ពលរដ្ឋ​សង្ស័យ​ផ្ទុក​កូវីដ​១៩ចោទ​ពេទ្យ​ត្បូង​ឃ្មុំ​ថា បង្ខាំង​ពួក​គាត់​តែ​មិន​យក​ចិត្ត​ទុក​ដាក់​

សកម្មភាពមន្ត្រីត្រួតពិនិត្យកម្តៅរបស់អ្នកដំណើរ។ រូបពីហ្វេសប៊ុកមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។

ពលរដ្ឋមួយក្រុមដែលសង្ស័យថា មានផ្ទុកមេរោគកូវីដ១៩ ចោទក្រុមគ្រូពេទ្យនៅក្នុងខេត្តត្បូងឃ្មុំថា បានបង្ខាំងពួកគាត់នៅមួយក​ន្លែង តែមិនបានយកចិត្តទុកដាក់យកសំណាកទៅពិនិត្យ និងមិនបានផ្គត់ផ្គង់ម្ហូបអាហារដល់ពួកគាត់។​

ពលរដ្ឋមួយក្រុមចំនួន​១០នាក់ ដែលផ្សព្វផ្សាយសាសនាអ៊ីស្លាមនៅក្នុងខេត្តត្បូងឃ្មុំ អះអាងថា នៅថ្ងៃទី១៥ ខែមីនា សមត្ថកិច្ចបានឃាត់ខ្លួនពួកគាត់នៅក្នុងព្រះវិហារមួយកន្លែងនៅភូមិព្រែកគួយ ឃុំមេមត់ ស្រុកមេមត់ ដោយសង្ស័យថា ពួកគាត់មានផ្ទុកមេរោគកូវីដ១៩។​

បុរសម្នាក់ក្នុងចំណោមនោះបញ្ជាក់ថា ក្នុងអំឡុងពេលដែលបង្ខាំងពួកគាត់៤ថ្ងៃចាប់ពីថ្ងៃទី១៥ ខែមីនានោះ ក្រុមគ្រូពេទ្យមិនបានទៅយកសំណាកពិនិត្យ ឬផ្តល់ដំណឹងផ្សេងៗទេ។ ក្នុងអំឡុងពេលនោះ លោកថា ពិបាកក្នុងការរកអាហារបរិភោគ គេមិនឱ្យដើរចេញក្រៅ។​

បុរសផ្សព្វផ្សាយសាសនា៖ «អត់ប្រាប់អត់អីទាំងអស់ ពួកខ្ញុំអត់បានដឹងអីទាំងអស់។ បាយទឹកក៏អត់មានអ្នកណាមើលការខុសត្រូវដែរ តែអ្នកភូមិទេចេះយកនេះយកនោះមកឱ្យ ពិបាកសព្វគ្រប់បែបយ៉ាង»

ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បានច្រានចោលការចោទប្រកាន់នេះ ដោយថា ក្រុមគ្រូពេទ្យមិនបានបង្ខាំងពលរដ្ឋទុកទេ ប៉ុន្តែ លោកថា ពួកគាត់ស្ម័គ្រចិត្តស្នាក់នៅក្នុងវិហារនោះដោយខ្លួនឯង។​

លោកថា៖ «ខាងខ្ញុំរៀបចំនឹងទៅយកពួកគាត់ទាំង៩នាក់ទៀត ​ហើយគាត់ព្រឹកឡើងថា សុំចេញទៅផ្ទះគាត់វិញ ​ពេទ្យនៅក្បែរផ្ទះស្រួល។ យើងរៀបចំនឹងទៅយកហើយ ​គាត់ចេញទៅបាត់​ ពេលគាត់ទៅបាត់ យើងក៏ជម្រាបទៅខាងខេត្តពោធិ៍សាត់ ​ឱ្យចាំទទួលយកសំណាកពីខាងពួកគាត់ផង ព្រោះគាត់ជាអ្នកប៉ះពាល់ផ្ទាល់ ជាមួយឈ្មោះ លឹម ម៉ាត់ ដែលមានផ្ទុកកូវីដ-១៩។ យើងអត់មានបង្ខាំងគាត់ទេនៅក្នុងវិហារ ការស្ម័គ្រចិត្តធ្វើខ្លួនគាត់ក្នុងហ្នឹង យើងមិនមែនធ្វើទេ ប៉ុន្តែ លឹម ម៉ាត់ ហ្នឹងសុំឱ្យធ្វើតេស្តគាត់ ហើយចាំធ្វើតេស្តអ្នកទាំងអស់ហ្នឹង»។

តាមក្រុមអ្នកផ្សព្វផ្សាយសាសនាទាំងនោះ បញ្ជាក់ថា ពួកគាត់បានមកខេត្តពោធិ៍សាត់ហើយ និងកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យមួយកន្លែងបន្តមួយសប្តាហ៍ទៀត ទោះលទ្ធផលបង្ហាញនៅថ្ងៃនេះថា ពួកគាត់ទាំងអស់គ្នាមិនមានផ្ទុកមេរោគកូវីដ១៩ក៏ដោយ ព្រោះពួកគាត់ធ្លាប់ប៉ះពាល់ជាមួយក្រុមការងារម្នាក់ជាអ្នកផ្ទុកមេរោគ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ