រដ្ឋា​ភិបាល​យក​សណ្ឋាគារ និង​ផ្ទះ​សំណាក់​២៨​ធ្វើ​ជា​កន្លែង​ព្យា​បាល​ជំងឺ​កូវីដ​-​១៩​

ពលរដ្ឋធ្វើដំណើរលើផ្លូវម៉ៅសេទុង មុខអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ឬ Great DUKE ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ (ឆពណ្ណ បញ្ញា)

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ អះអាងថា សណ្ឋាគារ និងផ្ទះសំណាក់ចំនួន ២៨កន្លែងនៅទូទាំងប្រទេស ត្រូវបានយកធ្វើជាទីតាំងសម្រាប់ព្យាបាល និងដាក់អ្នកសង្ស័យផ្ទុកជំងឺកូវីដ-១៩ ឱ្យនៅដាច់ដោយឡែក។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ប្រាប់វីអូឌីនៅថ្ងៃនេះថា ទោះបីជាខេត្តខ្លះមានមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពគ្រប់គ្រាន់ហើយក៏ដោយ ប៉ុន្តែ អាជ្ញាធរខេត្តនីមួយៗអាចយកសណ្ឋាគារ និងផ្ទះសំណាក់១ ឬ ២កន្លែងបន្ថែមទៀត ដើម្បីបំរុងទុកសម្រាប់ព្យាបាល និងដាក់អ្នកសង្ស័យផ្ទុកជំងឺកូវីដ-១៩។ 

លោកថា៖ «អ៊ីចឹង ជារួមមក នៅទូទាំងប្រទេសគឺមានផ្ទះសំណាក់ និងសណ្ឋាគារ ចំនួន ២៨កន្លែង ​ក្នុងនោះ សណ្ឋាគារ១៨ និងផ្ទះសំណាក់១០នៅទូទាំងប្រទេស ​បើគិតជាបន្ទប់​មានជាង ១៥០០បន្ទប់​ ដែលអាជ្ញាធរខេត្តហ្នឹង​បានជ្រើសរើស​យកសម្រាប់ជាទីតាំងមួយ ​ទុកដាក់រៀបចំ​ព្យាបាល​​អ្នកជំងឺកូវីដ-១៩ ជាការត្រៀមលក្ខណៈ​ ទោះបីជាខេត្តមិនទាន់មានករណីនេះកើតឡើងក៏ដោយ ប៉ុន្តែ ជាការជ្រើសរើស​ត្រៀមលក្ខណៈសម្រាប់កិច្ចការនេះ»។

ការសម្រេចយកសណ្ឋាគារ ផ្ទះសំណាក់នេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានផ្ញើសារជាសំឡេង ដោយដាក់បទបញ្ជាថ្មីទៅអភិបាលខេត្តទាំងអស់​ឱ្យស្វែងរកសណ្ឋាគារ ផ្ទះសំណាក់ និងអគារមជ្ឈមណ្ឌល​បណ្ដុះបណ្ដាលវិជ្ជាជីវៈមួយចំនួន ទុកសម្រាប់ធ្វើជាទីតាំង​ព្យាបាល ឬដាក់អ្នកសង្ស័យឆ្លងជំងឺកូវីដ-១៩។ 

លោកបញ្ជាក់ថា ការដែលសម្រេចជួលសណ្ឋាគារ ផ្ទះសំណាក់ ធ្វើជាកន្លែងសម្រាប់​ព្យាបាល ឬដាក់អ្នកសង្ស័យឆ្លងជំងឺកូវីដ-១៩នោះ ដោយសារតែនៅទីតាំងខាងលើនេះ មានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង គ្រែ ម៉ាស៊ីនត្រជាក់ និងកង្ហារ ស្រាប់។

លោក ហ៊ុន សែន មានប្រសាសន៍ក្នុងសារសំឡេងនោះថា៖ «អ៊ីចឹង យើងជួលយកមកគ្រប់គ្រង​ មានគ្រែមានអីហើយស្រេច អីចឹងវាជាការងាយស្រួល។ ចំណុចនេះ គឺសុំឱ្យខេត្ត ធ្វើការបន្ទាន់​ទៅលើបញ្ហាហ្នឹង។ រីឯសាលារៀន គឺយើងយក​ ឬយើងធ្វើតែពេលណា​ដែលយើងមិនអាចរកសណ្ឋាគារ ឬរកអាគារបាន សឹមយើងទៅយកសាលារៀន ប៉ុន្តែ ឥឡូវហ្នឹង ដោយសារយើងមានសណ្ឋាគារជាច្រើន​ដែលត្រូវបិទ អត់មានភ្ញៀវ​ អ៊ីចឹង យើងសណ្ឋាគារតែម្ដង ជួលគេ ​ត្រូវចំណាយលុយរបស់យើងជួលគេ​»។

ដោយឡែក អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បដិសេធសំណួរដែលវីអូឌីសួរថា តើមកដល់ពេលនេះ មានសាលារៀនចំនួនប៉ុន្មានហើយ ដែលត្រូវបានយកមកធ្វើជាកន្លែងសម្រាប់ព្យាបាល និងដាក់អ្នកសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩​នោះ? ដោយលោកជំរុញឱ្យមានការផ្សព្វផ្សាយពីការលើកកម្ពស់អនាម័យវិញ។​

លោកថា៖ «ទាក់ទងហ្នឹង​​ការឆ្លើយតបហ្នឹង​ ដូចខ្ញុំបានជម្រាបអ៊ីចឹង​ ជំហរខ្ញុំផ្ទាល់គឺខ្ញុំស្នើសុំឱ្យបងប្អូនអ្នកសារព័ត៌មាន ​មេត្តាយោងខ្លឹមសារ​ដែលក្រសួងអប់រំ​ យុវជន និងកីឡា បានចេញ។ ក្រៅពីនោះ សំណូមពរខ្ញុំ​បង្កើនមុំផ្សព្វផ្សាយលើកកម្ពស់​អនាម័យបុគ្គល​ ក៏ដូចជាគោលការណ៍ថែរក្សាសុខភាព​ចេញពីក្រសួងអប់រំ ក្រសួងសុខាភិបាល ​និងអង្គការសុខភាពពិភពលោក ហើយនិងការអំពាវនាវផ្សេងៗរដ្ឋាភិបាល»។

​អំឡុងពេលថ្ងៃទី២៤ និង២៥ ខែមីនានេះ វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ បាននៅឡើយទេ ពាក់ព័ន្ធនឹងការរៀបចំសម្ភារ និងគ្រូពេទ្យ នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងសាលារៀន បន្ទាប់រដ្ឋាភិបាលសម្រេចយកទីតាំងទាំងនោះធ្វើជាកន្លែងសម្រាប់ព្យាបាល និងដាក់អ្នកសង្ស័យជំងឺកូវីដ-១៩។ អ្នកនាំពាក្យទាំងពីររូបប្រាប់ថា រវល់។​

គិតមកដល់ថ្ងៃទី២៥ ខែមីនា កម្ពុជារកឃើញ​អ្នកផ្ទុក​កូវីដ-១៩ ចំនួន៩៣ករណី​ ដែល​ក្នុងនោះរក​ឃើញ​លើ​ជនជាតិ​ខ្មែរ ៣៥នាក់ បារាំង ៣៦នាក់ ម៉ាឡេស៊ី ១២នាក់ អង់គ្លេស ៥នាក់ កាណដា ១នាក់ ចិន ១នាក់ ប៊ែលហ្ស៊ិក ១នាក់ និងអាមេរិក ២នាក់។ ក្រសួងបញ្ជាក់​ថា ​ក្នុងចំណោម​អ្នកផ្ទុកជំងឺ​កូវីដ-១៩ ទាំងនោះ គឺ មានមនុស្សចំនួន ៦នាក់ ​ត្រូវបានគ្រូពេទ្យព្យាបាលឱ្យ​ជាសះស្បើយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ