ករណីអ្នកផ្ទុកកូវីដ-១៩នៅកម្ពុជាកើនដល់៨៧

អ្នករត់ម៉ូតូឌុបម្នាក់ កំពុងចាំភ្ញៀវនៅមុខក្រសួងសុខាភិបាល​នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល​នៅថ្ងៃនេះបាន​ប្រកាសរកឃើញ​អ្នកផ្ទុកកូវីដ-១៩ ចំនួន៣នាក់ទៀតដែល​នាំឱ្យករណីសរុបកើនដល់៨៧។

នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​ដែល​ចេញនៅ​ថ្ងៃទី២៣ ខែមីនា។ ប្រភពដដែល​ឱ្យដឹង​ថា​១ករណីត្រូវបាន​រកឃើញ​លើបុរសជនជាតិខ្មែរវ័យ៤៥ឆ្នាំ នៅឃុំពាមជីកង ស្រុកកងមាស ខេត្ត​កំពង់​ចាម។ បុរសនោះជាអ្នកបានចូលរួមក្នុងពិធីសាសនា​ជាមួយជនជាតិម៉ាឡេស៊ីនៅ​ស្រុកកងមាស​ពីថ្ងៃទី​១២​ដល់ថ្ងៃទី១៦ខែមីនា។ បុរសខ្មែរនោះរស់នៅជាមួយកូនស្រីអាយុឆ្នាំ ដែល​បច្ចុប្បន្នមន្រ្តីសុខាភិបាល​បាន​យកសំណាកទៅពិនិត្យនិងកំពុងរង់ចាំលទ្ធផល។ បុរសនោះត្រូវបានដាក់ដោយឡែកនៅមន្ទីពេទ្យខេត្ត​កំពង់ចាម។

ចំណែក១ករណីទៀតត្រូវបានរកឃើញលើបុរសខ្មែរវ័យ៣៦ឆ្នាំរស់នៅខេត្តកំពត ដែលគាត់បាន​ឆ្លងពីបុរសម្នាក់​ដែលបាន​ទៅចូលរួម​ពិធីសាសនានៅម៉ាឡេស៊ី។ គាត់ត្រូវបានដាក់ព្យាបាលនៅ​មន្ទីរពេទ្យខេត្តកោះកុង។

ដោយឡែកករណីទី៣ ត្រូវបាន​រកឃើញលើស្រ្តីជនជាតិបារាំងវ័យ២៨ឆ្នាំ ដែល​ជាម្តាយ​របស់ទារក​អាយុ៤ខែ ដែល​កំពុងមើលថែកូនមាន​តេស្តវិជ្ជមាន​នៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។

ក្នុងសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បទ​បញ្ជា​ឱ្យ​អភិបាល​ខេត្តទាំងអស់​ត្រូវស្វែងរក​សណ្ឋាគារ ខុនដូរ ឬផ្ទះសំណាក់ ដោយគិតថ្លៃឱ្យម្ចាស់អាជីវកម្មទាំងនោះ និងជម្រើសចុងក្រោយគឺរកសាលារៀនសម្រាប់ជាទីតាំង​ព្យាបាល ឬដាក់អ្នកសង្ស័យឆ្លងកូវីដ-១៩។ នៅថ្ងៃ​នេះ​ដែរ​ក្រុមគ្រូពេទ្យចិន​ចំនួន​៧នាក់ក៏បាន​មកដល់​ប្រទេសកម្ពុជាដើម្បីចែករំលែកបទពិសោធន៍​និងបង្ហាត់​បង្រៀនអំពីការព្យាបាលជំងឺកូវីដ-១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ