ​បិទ​ឧស្សាហកម្ម​កម្សាន្ត​នេះ​ ដោយសារ​តែ​ក្ដី​បារម្ភ​អំពី​ការ​រីក​រាល​ដាល​នៃ​វីរុស Covid-19 នេះ ក៏​ចាប់​បង្ខំ​​បុគ្គលិក​មួយ​ចំនួន​នៅ​​ក្នុង​វិស័យ​នេះ ប្រឈម​មុខ​នឹង​បញ្ហា​បំណុល​ដែល​ត្រូវ​សង​ត្រឡប់​ទៅ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ផង​ដែរ។

ពលរដ្ឋធ្វើដំណើរលើដងផ្លូវមួយកន្លែង ដែលនៅទល់មុខហាងខារ៉ាអូខេមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ ១៩ មីនា ២០២០)

កញ្ញា យូលីន ដែល​សុំមិន​បញ្ចេញ​ឈ្មោះកន្លែងធ្វើការរបស់ខ្លួន​នោះ ប្រាប់​ថា នាង​ជា​បុគ្គលិកអ្នកនាំភ្ញៀវ​ធ្វើការនៅក្នុង​ខារ៉ាអូខេ និងក្លឹបកម្សាន្ត​មួយនៅ​ភ្នំពេញ។ តាម​រយៈបទសម្ភាសន៍ដល់វីអូឌីតាមរយៈទូរសព្ទ កញ្ញា យូលីន ប្រាប់ថា​ កន្លែង​ធ្វើការ​របស់កញ្ញាខ្សត់ភ្ញៀវរយៈពេលជិត ១ខែមកហើយ។ កញ្ញាប​ន្តថា បញ្ហាកាន់ធំ​ គឺ​នៅពេលដែលព្យួរការងារហើយ គ្មានចំណូលចិញ្ចឹមជីវិត និង​ជាពិសេស​ត្រូវ​ដោះ​​បំណុលធនាគារទៀតផង។

កញ្ញា យូលីន និយាយ​ថា​៖ «មានបង! មានបង់ឱ្យគេ ព្រោះតែជំពាក់គេ ទើបប្រឹងធ្វើការងារ។ ឥ​ឡូវ​មានផលវិបាកបែបហ្នឹង អាលូវមិនដឹងធ្វើយ៉ាងម៉េចទេ មានតែការរង់ចាំ​(ពេល​ចូលធ្វើវិញ)។ ចង់​ឱ្យរាជរដ្ឋាភិបាលជួយពួកខ្ញុំ។ ពួកខ្ញុំអត់ចំណូល​ បើលោ​តែធ្លាក់​ខ្លួនឈឺទៀត ​មិន​ដឹង​យ៉ាងណាទេ។ ខាងរោងចក្រគេមានលុយឧបត្ថម្ភ ​ខាង​ពួកខ្ញុំ​នេះអត់មានអីទេ។

អ្នកគ្រប់គ្រង​ KTV នៅម្ដុំ​បឹងត្របែក ដែលសុំលាក់អត្តសញ្ញាណដែរ​ ព្រោះ​តែ​មិន​ចង់​ឱ្យ​ប៉ះ​ពាល់​ដល់​អាជីវកម្ម​ថៅកែ​របស់​លោក​នោះ ប្រាប់ថា កម្មករបាត់ចំណូល ខណៈ​ថៅ​កែបាត់ចំណូល ប៉ុន្តែ ថៅកែនៅខ្វល់រឿងពន្ធដារផ្សេងៗ ​ប្រាក់ជួលអគារ​ជាដើម។ លោកថា លោក​មានការអាណិតបុគ្គលិកកម្មកររបស់ខ្លួនទាំងជាង ១០០នាក់ ដែលបាត់បង់ការងារនោះ​ណាស់។

អ្នកគ្រប់គ្រង KTV ប្រាប់​ថា​៖ «សុទ្ធតែជារឿងដែលគ្រប់គ្នាកំពុងព្រួយបារម្ភ។ បុគ្គលិកដែល​អត់​ការងារធ្វើហ្នឹង ក៏ពួកគាត់ព្រួយបារម្ភ​រឿងបំណុលធនាគារ អ្នកខ្លះជួលផ្ទះនៅ បង់រំលោះផ្ទះ រំលោះទូរសព្ទ ម៉ូតូ។ វាច្រើនរឿងណាស់។ ពួកគាត់កំពុងមានហានិភ័យចំពោះរឿងហ្នឹង។ ក្ដីបារម្ភ​ហ្នឹង ពួកគាត់អត់​ដឹងថា ថ្ងៃណាទើប KTV បើកវិញណា!»

ក្នុង​សេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១៧ ខែ​មីនា សហព័ន្ធសហជីព CFSWF ​បានបង្ហាញ​ការ​សាទរ​ចំពោះ​ចំណាត់ការរបស់រាជរដ្ឋាភិបាល ដែល​បិទ KTV ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។

ទោះជាយ៉ាងណា សហជីពក៏​បាន​ស្នើទៅ​រដ្ឋាភិបាលឱ្យ​ចាត់វិធានការមួយចំនួន ដើម្បីជួយសង្គ្រោះបុគ្គលិកកម្មករក្នុង​វិស័យនេះ ដែលរួមមាន​ស្នើឱ្យផ្ដល់ហិរញ្ញវត្ថុសម្រាប់ការហូបចុកប្រចាំថ្ងៃ​រហូត​ដល់​បញ្ហាកូវីដ១៩បិទបញ្ចប់ គាំទ្រការព្យាបាលជំងឺតាមរយៈបេឡាជាតិរបប​សន្តិ​សុខសង្គម និងពិនិត្យលទ្ធភាពពន្យារការសងប្រាក់មីក្រូហិរញ្ញវត្ថុ និងធនាគារ ជា​ដើម។

ប្រធានសហព័ន្ធសហជីព CFSWF កញ្ញា អ៊ូ ទេព​ផល្លីន ប្រាប់ថា កម្មករនិយោជិតវិស័យនេះ មានប្រាក់ខែមិនទៀងទាត់ទេ អ្នកខ្លះស៊ីប្រាក់ខែគោល អ្នកខ្លះធ្វើការយកលុយធីប។ កញ្ញាបញ្ជាក់ថា រាជ​រដ្ឋាភិបាលត្រូវចេញអន្តរាគមន៍បន្ទាន់ច្បាស់លាស់​ និងទាន់ពេលវេលា ដើម្បី​ជួយគាំទ្រដល់បុគ្គលិកកម្មករក្រៅប្រព័ន្ធទាំងអស់។

កញ្ញា អ៊ូ ទេពផល្លីន​ ប្រាប់​ថា៖ «និយាយតែអំពីបិទ តែអត់និយាយ​ពីការគាំទ្រទៅដល់​កម្មករ​និយោជិតហ្នឹងក្នុងរូបភាពបែបណា ទម្រង់បែបណានោះទេ។ គ្នាប្រាក់ខែតិច ហើយអត់មានការគាំទ្រការហូបចុកទៀត តើគ្នាទៅរស់នៅក្នុងស្ថានភាពបែបណ?»

ប្រតិបត្តិករហិរញ្ញវត្ថុនៅកម្ពុជា ដែលមានសមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមធនាគារនៅកម្ពុជា បានចេញវិធានការមួយចំនួន ដែលរួមមានការបន្តផ្តល់ឥណទាន ការប្រើអាកប្បកិរិយាទន់ភ្លន់ក្នុងការទារបំណុល និងតាមដានការវិវត្តនៃមេរោគកូវីដ១៩ ជាដើម។

នាយកប្រតិបត្តិ​​នៃ​សមាគមមីក្រូហិរញ្ញវត្ថុ  លោក ផល វ៉ាន់ឌី ប្រាប់ថា វិស័យ​មីក្រូ​ហិរញ្ញវត្ថុ មិន​អាច​ពន្យារ​ការសងប្រាក់ ឬលើកលែងការបង់​ការប្រាក់ ឬ​ប្រាក់ដើម ជូនអតិ​ថិជនទេ ព្រោះវិធីនេះមិនអាចទៅរួច និងប៉ះពាល់ធំធេងដល់វិស័យនេះទាំងមូល។ លោកថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ​នឹងប្រើគោលនយោបាយរបស់ខ្លួន​រៀងៗខ្លួន ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ប្រឈមណាមួយជាមួយអតិថិជន ដោយការយោគយល់​ខ្ពស់ក្នុង​ពេល​ដែលកម្ពុជាកំពុង​ជួបប្រទះជំងឺកូវីដ១៩នេះ។

លោក ផល វ៉ាន់ឌី មាន​ប្រសាសន៍​ថា​៖ «ប្រាក់ដែល​ឱ្យអតិថិជនខ្ចីនោះ ជាប្រាក់របស់អ្នកដទៃទេ ប្រាក់របស់អតិថិជនដទៃ និងប្រាក់ដែលគាត់ [ស្ថាប័ន MFI] ពីគេ។ ស្ថាប័ននោះត្រូវបង់ការប្រាក់ គាត់ត្រូវមានកាតព្វកិច្ចដូច​អតិថិជនយើងដែលខ្ចីពីគាត់ដែរ គឺយើងអត់ចង់ឱ្យមានអ្នកណាកេងពីអ្នកណាទេ ដើម្បីឱ្យយើង​អាចឆ្លងផុតការលំបាកនេះទាំងអស់គ្នា»

លោក វ៉ាន់ឌី បន្ត​ថា៖ «ការពិនិត្យលទ្ធភាពសម្រួលដល់ការសងហ្នឹង ស្ថាប័ន​នីមួយៗនឹងពិនិត្យឱ្យ​អស់លទ្ធភាព ដើម្បីសម្រួលបញ្ហាអតិថិជនហ្នឹង។ ករណីដែលអតិថិជន​ជួបការលំបាកណាមួយ យើងក៏អាចកត់ត្រា ហើយស្វែងរកដំណោះស្រាយជាមួយគ្រឹះស្ថានដែរ»

រដ្ឋាភិបាល​​មិន​អាច​ចាប់​បង្ខំ​វិស័យ​ហិរញ្ញវត្ថុ​​​ជុំ​វិញ​បំណុល​របស់​ពលរដ្ឋ

មជ្ឈមណ្ឌលកម្សាន្តទាំងអស់នោះ រួមទាំងរោងភាពយន្តផង ត្រូវរាជរដ្ឋាភិបាលសម្រេចឱ្យបិទចាប់ពីថ្ងៃទី១៧ ខែ​មីនា តាមសំណើរបស់ក្រសួងសុខាភិបាល ដើម្បីទប់ទល់នឹងការរីករាលដាលនៃមេរោគកូវីដ១៩។

វីអូឌីមិនទាន់បានទទួលចម្លើយពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងអ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ទេ ជុំវិញសំណើសុំអន្តរាគមន៍​ចំពោះករណីកម្មករ​និយោជិត​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ដែល​ត្រូវផ្អាកការងារ។

អគ្គនាយកបច្ចេកទេសធនាគារជាតិ អ្នកស្រី ជា សេរី បាន​សរ​សេរ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ធនាគារ​កណ្ដាល​កម្ពុជា​នេះ មិន​មានយន្តការ​តម្រូវ​ឱ្យ​មីក្រូហិរញ្ញវត្ថុបញ្ចុះអត្រាការប្រាក់ ឬពន្យារការបង់ប្រាក់​សង​ត្រឡប់ទៅវិញ​ក្នុងពេលកូវីដ១៩ វាយលុកនោះទេ។

អ្នកស្រីបញ្ជាក់ថា៖ «នៅបរទេសគេធ្វើបាន ព្រោះរដ្ឋគេចេញខាតជំនួសតាមរយៈ​ការមិនយកពន្ធ ឬ​វិធានការផេ្សង​ៗ​។ យើងអាចបង្ខំឱ្យធនាគារធ្វើបាន លុះត្រា​តែធនាគារ​ទទួលផលប្រយោជន៍អី្វមួយពីរដ្ឋវិញ។ បើយើងជាអ្នករកស៊ី ហើយ​រដ្ឋឱ្យយើងលក់ថោកជាងធម្មតា ដោយមិនចេញខាតឱ្យ ក៏យើងមិនសុខចិត្តដែរ។ ការទាមទាឱ្យមានវិធានការជាលក្ខណៈទូទៅ មិនរើសមុខ ​ក្នុងការពន្យារការយកការប្រាក់ ឬប្រាក់ដើម ក៏មិនអាចធ្វើបានដែរ ព្រោះត្រូវចំណាយធន​ធានធំណាស់ដើម្បីធ្វើការងារនេះ»

ធនាគារជាតិកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដើម្បីបន្ធូរបន្ថយការចំណាយជាបន្ទុករបស់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា បង្កើនដើមទុនសម្រាប់ផ្ដល់ឥណទានបន្ថែម និងកាត់បន្ថយការប្រាក់ដែលត្រូវបង់ចូលធនាគារជាដើម។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​ប្រកាស​ថា ការ​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី បាន​កើន​ឡើង​ដល់​ចំនួន ៣៧​ករណី​ហើយ ​គិត​ត្រឹម​យប់​ថ្ងៃ​ទី​១៨ ខែ​មីនា ក្នុង​នោះ​​ពលរដ្ឋ​កម្ពុជា ២៤​នាក់។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ​ករណី​ឆ្លង​វីរុស​នេះ​ស្ទើរតែ​ទាំង​អស់ ត្រូវ​បាន​នាំ​ចូល​បរទេស លើក​លែង​តែ​ករណី​បុរស​ខ្មែរ​ម្នាក់​នៅ​ខេត្ត​សៀមរាប ដែល​បាន​ឆ្លង​នៅ​ក្នុងស្រុក​ពី​បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​នេះ​ក្រោយ​វិល​ត្រឡប់​ទៅ​ដល់​ប្រទេស​ជប៉ុន។

ក្រោយ​ពី​ការ​រីក​រាល​ដាល​នៃ​វីរុស Covid-19 នេះ កើន​ឡើងលឿន​ដល់​ទៅ ៣​ដង​ក្នុង​សប្ដាហ៍​នេះ កញ្ញា ស្រីណេ ប្រាប់ថា នាង​ក៏​ព្រួយ​បារម្ភ​ខ្លាច​ឆ្លង​វីរុស​នេះ​ផង​ដែរ ហើយ​នាងក៏ត្រូវការការជួយឧត្ថម្ភផ្សេងទៀតដែរ។

កញ្ញា ស្រីណេ៖ «មិនដឹងម៉េចទេបងអើយ ប៉ុន្មានថ្ងៃនេះផឹកជាមួយភ្ញៀវរហូត ចាំមើលបើមិនស្រួលខ្លួន ចាំទៅពេទ្យ។ តែគិតម្យ៉ាង រឿងអត់លុយទៀត។ ខ្ញុំគាំទ្រឱ្យបិទអ៊ីចឹងដែរ ខ្លាចឆ្លងដែរ តែសុំជួយពួកខ្ញុំផង ម៉ែឪនៅស្រុកជំពាក់ធនាគារទៀត រាល់ថ្ងៃ ពឹងលើខ្ញុំជួយ។ ឥឡូវមិនដឹងបានអីជួយពួកគាត់ទៀតទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ