សាលា​ឧទ្ធរណ៍​ច្រាន​ចោល​បណ្តឹង​សុំ​​នៅ​ក្រៅ​ឃុំ​​របស់​​អតីត​សកម្ម​​ជន​បក្ស​សង្រ្គោះ​ជាតិ​នៅ​ស្វាយរៀង​

​លោក គង់ ម៉ាស់ សកម្មជនអតីតគណបក្សសង្រ្គោះជាតិ​មួយ​រូប​នៅ​ខេត្ត​ស្វាយរៀង។ រូបភាព៖ ហ្វេសប៊ុក Kong Mas

សាលាឧទ្ធរណ៍នៅថ្ងៃនេះ បានប្រកាសសាលដីកាដោយចាត់ទុកសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែល​មិន​អនុញ្ញាតឱ្យអតីតសកម្មជនបក្សប្រឆាំងនៅខេត្តស្វាយរៀង លោក គង់ ម៉ាស់ នៅក្រៅឃុំ ថានៅតែបានការដដែល។

កាលពីខែកុម្ភៈ ឆ្នាំ២០១៩ មេធាវីការពារក្តីឱ្យលោក គង់ ម៉ាស់ បានដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីស្នើឱ្យសភាស៊ើបសួរនៃតុលាការមួយនេះពិនិត្យឡើងវិញ ចំពោះសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលមិនព្រមដោះលែងកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំជាបណ្តោះអាសន្ន។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ទូច ថារិទ្ធិ មានប្រសាសន៍ថា សាលាឧទ្ធរណ៍សម្រេចមិនដោះលែងលោក គង់ ម៉ាស់ ឱ្យក្រៅឃុំបណ្តោះអាសន្ន គឺក្រោយពីចៅក្រមជំនុំជម្រះពិនិត្យឃើញថា ការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ បានធ្វើឡើងត្រឹមត្រូវទៅតាមផ្លូវច្បាប់ដែលមានឯកសារ និងភស្តុតាងត្រឹម​ត្រូវ​។

លោកបន្ថែមថា៖ «ជាគោលការណ៍ច្បាប់ ប្រសិនជាចៅក្រមជំនុំជម្រះ ដែលគាត់ជាប្រធានក្រុមប្រឹក្សាហ្នឹង គាត់យល់ឃើញថា ការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ ត្រឹមត្រូវទៅតាមច្បាប់ហើយ អាហ្នឹង គាត់តម្កល់ហើយ ព្រោះវាមានភស្តុតាង និងមានឯកសារច្បាស់លាស់គ្រប់គ្រាន់ ព្រោះវាមានទោសនៃការចោទប្រកាន់ពីក្រោមមកហើយ»

មេធាវីការពារក្តីឱ្យលោក គង់ ម៉ាស់ គឺលោក សំ សុគង់ បានបង្ហាញការខកចិត្តចំពោះសាលាឧទ្ធរណ៍ដែលមិនព្រមដោះលែងកូនក្តីរបស់លោកឱ្យ​នៅក្រៅឃុំ ដោយលោកថា ការសម្រេចនេះមិនបានផ្តល់ភាពយុត្តិធម៌ចំពោះកូនក្តីរបស់លោកឡើយ។

មេធាវីរូបនេះបន្តថា កូនក្តីរបស់លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ លោកបន្ថែមថា អ្វីដែលកូនក្តី​របស់​លោកលើកឡើងនោះ គឺជាការសម្តែងមតិ ហើយសំ​ណុំរឿងរបស់លោក គង់ ម៉ាស់ នេះ ក៏ជាប់ពាក់ព័ន្ធរឿងនយោបាយផងដែរ។

លោក សំ សុគង់ បន្ថែមថា ដោយសារតែការសម្រេចនេះមិនអាចទទួលយកបាន ខាងលោកបានពិភាក្សាជាមួយកូនក្តីលោករួចហើយ ថានឹង​ដាក់បណ្តឹងទៅតុលាការកំពូលបន្តទៀត ឱ្យពិនិត្យឡើងវិញចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍។

លោកបន្ថែមថា៖ «សំណុំរឿងនេះ សម្តេចបានមានប្រសាសន៍នៅខេត្តកំពត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថាមិនឱ្យមានការចាប់ចង ឬមិនបន្តឱ្យមានការចាប់ ឬក៏ឱ្យដោះលែងចំពោះអ្នកដែលជាប់ពាក់ព័ន្ធរឿងនយោបាយមានសេរីភាព។ ហើយសំណុំរឿងនេះ វាជារឿងជាប់ពាក់ព័ន្ធនយោបាយ ហើយសាលាឧទ្ធរណ៍គួរតែសម្រេចឱ្យកូនក្តីខ្ញុំមានសេរីភាព ឬរួចពីបទចោទ»

លោក គង់ ម៉ាស់ ជាអតីតសមាជិកក្រុមការងារ​របស់​គណបក្សសង្គ្រោះជាតិ ​ប្រចាំ​នៅ​ខេត្តស្វាយរៀង និងជាអនុប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្ម។​

លោក គង់ ម៉ាស់ ​ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៩ នៅ​ក្នុងហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលការចាប់ខ្លួននោះធ្វើឡើងតែ២​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយពី​​លោក ហ៊ុន សែន ថ្លែង​ព្រមានកម្ទេចក្រុមបក្សប្រឆាំងចោល និងមិនអត់ឱនឱ្យក្រុមនេះ ប្រសិនបើសហគមន៍អឺរ៉ុប និងអាមេរិក ដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ សកម្មជនអតីតបក្សប្រឆាំងរូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ១៨ខែ ពីបទ«ប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាម​មាត្រា៤៩៥ និង មាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។

ពាក់ព័ន្ធការចាប់ខ្លួនសកម្មជន​អតីត​បក្ស​ប្រឆាំង ​លោក គង់ ម៉ាស់ នេះ គឺត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Right Watch) និងអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយចំនួន ចាត់ទុកថា ជាការគំរាមកំហែង និងរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់​ពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ