មេធាវីលោក កឹម សុខា ស្នើសុំលើកពេល​សវនាការដោយបារម្ភខ្លាចអ្នកចូលរួមឆ្លងកូវីដ-១៩

មេធាវីការពារក្ដីឱ្យលោក កឹម សុខា​ គឺលោក ចាន់ ចេន ប្រាប់អ្នកសារព័ត៌មាន ក្រោយពីចូលការពារក្ដីនៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ករណីរឿងលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។ (ហ៊ី ឆាយ)

ក្រុមមេធាវីលោក កឹម សុខា ស្នើសុំតុលាការលើកពេល​សវនាការ​កូនក្តីរបស់ខ្លួន ដោយ​សារបារម្ភ​ពី​សុវត្ថិភាព​របស់អ្នកចូលរួម​ ខណៈដែលកម្ពុជារកឃើញអ្នក​ផ្ទុក​កូវីដ-១៩ ជាបន្តបន្ទាប់។

យោងតាម​ពាក្យស្នើសុំចុះកាលបរិច្ឆេទថ្ងៃទី​២៣​ ខែមីនា​ ដែល VOD ទទួលបាន​នាព្រលប់​ថ្ងៃនេះ ក្រុម​មេធាវី​របស់​លោក កឹម សុខា បាន​ស្នើសុំ​ឱ្យមាន​ការលើកពេល​សវនាការ​ទៅថ្ងៃក្រោយ​ ដោយ​លើកឡើង​ថា ការ​​ធ្វើ​បែប​​នេះ គឺដើម្បី​ការពារសុវត្ថិភាព​ និង​សុខភាព​សម្រាប់អ្នក​ទាំង​អស់គ្នា​ក្នុងបន្ទប់​សវនាការ​ពីជំងឺ​ឆ្លង​កូវីដ-១៩ ដែលរាជរដ្ឋាភិបាល ​និង​ពិភពលោក​កំពុង​រួម​គ្នា​ប្រយុទ្ធប្រឆាំង​។

លោក​ ចាន់ ចេន ជាមេធាវី​របស់​លោក កឹម សុខា បាន​បញ្ជាក់ថា ​លោក​បាន​​ដាក់លិខិតជូន​តុលាការ​រួច​ហើយ​ ដើម្បី​សុំឱ្យលើកពេល​សវនាការ​ ដោយ​សារមានការបារម្ភ​ពីជំងឺថ្មីនេះ​​ ប៉ុន្តែ​ លោកមិនទាន់ទទួល​បាន​ការ​ឆ្លើយ​តបពីតុលាការនៅឡើយ​ទេមកទល់ព្រលប់ថ្ងៃច័ន្ទនេះ។

លោក ចាន់ ចេន មាន​ប្រសាសន៍ថា៖ «យើង​បាន​ស្នើសុំលើកពេលសវនាការ […] ដោយ​សារតែ​ព្រួយបារម្ភ ហើយក៏ដើម្បីការពារ​សុខភាពទាក់ទិនជំងឺថ្មី(កូវីដ-១៩)នេះដែរ»។

លោក​ ចាន់ ចេន បន្ថែមថា ការ​ស្នើសុំ​នេះ គឺស្របទៅនឹង​វិធានការណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់ការ​រីករាលដាលជំងឺនេះផងដែរ។

​មេធាវី​តំណាងរដ្ឋាភិបាល ​លោក លី ច័ន្ទតុលា ក៏បាន​បញ្ជាក់ប្រាប់ VOD នៅ​ព្រលប់​ថ្ងៃច័ន្ទនេះផងដែរថា លោកពិតជា​ទទួលបាន​ព័ត៌មាន​ស្តីពីការ​ស្នើ​សុំ​របស់ក្រុម​មេធាវីលោក​ កឹម សុខា ឱ្យតុលាការ​លើកពេល​សវនាការទៅថ្ងៃក្រោយ ហើយ​លោកថា ការ​ស្នើសុំនេះគឺជា​ការសមរម្យ​ ប៉ុន្តែ​ ការ​សម្រេចយ៉ាងណានោះ ​លោក​មិន​ទាន់​ប្រាកដនៅឡើយ ដោយរង់ចាំការពិភាក្សានៅថ្ងៃស្អែក​។

លោក​ តុលា មានប្រសាសន៍ថា​៖ «វាគឺជា​ការសមរម្យ​មួយ ហើយ​ស្អែក​​យើងនឹងមាន​ការ​ប្រជុំគ្នា ដើម្បី​ធ្វើ​ការសម្រេច»។

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិដែលត្រូវ​តុលាការកំពូល​រំលាយ​កាលពីចុងឆ្នាំ​២០១៧​នោះ ត្រូវ​បាន​ចោទប្រកាន់ពីបទរួមគំនិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​មា​ន​អាមេរិកនៅពីក្រោយ ប៉ុន្តែ​ ទាំង​លោក ​និង​សហរដ្ឋអាមេរិក​បាន​បដិសេធការចោទប្រកាន់​នេះ។

កាល​ពីថ្ងៃទី​១២ ​ខែមីនា ក្រោយ​បញ្ចប់​សវនាការ លោកប្រធាន​ក្រុម​ប្រឹក្សាជំនុំជម្រះ កូយ សៅ បាន​ប្រកាសថា សវនាការនឹងបន្ត​ធ្វើនៅ​ថ្ងៃទី​២៥ និង​២៦ ខែមីនានេះ។

លោក អ៊ី រិន ជា​អ្នក​នាំ​ពាក្យ​សាលាដំបូងរាជធានីភ្នំពេញ​ បាន​ប្រាប់​ VOD ថា លោកមិន​ទាន់​ដឹងថា លោក​ប្រធាន​ចៅក្រម​ជំនុំជម្រះនឹង​ធ្វើ​ការសម្រេចយ៉ាងណានៅឡើយ​ទេ ហើយ​ថា លោក​នឹង​ជូនដំណឹង​បន្ថែមនៅថ្ងៃស្អែកនេះ​ ប្រសិនបើ​មាន​ការ​សម្រេចយ៉ាងណានោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ