ផ្លែ​ស្វាយ​នាំ​ទៅ​លក់​ឱ្យ​វៀត​ណាម​ធ្លាក់​ដល់​១​គីឡូ​១៥០​រៀល​

កសិករពីរនាក់ លើកដាក់រៀបចំផ្លែស្វាយដើម្បីយកទៅលក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ប្រជាកសិករ និងឈ្មួញទិញស្វាយលក់ទៅឱ្យវៀតណាម បានឱ្យដឹងថា ស្វាយនៅស្រុកកោះធំ ខេត្តកណ្តាល ធ្លាក់ចុះយ៉ាងគំហុករហូតដល់១គីឡូ ពី១៥០ ទៅ២៥០រៀល ដោយសារវៀតណាមបិទច្រកព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

អ្នកស្រី ឆន ឆរ៉ាន់ ដែលអះអាងថា ជាឈ្មួញកណ្តាលទិញស្វាយពីប្រជាកសិករផ្ទាល់ យកទៅលក់ទៅឱ្យវៀតណាមរាប់រយតោនក្នុងមួយថ្ងៃៗ យកទៅលក់តាមច្រកព្រំដែនជ្រៃធំ ​ខេត្តកណ្តាល បាននិយាយថា កាលពីកម្ពុជាមិនទាន់រកឃើញមានអ្នកឆ្លងមេរោគកូវីដ-១៩ ស្វាយខ្ចី [ស្វាយកែវរមៀត] លក់បាន១គីឡូជិត១ពាន់រៀល ខណៈបច្ចុប្បន្ននេះ ១គីឡូ ពី១៥០ ទៅ២៣០រៀលតែប៉ុណ្ណោះ។

ប្រជាកសិករដែលដាំដំណាំស្វាយ លើកដាក់រៀបចំផ្លែស្វាយដើម្បីយកទៅលក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

អ្វីដែលគួរឱ្យកត់សំគាល់ អ្នកស្រី ឆន ឆរ៉ាន់ ថាប្រហែលជាជិតមួយសប្តាហ៍នេះ វៀតណាមបានបិទច្រកព្រំដែន និងឈប់ទិញស្វាយពីពួកគាត់ ធ្វើឱ្យស្វាយធ្លាក់ថ្លៃយ៉ាងកំហុកផងដែរ។

អ្នកស្រីនិយាយថា៖ «គេបិទច្រកព្រំដែនទាំងអស់ ថៃក៏បិត វៀតណាមក៏បិទ ដ៏អញ្ចឹង! យើងម៉េចចេញ [លក់ស្វាយ] រួច ពីមុនយើងយកប៉ុន្មានក៏បាន ១០០តោនក៏បាន ៥០សិបតោនក៏បាន ដ៏ពេលកើត ដ៏ពេលកើតជំងឺកូវីដ-១៩ គេបិទ គេកំណត់តោនឱ្យយើង ថ្ងៃណាគេចង់យកគេយក ថ្ងៃណាគេអត់ចង់យក អត់ទៅ ព្រោះវាមានតែមួយច្រកវៀតណាម»។

ឈ្មួញម្នាក់ទៀត សុំមិនបញ្ចេញអត្តសញ្ញាណ និយាយថា ប្រហែលជិត១សប្តាហ៍កន្លងទៅនេះ វៀតណាមបិទច្រកព្រំដែនឈប់ទិញស្វាយពីខ្មែរ ធ្វើឱ្យស្វាយដែលគាត់ទិញត្រៀមលក់ទៅវៀតណាមនោះ សល់រាប់រយតោន។ អ្នកស្រីថា សុខចិត្តខាត ទិញពីកសិករទុកចោល ដើម្បីកុំឱ្យដាច់ម៉ូយ។

ឈ្មួញរូបនោះនិយាយថា៖ «សុទ្ធម៉ូយខ្ញុំ ហើយគ្នាបេះមកហើយ មិនអាណិតគេ! ខ្ញុំជួយទិញ១៥០រៀល បើគាត់លក់ ចេះតែជួយយកគាត់ទៅ ព្រោះខ្ញុំយកទៅលក់បានតែ២០០ជាងដែរ..ព្រោះគាត់ពិបាកជាងយើងទៀត យើងក៏ពិបាកដែរ ម្នាក់ៗខ្លះយំ អត់មានអ្នកទិញ ខ្ញុំថាឥឡូមិនបាច់យំទេ យកមកលក់ឱ្យខ្ញុំ១៥០រៀល ខ្ញុំយក បើគេ [វៀតណាម] មិនទិញ ខ្ញុំបោះចោល មែន! បើសិនជាអីវ៉ាន់មួយយឿហ្នឹង បើគេអត់យក មានបញ្ហាគឺចោលហើយ ធ្វើម៉េចលុយហ្នឹង១០លាន ២០លានរៀល»។

ឈ្មួញរូបនោះបញ្ជាក់ថា ស្វាយដែលវៀតណាមទិញយកពីកម្ពុជា គេយកទៅផលិតជាស្រាបៀ ធ្វើដំណាប់ស្វាយ និងញាំខ្ចីជាដើម។

អ្នកស្រី ម៉ា និត អំពាវនាវទៅរដ្ឋាភបាលគិតគូរ ​និងយកចិត្តទុកដាក់ពិនិត្យមើលទំនិញរបស់ប្រជាកសិករខ្មែរដែលផលិតបាន ហើយជួយរកទីផ្សារលក់ឱ្យបានថ្លៃសមរម្យ ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ។

អ្នកស្រីនិយាយថា៖ «ជួយធ្វើម៉េចឱ្យផលិតផលដែលខ្មែរបង្កើតហើយ ធ្វើម៉េចឱ្យមានតម្លៃ កុំឱ្យចំនួនធ្លាក់ចុះរហូត លក់ដី លក់គោ លក់ផ្ទះអស់ហើយ ដោយសារចឹង [ជំងឺកូវីឌ-១៩] ដោយសារយើងទិញក្នុងស្រុកអត់បាន សូមឱ្យរដ្ឋាភិបាលជួយយកចិត្តទុកដាក់ រឿងរបស់ដែលផលិតបានហើយ ឱ្យទទួលទិញទៅ បើយើងមិនទទួលទិញយករបស់យើងក្នុងស្រុក យើងដឹកយកទៅឱ្យគេ សម្រេចតែគេ [វៀតណាម] ទេ បើយើងផលិតបានហើយ យើងយកទៅណា គិតមើល»។

កសិករ ឈ្មោះ បូ វុទ្ធី ដឹកស្វាយយកទៅលក់ឱ្យឈ្មួញកណ្តាលនៅស្រុកកោះធំ ខេត្តកណ្តាល និយាយថា នៅចុងខែមីនា ឆ្នាំនេះ ស្វាយធ្លាក់ចុះយ៉ាងខ្លាំង ដែលកន្លងមក ធ្លាប់លក់បានមួយគីឡូជិត១ពាន់រៀល ប៉ុន្តែ ថ្ងៃនេះ លក់បានតែ១៥០រៀលក្នុងមួយគីឡូ។ ករណីនេះ គាត់ថា ធ្វើឱ្យខាតពាក់កណ្តាលនៃដើមដែលចំណាយ ហើយធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារផងដែរ។

លោកនិយាយថា៖ «ពីមុនដើមឆ្នាំ យើងធ្វើលក់បានថ្លៃ យើងចំណេញបានគួរសម យើងអាចចិញ្ចឹមគ្រួសារយើងបានខ្លះ ដ៏ពេលឥឡូវនេះ ដូចថា ទីផ្សារថោក វាប៉ះពាល់ដល់យើងតិចតួចដែរ តម្លៃវាបានត្រឹម១០០រៀល ទៅ១៥០រៀល ដ៏ពេលអញ្ចឹង វាអត់មានកម្លាំងចិត្ត កម្លាំងកំហែងធ្វើទៀតទេបង»។

លោកស្រី តុង ចាន់ធាង ស្នើទៅរដ្ឋាភិបាលបញ្ជាទៅស្ថាប័នពាក់ព័ន្ធជួយចុះអន្តរាគមន៍រកទីផ្សារឱ្យកសិករខ្មែរលក់ស្វាយបានតម្លៃសមរម្យ បើវៀតណាមមិនទិញ កម្ពុជាមានរោងចក្រកែឆ្នៃដំណាប់ស្វាយផងដែរ។

លោកស្រីបញ្ជាក់ថា បើរដ្ឋាភិបាលមិនគិតគូរកទីផ្សារជូនកសិករទេ នឹងធ្វើឱ្យពួកគេជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ ដោយសារអ្នកខ្លះធ្វើកសិកម្មខ្ចីលុយធនាគារ។

លោកស្រីមានប្រសាសន៍ថា៖ «ធ្វើឱ្យពួកគាត់ខាតបង់ច្រើន ប្រសិនជាកសិករខ្ចីលុយពីធនាគារសំរាប់យកមកវិនិយោគ ធ្វើឱ្យពួកគាត់កាន់តែពិបាក កន្លងមកឃើញមានកសិករយើងជាង៨០ភាគរយ នៅតំបន់ជាច្រើន ខ្ញុំធ្វើការសិក្សា ពួកគាត់ខ្ចីលុយពីធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុមកប្រើប្រាស់។»

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុទ្ធី ទទួលស្គាល់ថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យតម្លៃស្វាយរបស់ប្រជាកសិករបានតម្លៃទាប ដោយសាររដ្ឋាភិបាលកម្ពុជា និងវៀតណាមសម្រេចបិទច្រកព្រំដែនបណ្តោះអាសន្ន។

ប៉ុន្តែ លោកថា រដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជូនប្រជាកសិករខ្មែរ ដើម្បីឱ្យតម្លៃស្វាយ និងទំនិញផ្សេងៗជាដើម លក់បានតម្លៃសមរម្យដូចដើមវិញ។

លោកមានប្រសាសន៍ថា៖ «ប៉ុន្មានថ្ងៃមុន មិនប្រកាស! ប្រទេសយើងជាប់ៗគ្នា ប្រកាសបិទ [ច្រកព្រំដែន] ប្រកាសបិទនេះធ្វើឱ្យផ្អើលសភាពការ តម្លៃទីផ្សារធ្លាក់ចុះភ្លាម ព្រោះអត់មានអ្នកទិញ ព្រោះឥឡូវនេះយើងសម្រួលហើយ សម្រួលការដឹកជញ្ជូន ការ​ឆ្លងដែនឱ្យមានប្រក្រតីភាពឡើងវិញ យើងកំពុងធ្វើហើយ បន្តិចទៀត សភាពការនឹងមានប្រក្រតីភាពឡើងវិញហើយ»។

ប្រមុខរដ្ឋាភិបាល​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់លើទំព័រហ្វេសប៊ុករបស់លោកថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោកបានសម្រេចបិទព្រំដែនកម្ពុជា-វៀតណាមជាបណ្តោះអាសន្ន​ ដោយអនុវត្តចាប់ផ្តើមពីម៉ោង០០ ចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ហើយមិនឱ្យពលរដ្ឋវៀតណាមចូលមកកម្ពុជា និងមិនឱ្យពលរដ្ឋកម្ពុជាចូលទៅប្រទេសវៀតណាម ក្រោមហេតុផលនៃការបង្ការជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ