លោក អូស្មាន ហាស្សាន់ អំពាវនាវឱ្យពលរដ្ឋខ្មែរឥស្លាមថ្វាយបង្គំនៅផ្ទះ

ឥស្លាមសាសនិក នៅកន្លែងថ្វាយបង្គំ។ រូបពីសំឡេងឥស្លាមកម្ពុជា

ប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីមអំពាវនាវទៅពលរដ្ឋខ្មែរកាន់ឥស្លាមនៅក្នុងប្រទេសកម្ពុជាទាំងអស់ឱ្យថ្វាយបង្គំនៅតាមផ្ទះរៀងៗខ្លួនដោយមិនចាំបាច់មកជួបគ្នាថ្វាយបង្គំនៅវិហារដូចមុនៗទេ​ ដើម្បីទប់ស្កាត់ការរីករាលដានជំងឺកូវីដ-១៩។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃម្សិលមិញ ប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីម លោក អូស្មាន ហាស្សាន់ លើកឡើងថា  ការផ្អាកជួបជុំគ្នាថ្វាយបង្គំនៅវិហារនេះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។   ​​​លោកបន្តថា​  ទោះបីជាពលរដ្ឋខ្មែរឥស្លាមមិនបានទៅ​​​ថ្វាយបង្គំនៅវិហារ​​​​ក៏ដោយ ប៉ុន្តែពលរដ្ឋខ្មែរឥស្លាមទាំងអស់អាចថ្វាយបង្គំនៅផ្ទះរៀងៗខ្លួនបាន ដោយលោកថា ការថ្វាយបង្គំនៅផ្ទះនេះ មិនបានខុសច្បាប់សាសនាឡើយ។

លោកថា៖«ដូច្នេះ សូមអំពាវនាវជាចុងក្រោយ បងប្អូនឥស្លាមដែលរស់នៅកម្ពុជាទាំងអស់ គឺសូមឱ្យប្រតិបត្តិការ​ថ្វាយបង្គំ ឬបំពេញកាតព្វកិច្ចផ្សេងៗ​ ឬថ្វាយបង្គំចង្អាបក៏ដោយ ​គឺថាយើងធ្វើ​តាមផ្ទះ ​ គឺមិនខុសទេ ព្រោះថា ​ច្បាប់របស់ឥស្លាម នៅក្នុងកាលៈទេសៈណាមួយ​​គឺឥស្លាមអាចអនុញ្ញាត ​អាចអនុគ្រោះ អាចលើកលែង ​អត់មានថា លែងអ៊ីចឹងទៅខ្លាចបាប លែងអ៊ីចឹងទៅខ្លាចខុស គឺអត់មានទេ»

លោក អូស្មាន ហាស្សាន់ បន្តថា ពលរដ្ឋខ្មែរឥស្លាមថ្វាយបង្គំនៅតាមវិហារនីមួយៗ ក្នុងមួយថ្ងៃមួយយប់ចំនួន ៥ ដង។   

លោក អូស្មាន ហាស្សាន់ឱ្យដឹងទៀតថា គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ពលរដ្ឋខ្មែរឥស្លាមចំនួន ៧៩នាក់ ដែលត្រឡប់មកពីប្រទេសម៉ាឡេស៊ី គ្រូពេទ្យបានពិនិត្យសុខភាពគ្រប់គ្នា  ដោយក្នុងចំណោមអ្នកទាំង៧៩ នាក់ គឺ មាន ២៣នាក់ ឆ្លងជំងឺកូវីដ-១៩។ លោកបន្តថា សម្រាប់មនុស្សជិត៣០០ នាក់ដែលប្រាស្រ័យទាក់ទងជាមួយអ្នកផ្ទុកកូវីដ-១៩ ចំនួន២៣នាក់នេះគឺ ត្រូវបានក្រសួងធ្វើតេស្ត  រកអ្នកឆ្លងចំនួន ៥នាក់ទៀត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ