ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា អះអាងថា ភ្ញៀវទេសចរបរទេសមួយចំនួនកំពុងជួបការលំបាកដោយមិនអាចចាកចេញពីប្រទេសកម្ពុជាទៅប្រទេសកំណើតវិញបាន ដោយសារគ្មានការបញ្ជាក់សុខភាពពីមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ។
ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ទាមទារឱ្យភ្ញៀវទេសចរដែលចង់ត្រឡប់ទៅប្រទេសខ្លួនវិញ ត្រូវតែធ្វើតេស្តសុខភាពនៅមន្ទីរវិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាជាមុនសិន ដើម្បីបញ្ជាក់ថា ពួកគេមិនមានផ្ទុកកូវីដ-១៩។
លោកស្រីបន្តថា ភ្ញៀវទេសចរបរទេសជាង ១០០នាក់ ដែលបាននាំគ្នាទៅស្វែងរកការធ្វើតេស្តសុខភាពនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ បានប្រាប់គាត់ថា វិទ្យាស្ថានប៉ាស្ទ័រមិនព្រមធ្វើតេស្តសុខភាពឱ្យឡើយ ដោយលើកហេតុផលថា ពួកគេមិនបានឈឺ។
លោកស្រី៖ «អ៊ីចឹង អាហ្នឹងជាកំហុសឆ្គងមួយដែលយើងមើលស្រាលថា គេមិនឈឺ តាមពិតយើងត្រូវយកចិត្តទុកដាក់ទៅលើអ្នកមិនទាន់ឈឺហ្នឹងក៏ខ្លាំងដែរ ដោយសារ គាត់មិនទាន់ឈឺ ធ្វើម៉េចពិនិត្យឱ្យគាត់ឱ្យហើយ ដើម្បីឱ្យដឹងថា គាត់ឈឺមិនឈឺ! ដើម្បីធ្វើការការពារអ្នកឈឺ យើងដឹងថា អ្នកឈឺទៅហើយ ប៉ុន្តែ អ្នកមិនទាន់ឈឺក៏ត្រូវយើងយកចិត្តទុកដាក់ដែរ ដើម្បីកុំឱ្យការឆ្លងរីករាលដានកាន់តែច្រើនឡើងតាមរយៈអ្នកដែលយើងមើលថាមិនឈឺហ្នឹងឯង ដែលគាត់ឆ្លងច្រើនជាងគេ បើឈឺគាត់ក៏ដឹងខ្លួនគាត់ថា មិនត្រូវទៅណាទេ»។
លោកស្រី ឆាយ ស៊ីវលីន ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ចំពោះរឿងនេះ ដោយថា បើភ្ញៀវទេសចរទាំងអស់គ្មានលិខិតបញ្ជាក់សុខភាពពីមន្ទីរវិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទេ លោកស្រីថា ក្រុមហ៊ុនអាកាសចរណ៍ក៏មិនដឹកពួកគេត្រឡប់ទៅប្រទេសខ្លួនវិញឡើយ។
លោកស្រីថា៖ «ខាងអាកាសចរណ៍ថា មិនយកទេមន្ទីរពេទ្យរុស្ស៊ី ទាល់ចេញពីប៉ាស្ទ័រ កន្លែងហ្នឹងដែលជាបញ្ហា ហើយជាក់ស្ដែង ប៉ាស្ទ័រគាត់មិនទទួលមើលអ្នកដែលមិនទាន់ឈឺ។ អ៊ីចឹង យើងប៉ុន្មានថ្ងៃនឹងរត់ទៅរត់មក ពិបាកខ្លាំង ទើបខ្ញុំផ្ញើសារទៅសម្ដេចនាយកឱ្យជួយអន្តរាគមន៍»។
ប្រធានសមាគមភ្នាក់ងារទេសចរណ៍រូបនេះ បន្តថា ការដែលភ្ញៀវទេសចរមិនបានត្រឡប់វិញនេះ នឹងធ្វើឱ្យពួកគេខាតប្រាក់ដោះដូរសំបុត្រយន្តហោះម្តងហើយម្តងទៀត និងបញ្ហាមួយទៀតនោះ ប្រឈមនឹងឆ្លងជំងឺកូវីដ-១៩។
វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ និងលោកស្រី ឱ វណ្ណឌីន បានទេ ដោយថា ជាប់រវល់ប្រជុំ។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក មានប្រសាសន៍ថា ក្រសួងកំពុងរកដំណោះស្រាយចំពោះរឿងនេះ។
លោកថា៖ «ខ្ញុំបានឃើញហើយ ជាយន្តការអាហ្នឹង យើងត្រូវស្វែងរកដំណោះស្រាយសម្រាប់ពួកគេ ថាតើត្រូវធ្វើយ៉ាងម៉េចៗ ក្រសួងទេសចរណ៍កំពុងរកវិធានការជួយដោះស្រាយដែរ»។
បើតាមអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន អះអាងថា ភ្ញៀវទេសចរដែលកំពុងស្នាក់នៅកម្ពុជាបច្ចុប្បន្នជាង ៥០០០នាក់ មកពី ៥៣សញ្ជាតិ។ ក្នុងចំណោមជនបរទេសជាង ៥០០០នាក់នេះ គឺមានជនជាតិចិនច្រើនជាងគេ។
ក្រុមហ៊ុនអាកាសចរណ៍ទាមទារឱ្យភ្ញៀវទេសបរទេសទៅពិនិត្យសុខភាពនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។
គិតមកត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ-១៩ ទាំងជនជាតិខ្មែរ និងជនជាតិបរទេសមានចំនួន ៩៦នាក់។ ក្នុងចំណោមមនុស្សទាំង ៩៦នាក់នោះ គឺមានមនុស្ស ១០នាក់ ដែលក្រសួងបញ្ជាក់ថា ត្រូវបានគ្រូពេទ្យព្យាបាលឱ្យជាសះស្បើយ៕