គ ប ម ប្រកាសសហការជាមួយរដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដ១៩

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហែរក្បួនឃោសនាបក្ស ថ្ងៃទី ២២ កក្កដា ២០១៨

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម)  ប្រកាសថា បានត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយរដ្ឋាភិបាល ដោះស្រាយបញ្ហាដែលកើតឡើងដោយសារឥទ្ធិពលមេរោគកូវីដ១៩ រួមទាំងដោះស្រាយបំណុលធនាគារ និងធានាឱ្យមានស្បៀងអាហារគ្រប់គ្រាន់សម្រាប់ពលរដ្ឋ។​

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ គណបក្សនេះបានលើកឡើងគន្លឹះ៥ចំណុចដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រួមមាន ផ្អាកឱ្យពលរដ្ឋបង់បំណុលធនាគារ ផ្តល់លុយដល់ពលរដ្ឋ១នាក់ ៥០០ ០០០រៀលក្នុង១ខែ បង្កើតសមត្ថភាពផលិតផលកសិកម្ម សហការជាមួយរោងម៉ាស៊ីនកិនស្រូវធានាការស្តុកទុកគ្រប់គ្រាន់ និងជួយដល់ក្រុមហ៊ុន សហគ្រាសដែលខាតបង់។​

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ​ បន្ថែមថា គណបក្សលោក បានត្រៀមធនធានមនុស្សរួចរាល់ហើយក្នុងការចូលរួមសហការជាមួយរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាផ្សេងៗទៀត។

លោកថា៖ «យើមិនបានដាក់សំណើជាផ្លូវការទៅកាន់ស្ថានប័ន​​ណាមួយទេ។ ដោយឡែក ការត្រៀមជួយនេះ ​ពួកយើងអាចជួយជាធនធានមនុស្សក្នុងការដោះស្រាយ ​ជាពិសេសវិបត្តិស្បៀង ដោយអាចកើតឡើង ហើយប៉ះពាល់ដល់ប្រជាជនកម្ពុជា។ ការចូលរួមរបស់ពួកយើងនេះ ដោយសារ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺជាគណបក្សដែលមានជំនាញផ្នែកសេដ្ឋកិច្ចមូលដ្ឋាន និងកសិកម្ម ដូច្នេះ ពួកយើងអាចជួយរដ្ឋាភិបាលនៅក្នុងចំណែកនេះតែម្ដង»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា រដ្ឋាភិបាលស្វាមគមន៍ចំពោះការចូលរួមរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ដោយឡែក គោលនយោបាយចំនួន ៥ចំណុចដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ លោកថា រដ្ឋាភិបាលបានត្រៀមរួចរាល់ហើយ។

លោកថា៖ «ដូច្នេះ មិនបាច់គាត់លើក ក៏រាជរដ្ឋាភិបាលធ្វើដែរ។ ចំពោះការសុំរួមសហការ រដ្ឋាភិបាលមិនដែលបានបិទ​ទ្វារ បិទការរួមសហការមិនឱ្យមានចូលរួមពីគ្រប់មជ្ឈដ្ឋានខាងក្រៅទេ ទោះបីរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការមួយដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់នៃការរីករាលដានជំងឺកូវីដ-១៩ ក៏ដោយ។ គណៈកម្មការនេះ នៅតែបើកទូលាយ គឺទទួលយកធាតុចូល​ពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីធ្វើយ៉ាងណាបានជាកម្លាំងសរុបទប់ស្កាត់ជំងឺកូវីដ-១៩នេះ»។

គិតមកដល់ថ្ងៃទី២១ ខែមីនា នេះ កម្ពុជារកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ សរុបចំនួន ៥១នាក់ ក្នុងនោះ មានស្ត្រី ៤នាក់ និងប្រុស ៤៧នាក់។

មនុស្សចំនួន ៥១នាក់ ក្នុងនោះ មានជនជាតិចិនម្នាក់នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ។ ដោយឡែក  អង់គ្លេស ៣នាក់ កាណាដា ១នាក់ ប៊ែលហ្ស៊ិក ១នាក់ បារាំង ២នាក់ ក្នុងនេះមានកូនប្រុសបង្កើតអាយុ ០៤ខែ) ម៉ាឡេស៊ី ១២នាក់ ខ្មែរ ៣១នាក់ (ក្នុងនេះ អ្នកដែលវិលត្រលប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី ២៥នាក់ និងមានស្ត្រី ០២នាក់ មិនបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី) ជាភរិយាឆ្លងពីស្វាមី)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ