កសិករ​អះអាង​ថា ស្វាយ​នាំ​ទៅ​វៀតណាម​ធ្លាក់​ថ្លៃ​ដល់​១​គីឡូ​២០០​រៀល​

កសិករកំពុងរៀបចំផ្លែស្វាយយកទៅលក់ ស្ថិតនៅតំបន់ពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

ប្រជាកសិករនៅស្រុកចំនួន២ ក្នុងខេត្តកណ្ដាល បានត្អូញត្អែរពីតម្លៃស្វាយកែវរមៀត ចុះថោកពី ១២០០រៀល មកត្រឹម ២០០រៀលក្នុងមួយគីឡូក្រាម ក្រោយពីវៀតណាមបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ។

កសិកររស់នៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង លោក ហេង លី ប្រាប់វីអូឌីនៅថ្ងៃនេះថា ពេលមុន លក់ស្វាយបាន ១២០០រៀលមួយគីឡូក្រាម ប៉ុន្តែ ចាប់ពីខែមីនាមក តម្លៃស្វាយបានចុះថោករហូតដល់ ២០០រៀលក្នុងមួយគីឡូក្រាម។

លោកថា៖ «​ខែធ្នូ ១២០០រៀល ខែមករា បានតម្លៃ ១០០០រៀល ដល់ខែកុម្ភៈ ខែមីនា ធ្លាក់ៗនៅ ៥០០រៀល ៤៥០រៀល ឥឡូវ ២០០រៀល ក្នុងមួយគីឡូក្រាម»។

លោកបន្តថា តម្លៃស្វាយបានចុះថោកមកដល់ ២០០រៀលក្នុង១គីឡូក្រាម ចាប់តាំងពីឈ្មួញវៀតណាមឈប់ចុះមកទិញ បន្ទាប់ពីមានផ្ទុះជំងឺកូវីដ-១៩។

លោកថា​៖ «តម្លៃ ២០០រៀល គ្រាន់តែឱ្យថ្លៃគេបេះក៏អស់ដែរ វាអត់មានចំណេញអីមកវិញទេ។ [យើង] បេះឱ្យអស់ពីដើមទៅ យើងធ្វើឆ្នាំក្រោយទៀត អត់ចំណេញទេ គឺខាត»។​​ ​

ប្រជាកសិករម្នាក់ទៀតរស់នៅភូមិពោធិ៍អណ្ដែត ឃុំព្រែកស្ដី ស្រុកកោះធំ លោក ជា ច្រឹក លើកឡើងដែរថា កាលពីឆ្នាំមុន គាត់លក់ស្វាយ១គីឡូក្រាម បានតម្លៃជាង ១២០០រៀល ប៉ុន្តែ ឆ្នាំនេះ តម្លៃស្វាយបានចុះថោកខ្លាំង ហើយគ្មានអ្នកទិញទៀត។

លោកបន្តថា ពួកគាត់នាំគ្នាបេះស្វាយលក់ទាំងបង្ខំចិត្ត បើទោះបីជាស្វាយដែលគាត់លក់បានតម្លៃតែ ២០០រៀលក្នុង១គីឡូក្រាមក៏ដោយ។ លោក ជា ច្រឹក ស្នើទៅរដ្ឋាភិបាលឱ្យជួយអន្តរាគមន៍ចំពោះរឿងនេះ ដោយថា តម្លៃស្វាយចុះថោកបានធ្វើឱ្យប៉ះពាល់ជីវភាពគ្រួសារ និងគ្មានប្រាក់សងធនាគារជាដើម។

លោកថា៖ «លក់នេះ គឺលក់ឱ្យបានលុយគ្រាន់នឹងចាយ គ្រាន់ទិញម្ហូបទិញអីហ្នឹង មិនដឹងធ្វើម៉េច។ ប៉ះពាល់វាប៉ះពាល់ហើយ យើងយកថ្នាំមកបាញ់ ជីមកដាក់  ហើយលក់បានថោក»។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ប្រទេសវៀតណាមបានសម្រេចបិទច្រកព្រំដែនឯកតោភាគី ដោយមិនឱ្យមានប្រជាពលរដ្ឋកម្ពុជា និងវៀតណាម ឆ្លងកាត់ ដោយថា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា តម្លៃកសិផលរបស់កសិករបានចុះថោកខ្លាំងជាងឆ្នាំមុនៗ ចាប់តាំងពីមានផ្ទុះជំងឺកូវីដ-១៩មក។ លោកបន្តថា ប្រសិនបើជំងឺកូវីដ-១៩ នៅតែរីករាលដាលបន្តទៀត លោកថា កសិករនឹងជួបបញ្ហាប្រឈមកាន់តែខ្លាំង ជាពិសេសគឺគ្មានប្រាក់បង់ធនាគារ។

លោកថា៖ «គាត់ត្រូវមានបន្ទុកចំណាយ​ទៅលើការសងបំណុលធនាគារ​ ឬក៏មីក្រូហិរញ្ញវត្ថុ នៅពេលដែលគាត់ខ្ចីធ្វើដើមទុន។ អ៊ីចឹង ធ្វើឱ្យ​គាត់ជាប់បំណុលផង មិនអាចលក់​ចេញផង ​ហើយគាត់ក៏មិនមានប្រាក់ទូទាត់ [ការចំណាយផ្សេងៗ​] អាហ្នឹងជារឿងសំខាន់ អាចនឹងធ្វើឱ្យពួកគាត់ធ្លាក់ខ្លួនកាន់តែក្រីក្រ​បន្ថែមទៀត អាចនឹងឱ្យពួកគាត់បោះបង់ចោលការប្រកបមុខរបរ​បែបនេះ​​។ នេះជាអ្វីដែលយើងមើលឃើញទាក់ទងនឹងជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់​ពួកគាត់ធ្លាក់ចុះផងដែរ»។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឱ្យដឹងថា កម្ពុជា-វៀតណាម បានសម្រេចអនុវត្តដំណោះស្រាយចំនួន ៤ចំណុច ដើម្បីដោះស្រាយបញ្ហាកកស្ទះនៃការនាំទំនិញចេញចូលរវាងប្រទេសទាំងពីរ។

ដំណោះស្រាយ ៤ចំណុច ដែលភាគីទាំងពីរសម្រេចបន្ទាប់ពីប្រជុំនោះ មានដូចជា អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលតំបន់ ហើយធ្វើការផ្លាស់ប្ដូរអ្នកបើក និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលតំបន់ ហើយប្ដូរក្បាលឡានសណ្ដោង។

មួយទៀត អនុញ្ញាតឱ្យរថយន្តដឹកទំនិញចូលតំបន់ ហើយធ្វើការផ្ទេរទំនិញ ឬផ្ទេរកុងតែន័រពីរថយន្តភាគីម្ខាងទៅដាក់លើរថយន្តភាគីម្ខាងទៀត និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញពីភាគីវៀតណាមចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវិញ ដោយតម្រូវឱ្យអ្នកបើកស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារវីរុស ដែលអនុញ្ញាតដោយចត្តាឡីស័ក។

សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ដំណោះស្រាយទាំង ៤ចំណុចនេះ នឹងត្រូវអនុវត្តចំពោះគ្រប់ច្រកព្រំប្រទល់ជាប់ខេត្តតៃនិញរបស់ប្រទេសវៀតណាម។

ស្ថិតិ​នៃ​ការ​នាំ​ចេញ​កសិផល​កសិកម្ម​ឆ្នាំ​២០១៩​ ឱ្យ​ដឹង​ថា ​គិត​ត្រឹម​ដើម​ខែ​តុលា​នេះ​ កម្ពុជា​នាំ​ចេញ​ស្វាយ​ប្រមាណ ​៤ម៉ឺន២ពាន់​តោន ទៅ​កាន់​ប្រទេស​វៀតណាម ថៃ និង​សឹង្ហបុរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ