អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលតុលាការកំពុងជំនុំជម្រះក្តី បានផ្ញើសារជាលើកដំបូង ដោយចាត់ទុកសាមគ្គីជាតិ និងអន្តជាតិ ជាការចំបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមថ្មី ឬហៅថា កូវីដ-១៩។
គិតត្រឹមម៉ោងផ្សាយថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលឱ្យដឹងថា បានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន៨៦នាក់ហើយ ក្នុងនោះមានទាំងជនជាតិបារំាង អង់គ្លេស ដែលមកលេងកម្ពុជា ខ្មែរឥស្លាមទើបមកពីចូលរួមប្រារព្ធពិធីសាសនានៅម៉ាឡេស៊ី និងពលរដ្ឋខ្មែរផងដែរ។
ស្ថានភាពនេះ រដ្ឋាភិបាលបានប្រកាសបិទជាបណ្តោះអាសន្ននូវក្លឹបកម្សាន្ត ខារ៉ាអូខេ សាលារៀន និងពិធីជួបជុំបែបសាសនាផ្សេងទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។
លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ជំងឺកូវីដ-១៩ មិនមែនជាបញ្ហារបស់បុគ្គល ឬជាតិសាសន៍ណាមួយនោះទេ វាក្លាយទៅជាវិបត្តិសកលទៅហើយ។
លោក កឹម សុខា ថ្លែងទៀតថា ជំងឺដ៏កាចសាហាវនេះ មិនត្រឹមសម្លាប់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់មនុស្សទូទៅយ៉ាងធ្ងន់ធ្ងរ បើមិនរួបរួមគ្នាប្រយុទ្ធយកឈ្នះលើវាឱ្យបានព្រមៗគ្នា និងឱ្យបានឆាប់រហ័សនោះទេ។
លោក អំពាវនាវឱ្យពិភពលោក ក៏ដូចជាពលរដ្ឋខ្មែរទូទៅសាមគ្គីគ្នា កុំរើសអើងជាតិសាសន៍ ឯកភាពគ្នា ចូលរួមចែករំលែកដោយមេត្តាករុណា ជួយគ្នាទៅវិញទៅមក ប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
លោកសរសេរថា៖ «សូមចូលរួមចែករំលែកដោយសេចក្តីមេត្តា ករុណា ជួយគ្នាទៅវិញទៅមក ជួយសង្គមនិងជួយប្រទេសជាតិ តាមស្មារតី និងតាមលទ្ធភាព ក្នុងស្ថានភាពដ៏អាសន្ននេះ។ សូមជួយលើកទឹកចិត្តនិងកោតសរសើរ ដល់សមត្ថកិច្ចដែលខិតខំប្រឹងប្រែងធ្វើការលះបង់បំពេញការងារដ៏លំបាក និងគ្រោះថ្នាក់នេះ។ សូមកុំបំភ្លៃ កុំបំប៉ោងព័ត៌មាន និងក៏កុំលាក់បាំងព័ត៌មានពិត។ សូមកុំប្រកាន់និន្នាការនយោបាយ និងកុំរើសអើងគ្នាឱ្យសោះ»។
លោក កឹម សុខា ត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួនជាង២ឆ្នាំមកហើយ ទាំងក្នុងពន្ធនាគារ និងនៅក្នុងផ្ទះ ហើយពេលនេះ សំណុំរឿងដ៏ចម្រូងចម្រាសនេះកំពុងបើកការជម្រះក្តីនៅសាលាដំបូងរាជធានីភ្នំពេញ ដែលមហាអំណាចលោកសេរីសហរដ្ឋអាមេរិក អះអាងថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី បង្ហាញការយល់ឃើញថាជាការល្អបើអ្នកនយោបាយខ្មែរគ្រប់និន្នាការចេះសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះអាសន្ននេះ។
លោកថា៖ «បើយើងជាអ្នកនយោបាយនៅតែប្រចាំគ្នា ហើយបន្ទោសគ្នាទៅវិញទៅមក អ្នកដែលស្លាប់គឺពលរដ្ឋខ្មែរ ស្ថិតក្នុងស្ថានភាពបែបនេះ យ៉ាងហោចក៏យើងបានបង្ហាញពីការរួមដៃគ្នាធ្វើ ហើយកាត់បន្ថយភាពងាយរងគ្រោះ កុំឱ្យវាខ្ពស់ពេក»។
លោក មាស នី វិភាគថា សារនេះក៏អាចបង្ហាញឱ្យមតិជាតិ និងអន្តរជាតិ មើលឃើញដែរថា គណបក្សប្រឆាំងមិនប្រឆាំងគ្រប់រឿងរហូតមិនគិតពីផលប្រយោជន៍ជាតិនោះទេ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា វិភាគថា សាររបស់លោក កឹម សុខា ទំនងជាចង់បានការគាំទ្រទៅលើឥទ្ធិពលនៃការចូលរួមដោះស្រាយបញ្ហាដែលប្រទេសជាតិកំពុងជួប្រទេះនេះ។ ប៉ុន្តែ លោកវិភាគថា សារចង់ឃើញចំណងសាមគ្គីជាតិត្រូវស្តារឡើងវិញនេះ នឹងមិនជំរុញការចាប់់អារម្មណ៍ពីមេដឹកនាំបក្សកាន់អំណាចទេ ដោយថា បក្សកាន់អំណាចពេលនេះ អាចជ្រើសរើសយកមហាអំណាចចិនជាដៃគូច្រើនជាង ។
ប៉ុន្តែ អ្នកវិភាគរូបនេះ បង្ហាញការព្រួយបារម្ភថា ការបន្តផាត់សំឡេងប្រឆាំងឱ្យនៅក្រៅឆាកនយោបាយ បញ្ហាប្រឈមរបស់កម្ពុជាអាចនឹងកើនឡើងទ្វេដងពីវិធានការរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលបង្ហាញជំហរគាំទ្រគណបក្សប្រឆាំងនោះ។
លោកថា៖ «វាមិនមែន២០ភាគរយដូចអឺរ៉ុបដាក់ទេ វាអាចដាក់ដល់១០០ភាគរយ ការនាំទិញចូលទាំងស្រុង។ អីចឹង អាហ្នឹងជាហានិភ័យខ្លាំងណាស់។ តែមានការរួបរួមគ្នារវាងអ្នកនយោបាយខ្មែរ អា២០ភាគដែលគេថាបម្រុងនឹងដាក់នៅខែ៨ហ្នឹង អាចនឹងពិចារណា [ដកវិញ]»។
ពាក់ព័ន្ធនឹងបញ្ហាប្រនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានផ្តល់អានុសាសន៍៥ចំនុចទៅរដ្ឋាភិបាល តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៩ ខែមិនា ។
គណបក្សក្រៅរដ្ឋាភិបាលមួយនេះអះអាងថា ដើម្បីដោះស្រាយផលប៉ះពាល់សុខភាព អាយុជីវិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការបាត់បង់ការងារ មុខរបរ ឬប្រាក់ចំណូល និងការប្រឈមនឹងការសងបំណុល រដ្ឋាភិបាលត្រូវសម្រួលដល់ការផ្អាកបង់រំលស់ប្រចាំខែទៅម្ចាស់បំណុល មានធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ។
រដ្ឋាភិបាលត្រូវប្រើប្រាស់មួយចំណែកនៃថវិកាត្រៀម២ពាន់លានដុល្លារ ឧបត្ថម្ភដល់បុគ្គលិកកម្មករដែលអត់ការងារធ្វើ ម្នាក់ៗទទួលបាន៥០ម៉ឺនរៀលក្នុង១ខែ។ រដ្ឋាភិបាលត្រូវសហការជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ រក្សាទុកស្បៀង និងបញ្ចុះតម្លៃអគ្គិសនីដល់ក្រុមហ៊ុន សហភាគ ដើម្បីលើកទឹកចិត្តដល់ការដាំបន្លែ និងចិញ្ចឹមសត្វ ជាដើម៕