កម្មករ​រោង​ចក្រ​មួយ​នៅ​ផ្លូវ​វេង​ស្រេង​បន្ត​កូដកម្ម​ឱ្យ​ថៅ​កែ​បើក​ប្រាក់​ឈ្នួល​ទៀង​ទាត់​

កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រ ឃែនធើរេន តវ៉ាមិនចូលធ្វើការងារជាថ្មីទៀត ក្រោយថៅកែមិនព្រមធ្វើកិច្ចសន្យាបើកប្រាក់ខែឱ្យបានទៀងទាត់ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ (កម្មកររោងចក្រ ឃែនធើរេន)

កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រ ឃែនធើរេន ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ បានបន្តកូដកម្មក្នុងរោងចក្រមិនធ្វើការងារទៀត​នៅថ្ងៃនេះ ដោយសារថៅកែមិនព្រមធ្វើកិច្ចសន្យាបើកប្រាក់ឈ្នួលទៀងទាត់ជូនពួកគេ។

កាលពីម្សិលមិញនេះ កម្មករ-កម្មការិនីជិត១ពាន់បម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន បានផ្ទុះការតវ៉ា បន្ទាប់ពីថៅកែបើកប្រាក់ឈ្នួលឱ្យពួកគេមិនគ្រប់ និងមានភាពយឺតយ៉ាវ។

កម្មការិនីម្នាក់ អ្នកស្រី សាន់ សុផា ប្រាប់វីអូឌីថា កម្មករបានទាមទារទៅថៅកែគោរពលក្ខខណ្ឌនៃការបើកប្រាក់ឈ្នួលទៀងទាត់ជូនកម្មករ ដោយធ្វើកិច្ចសន្យាជាក់លាក់ ប៉ុន្តែ ថៅកែមិនព្រមធ្វើកិច្ចសន្យានោះ ទើបបណ្តាលឱ្យកម្មករបន្តកូដកម្មនៅថ្ងៃនេះទៀត។

កម្មការិនីរូបនេះ អះអាងថា ថៅកែរោងចក្រ ឃែនធើរេន បើកប្រាក់ឈ្នួលឱ្យកម្មករតែពាក់កណ្តាលប៉ុណ្ណោះ នៃប្រាក់ឈ្នួលបើកលើកទី២ សម្រាប់ខែមីនា និងសល់ពាក់កណ្តាលទៀត សន្យាបើកបង្គ្រប់នៅដើមខែក្រោយ។

អ្នកស្រីបន្ថែមថា៖ «កម្មករកូដកម្មបន្តទៀតនេះ ដើម្បីឱ្យក្រុមហ៊ុនគោរពលក្ខខណ្ឌនៃការបើកប្រាក់ឈ្នួលឱ្យបានទៀងទាត់ចាប់ពីថ្ងៃនេះតទៅ។ ពួកគាត់សុំឱ្យក្រុមហ៊ុនហ្នឹងធ្វើកិច្ចសន្យាជាមួយពួកគាត់ ប៉ុន្តែ ក្រុមហ៊ុនអត់ហ៊ានធ្វើកិច្ចសន្យាជាមួយពួកយើងទេ។ គាត់លើកហេតុចេះចុះរហូត។ អីចឹង គាត់អត់គោរពច្បាប់ផងហ្នឹង។ អីចឹង កម្មករគាត់កូដកម្មទៀតនេះ គឺចង់ឱ្យថៅកែគោរពច្បាប់ការងារនៃប្រទេសកម្ពុជាយើងហ្នឹង»

អ្នកស្រី សាន់ សុផា ឱ្យដឹងថា ថៅកែរោងចក្រ ឃែនធើរេន ដែលជាជនជាតិចិន បានបើកប្រាក់ឈ្នួលឱ្យកម្មករមានភាពយឺតយ៉ាវរយៈពេល៤ខែមកហើយ។

ប្រធានរដ្ឋបាលរោងចក្រ ឃែនធើរេន លោក គីម ប៊ូ មានប្រសាសន៍ថា ករណីថៅកែបើកប្រាក់ឈ្នួលឱ្យកម្មករយឺតយ៉ាវនេះ ដោយសារក្រុមហ៊ុនមានបញ្ហាទីផ្សារ គ្មានអ្នកបញ្ជាទិញ ខណៈដែលវីរុសកូរ៉ូណា ឬ កូវីដ១៩ រីករាលដាលនៅតាមបណ្តាប្រទេសមួយចំនួន។

ប្រធានរដ្ឋបាលរូបនេះបញ្ជាក់ថា ដោយសារបញ្ហាខ្វះទីផ្សារនេះ បានធ្វើឱ្យក្រុមហ៊ុនមានវិបត្តិផ្នែកហិរញ្ញវត្ថុមួយចំនួន មិនអាចបើកប្រាក់ឈ្នួលជូនកម្មករទាន់ពេលវេលា ប៉ុន្តែ យ៉ាងណា លោកថា ក្រុមហ៊ុននឹងខិតខំកៀរគរលុយ ដើម្បីបើកឱ្យជូនកម្មករឱ្យបានគ្រប់ចំនួន។

លោកបន្ថែមថា៖ «ខាងក្រុមហ៊ុន ឥលូវនេះ គាត់ជួបផលលំបាកច្រើនណាស់។ គាត់ជួបផលលំបាករឿងទីផ្សាររបស់គាត់។ ភ្ញៀវ [អ្នកបញ្ជាទិញ] ហ្នឹង បានបង្វិលលុយមកយឺតយ៉ាវដែរ ដោយសាររឿងបញ្ហាជំងឺកូវីដហ្នឹង។ អីចឹង ខាងក្រុមហ៊ុនយើងព្យាយាមណាស់ ដើម្បីដោះស្រាយជូនបងប្អូនកម្មករយើង។ ឥលូវយើងមានថវិកាប៉ុន្មាន យើងបើកជូនប៉ុណ្ណឹងសិន ហើយថៅកែគាត់នឹងបើកបន្តៗឱ្យទាល់តែគ្រប់ចំនួន»

កម្មករអះអាងថា ករណីថៅកែបើកប្រាក់ឈ្នួលឱ្យមិនគ្រប់ និងមិនទៀងទាត់នេះ បានធ្វើឱ្យពួកគេជួបផលលំបាកសម្រាប់ការចំណាយប្រចាំថ្ងៃ និងចំណាយផ្សេងៗ ដូចជា ថ្លៃបន្ទប់ជួល ទឹកភ្លើង កូនរៀន និងបង់សងធនាគារជាដើម។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា ករណីថៅកែបើកប្រាក់ឈ្នួលឱ្យកម្មករមិនគ្រប់ និងមិនទៀងទាត់នេះ គឺជារឿងខុសច្បាប់។

មេសហជីពរូបនេះ បានស្នើទៅក្រសួងការងារ ត្រូវចាត់មន្ត្រីចុះមកដោះស្រាយជាបន្ទាន់ ដើម្បីកុំឱ្យកម្មករជួបការលំបាកលើការចំណាយផ្សេងៗរបស់ពួកគេ។ លោកថា ក្រសួងមិនត្រូវបណ្តែតបណ្តោយឱ្យថៅកែលើកហេតុផលនេះ ហេតុផលនោះ ហើយទុកកម្មករជួបទុក្ខលំបាកនោះទេ។

លោកបន្ថែមថា៖ «យើងមិនអាចឱ្យនិយោជកហ្នឹង គាត់ចេះតែយកលេសអញ្ចេះ យកលេសអញ្ចុះ ក្នុងការពន្យារពេលបើកប្រាក់ឈ្នួលឱ្យកម្មករម្តងថ្ងៃនេះ ម្តងថ្ងៃនោះបានទេ។ ព្រោះអ្វីដែលកម្មករជំពាក់បំណុលគេ គាត់មិនអាចលើកហេតុផលពីហេតុដែលគាត់ជួបប្រទះនោះបានទេ តែហ៊ានតែបង់សងខុសថ្ងៃខុសខែ ខុលពេលវេលា គេនឹងផាកពិន័យគាត់ហើយ»

វីអូឌីមិនអាចរកការឆ្លើយតបពីអនុប្រធានការិយាល័យវិវាទការងារនៃក្រសួងការងារ លោក ផេង ភើន ដែលចុះដោះស្រាយវិវាទការងារនៅរោងចក្រនេះបាននៅឡើយទេ។

បើតាមកម្មការិនី អ្នកស្រី សាន់ សុផា រោងចក្រ ឃែនធើរេន គឺជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានថៅកែជាជនជាតិចិន និងមានកម្មករ ៩៩៥ នាក់ កំពុងបម្រើការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ