លោក ស ខេង សម្រេចបង្កើតគណៈកម្មការបង្ការនិងទប់ស្កាត់ការឆ្លងជំងឺCOVID-19

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តស្នាយសរ ស្ថិតនៅភូមិព្រៃខ្លា និងភូមិពោធិសាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ដែលកំពុងរីករាលដាលទូទាំងពិភពលោករួមទាំងនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ក្នុងសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ឱ្យដឹងថា គណៈកម្មការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជាប្រធាន និងមានអនុប្រធានអចិន្ដ្រៃយ៍០១រូប និងអនុប្រធាន១៧រូប រួមទាំងសមាជិក១៦រូបផ្សេងទៀត។

សេចក្ដីសម្រេចដដែលបញ្ជាក់ថា គណៈកម្មការនេះ មានតួនាទី និងភារកិច្ច ដូចជា រៀបចំផែនការសកម្មភាព និងផ្សព្វផ្សាយគោលការណ៍ណែនាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល ដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិ ក្រសួងមហាផ្ទៃទាំងអស់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ក្រៅពីរៀបចំផែនការ និងផ្សព្វផ្សាយ គណៈកម្មការនេះ ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពរបស់ក្រសួងមហាផ្ទៃ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ១៩ ​និងធ្វើការតាមដានស្ថានភាពវិវត្តនៃការរីករាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

ការបង្កើតគណៈកម្មការនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន ៥១នាក់ នៅក្នុងខេត្តចំនួន១២ និងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ