វិភាគ៖ ពេទ្យ​ជំនាញ​ចិន​៧​នាក់​អាច​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​កូវីដ​១៩​នៅ​កម្ពុជា​បាន​កម្រិត​ណា?​

ក្រុមគ្រូពេទ្យជំនាញចិន មកពីខេត្តគ័ងស៊ី ប្រទេសចិន មកដល់ព្រលានយន្តហោះអន្តជាតិភ្នំពេញ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​​នៅថ្ងៃ​ចន្ទស​ប្តាហ៍​នេះ ​គ្រូពេ​ទ្យចិ​​ន៧​នា​ក់បា​ន​ម​កដល់ក​ម្ពុ​ជា ​ក្រោ​យពី​កម្ពុជារកឃើញមាន​អ្នក​ផ្ទុក​មេរោ​គ​រលាកផ្លូ​វ​ដង្ហើ​ម​ថ្មី​ ​ឬហៅ​ កូវី​ដ១៩ កើនឡើង ហើយរដ្ឋាភិបាលក៏បានដាក់ចេញផែនការបន្តបន្ទាប់ដែរដើម្បីឆ្លើយតបបញ្ហានេះ​​ រួមទាំងបិទសាលារៀន ការជួបជុំ និងកន្លែងកម្សាន្តផ្សេងៗទៀត។

រដ្ឋាភិបាលបង្ហាញថា គិតត្រឹមថ្ងៃទីពុធនេះ អ្នកផ្ទុកមេ​​​​រោគកូ​វីដ​១៩​ ឡើង​ដល់​ ៩៣នាក់​ហើយ ក្នុង​នោះជ​នជាតិ​កម្ពុ​ជា ៣៥នាក់។

​ការម​កដល់​របស់ក្រុមគ្រូពេទ្យចិន​នេះ ចំពេលប្រទេសវៀតណាម និងថៃ ជាប្រទេសជិតខាងកម្ពុជា ហើយមានប្រព័ន្ធសុខាភិបាលខ្លាំងជាងកម្ពុជានោះ បានប្រកាសបិទព្រំដែនបណ្តោះអាសន្ន ក្រោមហេតុផលទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ។

ក្រុមគ្រូពេទ្យចិនមកពីខេត្តគ័ងស៊ី ប្រទេសចិន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បា​នលើក​ឡើង​ថា ក្រុ​មគ្រូពេទ្យជំនាញ ៧​នាក់​រប​ស់ចិន​ នឹ​ងជួ​យ​បង្ហា​ត់បង្រៀន​អំពី​ការ​ព្យាបាលជំងឺកូវី​ដ១​៩ ​ដល់គ្រូ​ពេទ្យក​ម្ពុជា​។

​លោកថា៖ «ប្រទេសចិន ដែលពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យនោះមកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខារពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីដ​១៩​»។​

តា​មការពន្យ​ល់ពី​ស្ថាប័នជំនាញ​ កូវីដ​១៩ ឆ្ល​ងពីមនុស្សទៅ​មនុស្សតា​មការ​ប៉ះពាល់អ្នក​ផ្ទុកមេរោគ ការធ្វើដំណើររួម​គ្នា ​ពិធីជួបជុំ និងក្លឹបកម្សាន្ត ជាដើម។​

មេរោគនេះ ក្រោយវាឆ្លង វាអាចសម្ងំលាក់​ខ្លួនរ​ហូតជា​ង១​០ថ្ងៃ ​ទើប​បង្ហា​ញ​រោ​គសញ្ញា​ ដែលរយៈពេលនេះ កូវីដ១៩ អាចរាតត្បាតពី​មនុ​ស្សម្នា​ក់ទៅម​នុស្សច្រើនទៀតក្នុងស្ថានភាពស្ងប់ស្ងាត់ ទាំងមិនឱ្យអ្នកផ្ទុកដឹងខ្លួនមុនទៀតផង។

តាមការណែនាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ អ្នកធ្វើដំណើរពីតំបន់ផ្ទុះជំងឺ ត្រូវគ្រូពេទ្យដាក់ឱ្យនៅដាច់ដោយឡែកពីអ្នកដទៃ រយៈពេលយ៉ាងតិច១៤ថ្ងៃ ដើម្បីតាមដាន ។

ជ្រុងមួយទៀតនៃបញ្ហារបស់កម្ពុជា ក្រៅពីរកឃើញអ្នកផ្ទុកមេរោគនេះ​កើ​​នឡើ​ង​​រៀង​រាល់​ថ្ងៃ ដែ​ល​គិតត្រឹ​មម៉ោងផ្សា​យថ្ងៃ​ពុធនេះ ឡើងដល់៩៣ករណីនោះ គឺការសម្រុកចូលយ៉ាងគំហុកពីសំណាក់ពលករខ្មែររាប់រយនាក់ធ្វើការនៅប្រទេសថៃចូលមកកម្ពុជាវិញ ចំពេលដែលថៃប្រកាសអាសន្នពីការរាលដាលនៃជំងឺដ៏កាចសាហាវនេះ ទាំងមិនបានដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ។

សំណួរត្រង់ថា វត្តមានគ្រូពេទ្យជំនាញចិន៧នាក់ អាចទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩នៅកម្ពុជាបានកម្រិតណា?

​​ចម្ងល់នេះ ​អ្នកឃ្លាំ​មើលប​ង្ហាញ​ទស្សនៈយល់ឃើញ​ខុ​សគ្នា។ ​អ្នក​វិភាគ​នយោ​​បាយ​នៅក្រៅ​ប្រទេ​ស លោក គឹម សុខ ហៅ​វត្តមានក្រុ​មគ្រូពេទ្យចិននេះ មិនមែនជាសេណារីយ៉ូដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋកម្ពុជាទេ តែថា ជា​រូប​ភាព​បិទ​បាំង​កំហុស​មេដឹ​កនាំកម្ពុជា​ ពីការណ្តែតបណ្តោយឱ្យផ្ទុះមេរោគនេះ ក្លាយជាអ្នកចេញមុខជួយសង្គ្រោះបញ្ហាប្រទេសជាតិទៅវិញ ។

លោកថា៖ «វីរុសកូវីដ១៩ ក្លាយជាមធ្យោបាយដែលោក ហ៊ុន សែន ប្រើដើម្បីជួយដោះស្រាយរំដោះគ្រោះកម្ពុជាដោយក្រុមគ្រូពេទ្យចិន ក៏ប៉ុន្តែ អាចទាញយកអ្នកជំនាញយោធា និងចារកម្មចិនដាក់អែបគាត់ ក្នុងរូបភាពល្បាយលាយគ្រូពេទ្យ»។

លោក គឹម សុខ រំឭកថា បើរដ្ឋាភិបាលមានឆន្ទៈចង់ទប់ស្កាត់ជំងឺដ៏កាចសាហាវនេះពិតមែន រដ្ឋាភិបាលនឹងមានវិធានការទប់ស្កាត់លំហូរភ្ញៀវទេសចរដែលមកពីតំបន់ផ្ទុះជំងឺនេះតាំងពីដំបូង រួមទំាងលំហូរភ្ញៀវទេសចរចិនផងដែរ។

​ប្រធាន​មជ្ឈ​ម​ណ្ឌល​សម្ព័​ន្ធ​ភាព​ការ​ងារ​ និង​សិ​ទ្ធិមនុស្ស​ ​លោក ​មឿន​ តុលា ​ហៅវ​ត្តមា​ន​គ្រូពេ​ទ្យ​ចិន​មកក​ម្ពុជាពេល​នេះថា​ ជាផ្នែកមួយចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ព្រោះបានចែករំលែកបទពិសោធន៍ដែលប្រទេសចិនជាប្រភពផ្ទុះជំងឺនេះមុនគេ ហើយពេលនេះចិនអាចទប់ស្កាត់បាន។

លោកថា៖ «យើងក៏សង្ឃឹមថា វត្តមានរបស់គ្រូពេទ្យចិនហ្នឹង អាចជួយចែករំលែកបទពិសោធន៍ ឬក៏ជួយបង្ហាញផ្លូវគ្រូពេទ្យស្រុកខ្មែរយើងហ្នឹង ដើម្បីឆ្លើយតបនឹងកូវីដ១៩ហ្នឹង ទាំងការព្យាបាល ទាំងការទប់ស្កាត់អីផ្សេងៗ»។

ប៉ុន្តែ អ្នកឃ្លាំមើលរូបនេះ ផ្តល់ជាយោបល់ថា កម្ពុជាមិនអាចពឹងតែចិន ហើយភ្លេចស្វែងរកការគាំទ្រពីប្លុកលោកសេរីបានទេ ដើម្បីពង្រឹងគុណភាពសុខាភិបាលឱ្យដល់មូលដ្ឋាននៅទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគដែលកំពុងរាតត្បាតនេះ ។

អង្គការសុខភាពពិភពលោក (WHO) ធ្លាប់ចេញសារព្រមានពីហានិភ័យសម្រាប់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលខ្សោយ បើប្រទេសទាំងនោះគ្មានវិធានការត្រៀមបង្ការទប់ស្កាត់ជាមុន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ខណៈកូវីដ១៩ បានពង្រីកខ្លួនជាបន្តបន្ទាប់ឆ្លងរីករាលដាលទៅដល់ប្រទេសរាប់រយលើពិភពលោកនោះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពីធីមួយនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃអង្គារម្សិលមិញ បានថ្លែងថា រដ្ឋាភិបាលមិនមានលទ្ធភាពពិនិត្យសុខភាពពលករចំណាកស្រុកមកពីថៃឱ្យបានដិតដល់ទេ ដោយថា អាជ្ញាធរខេត្តជាប់ព្រំដែនគ្មានលទ្ធភាពរកកន្លែងដាក់ពលរដ្ឋ១៥០០០នាក់ សម្រុកមកពីប្រទេសថៃយ៉ាងគំហុក ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃនោះទេ។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ស ខេង)

លោកថា៖ «បញ្ហារបស់យើង ហានិភ័យនៅត្រង់ហ្នឹង នៅពេលគាត់មកសម្រុកមកយើង […] អត់មានលទ្ធភាពឃុំគាត់១៤ថ្ងៃ មានតែត្រួតពិនិត្យ ហើយធ្វើលិខិតស្នាម »។

លោក មឿន តុលា បង្ហាញការព្រួយបារម្ភថា កម្ពុជានឹងប្រឈមខ្លាំងជាងនេះ បើមិនស្វែងរកជំនួយបន្ថែមពីប្លុកលោកសេរីបន្ថែមទៀត ទាំងផ្នែកបច្ចេកទេស និងថវិកានោះ ដោយថា បទពិសោធនៃការបាត់បង់ការទទួលខុសត្រូវលើការពិនិត្យសុខភាពពេញលេញទៅលើពលករ ១៥០០០នាក់ជាមេរៀនដំបូង ។

លោកថា៖ «ខ្ញុំគិតថា បើយើង (រដ្ឋាភិបាល) នៅតែបើកទ្វារសម្រាប់តែចិន ហើយបិទទ្វារសម្រាប់ប្រទេសផ្សេងៗទៀត រឿងនេះប្រហែលជាយើងពិបាកនឹងមានលទ្ធភាពក្នុងការឆ្លើយតបណាស់។ សូម្បីតែចំនួន ១៥០០០នាក់ហ្នឹងជាចំនួនធំទៅហើយ។ អីចឹង បើសិនជាកម្មករខ្មែរយើង ២លាននាក់សម្រុកចេញពីថៃទៀត អាហ្នឹងរឹតតែធ្ងន់ធ្ងរទៀតហើយ»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌ លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា វត្តមានរបស់គ្រូពេទ្យចិនចំនួន៧នាក់ គ្រាន់តែជាផ្នែកតូចមួយសម្រាប់សម្រាលទុក្ខកម្ពុជាប៉ុណ្ណោះ បើកម្ពុជាខ្វះគ្រូពេទ្យជំនាញសម្រាប់ពង្រាយតាមតំបន់ងាយរងគ្រោះ ខ្វះសម្ភារបរិក្ខារពេទ្យទំនើបៗ រួមទាំងមិនមានលទ្ធភាពរកកន្លែងសម្រាប់ដាក់មនុស្សដែលជាមុខសញ្ញាត្រូវតាមដាន ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនោះ។

លោកថា៖ «គ្រូពេទ្យចិនគាត់មកជួយអីចឹង វាគ្រាន់តែបានមួយផ្នែកមួយតូចទេ គួរណាយើងបណ្តុះបណ្តាលគ្រូពេទ្យយើងនៅក្នុងស្រុក ក្នុងសហគមន៍តាមមន្ទីរពេទ្យបង្អែក និងតាមមន្ទីរពេទ្យខេត្តអីហ្នឹង ឱ្យគាត់ចេះទាំងអស់គ្នា ព្រោះពេទ្យនេះគាត់មកតែប៉ុន្មាននាក់ គាត់មកតែភ្នំពេញ»។

អ្នកជំនាញរបស់​អង្គការសុខភាពពិភពលោក ហៅកាត់ WHO លើកឡើងថា ការចាត់វិធានការបិទប្រទេសមិនឱ្យមានការធ្វើដំណើរចេញចូ​ល ដើម្បីទប់ស្កា​ត់ការរីករាលដាលនៃមេរោគឆ្លងមិនទាន់គ្រប់គ្រាន់ទេ បើ​គ្មាន​វិធាន​ការ​សុខា​ភិបាល​សាធារណៈ​រឹង​មាំ​នៅ​ខាង​ក្នុង​ដើម្បី​ត្រៀម​ទុ​ក​​ជា​​មុន​នោះ​។

នាយកប្រតិបត្តិអង្គការ WHO ទទួលបន្ទុកកម្មវិធីគ្រាអាសន្ន លោក Mike Ryan ផ្តល់ជាអានុសាសន៍ថា ដើម្បីទប់ស្កាត់ការបន្តចម្លងនៃមេរោគឱ្យមានប្រសិទ្ធភាព ចាំបាច់ត្រូវបន្ថែមវិធានការត្រួតពិនិត្យសុខភាពសាធារណជន ដោយស្វែងរកករណីវិជ្ជមានកូវីដ-១៩ឱ្យអស់ ដើម្បីបញ្ចៀសការចម្លងតៗគ្នាទៀតនៅពេលក្រោយ។

នាយកប្រតិបត្តិអង្គការ WHO ទទួលបន្ទុកកម្មវិធីគ្រាអាសន្ន លោក Mike Ryan ប្រាប់សារព័ត៌មាន Reuters រ​បស់អង់គ្លេសនៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។ (FABRICE COFFRINI/AFP)

អ្នកជំនាញសុខភាពពិភពលោករូបនេះ បញ្ជាក់ថា៖ «អ្វីដែលយើងពិតជាចាំបាច់ត្រូវធ្វើនោះគឺ ការស្វែងរកអ្នកជំងឺ និងអ្នកដែលផ្ទុកមេរោគកូវីដ-១៩ ហើយដាក់ពួកគេឱ្យនៅដាច់ដោយឡែក បន្ទាប់មក ស្វែងរកអ្នកដែលប៉ះផ្ទាល់ជាមួយអ្នកទាំងនោះ និងដាក់ពួកគេឱ្យនៅដាច់ដោយឡែកដូចគ្នា»។ 

លោក Ryan បន្ថែមថា ប្រទេសដែលកំពុងរងការរាតត្បាតខ្លាំង គួរយកគំរូវិធានការបស់រដ្ឋាភិបាលចិន សិង្ហបុរី និងកូរ៉េខាងត្បូង ដែលបានអនុវត្តបានដោយជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងការចម្លងថ្មីៗក្នុងប្រទេស ដោយការស្វែងរកតេស្តជនសង្ស័យឆ្លង បន្ថែមពីលើការបិ​ទការធ្វើដំណើរចេញចូលប្រទេស និងតំបន់ផ្ទុះការរាតត្បាត រួមទាំងការជួបជុំផ្សេងៗ។

ចិនបានប្រកាសពីការធ្លាក់ចុះករណីឆ្លងថ្មីរហូតដល់សូន្យករណីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នៅក្រុងវូហាន ទីដែលវីរុសនេះត្រូវបានរកឃើញដំបូង។

យ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានបង្ហើបថា រដ្ឋាភិបាលកំពុងពិចារណាថា នឹងស្នើទៅព្រះមហាក្សត្រដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ