សមត្ថកិច្ច​ចោទ​គ្រូ​បង្រៀន​ម្នាក់​នៅ​កំពង់ឆ្នាំង​ថា ញុះ​ញង់​ឱ្យ​មាន​អំពើ​ក្បត់​ជាតិ​

លោក កែវ ថៃ គ្រូបង្រៀនម្នាក់នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ (បណ្ដាញសង្គម)

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា គ្រូបង្រៀនម្នាក់ដែលសមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ខ្លួន កាលពីម្សិលមិញ ធ្វើតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងអំពើញុះញង់។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់វីអូឌីនៅថ្ងៃនេះថា គ្រូបង្រៀនឈ្មោះ កែវ ថៃ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបញ្ជូនមកឃុំខ្លួននៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងអំពើញុះញង់ ។

លោកថា៖ «វាមិនដែលមិនខុស ហើយចេញដីកាមកចាប់។ អារឿងបង្ហាញ ឬមិនបង្ហាញ ខ្ញុំមិនដឹងទេ ប៉ុន្តែគ្រាន់តែថា សមត្ថកិច្ចចាប់ អនុវត្តតាមដីការបស់តុលាការ​ ពាក់ព័ន្ធនឹងអំពើញុះញង់ក្បត់ជាតិ»។

នៅពេលអ្នកសារព័ត៌មានសួរថា តើគ្រូបង្រៀនឈ្មោះ កែវ ថៃ ជាប់ពាក់ព័ន្ធជាមួយនឹងអ្នកណា ទើបត្រូវចោទប្រកាន់បទនេះ? លោក ឆាយ គឹមខឿន សុំមិនធ្វើអត្ថាធិប្បាយចំពោះរឿងនេះ ដោយលោកឱ្យទៅសួរតុលាការវិញ។

លោកថា៖ «សុំទោស ខ្ញុំមិនមែនជាអ្នកមានពិរុទ្ធ​ភាពសម្រាប់នាងសួរទេ ​ខ្ញុំប្រាប់ឱ្យដឹង តុលាការគេចោទអ៊ីចឹងហើយ ទៅសួរតុលាការទៅ ហេតុអីបានចោទគេថា “ក្បត់ជាតិ” សួរតុលាការចុះ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ីន រិន្ទ សុំមិនធ្វើអត្ថាធិប្បាយលម្អិត ដោយលើកហេតុផលថា សំណុំរឿងកំពុងស្ថិតក្នុងនីតិវិធី។

លោក អ៊ីន រិន្ទ ថា៖ «អាហ្នឹងនៅក្នុងនីតិវិធីតុលាការទេ បាទ»។

កូនស្រីរបស់លោក កែវ ថៃ គឺកញ្ញា កែវ ចាន់រចនា លើកឡើងថា សមត្ថកិច្ចខេត្តកំពង់ឆ្នាំងជិត ២០នាក់ បានចូលចាប់ខ្លួនឪពុករបស់កញ្ញា ដោយមិនប្រាប់ពីមូលហេតុ និងមិនបង្ហាញដីការបស់តុលាការ។

កញ្ញាថា៖ «លើមុនគាត់ធ្វើនយោបាយមែន តែតាំងពីគេរំលាយគណបក្សមក គាត់ឈប់ ហើយមកធ្វើជាគ្រូបង្រៀន និងបង្រៀនគួរតែប៉ុណ្ណឹង»។

កញ្ញា ចាន់រចនា បន្តថា ចាប់តាំងពីក្រសួងអប់រំប្រកាសបិទសាលារៀន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ មក ឪពុករបស់កញ្ញាបានឈប់បង្រៀននៅសាលារៀន និងនៅផ្ទះ ដោយមកបង្រៀនគួរកូនសិស្សតាមអនឡាញវិញ។

កញ្ញាចាត់ទុកការចូលចាប់ខ្លួនឪពុកថា ជារឿងអយុត្តិធម៌ និងស្នើទៅតុលាការឱ្យដោះលែងឪពុកវិញ ដោយថា ឪពុករបស់នាងមិនបានធ្វើខុសគោលការណ៍ ឬសេចក្ដីណែនាំរបស់រដ្ឋាភិបាលឡើយ។

លោកថា៖ «ឪពុកខ្ញុំ គាត់គិតថា កូនសិស្សបានបង់លុយឱ្យគាត់ [តាំងពីដើមខែមីនាដល់គាត់] ហើយលុយដែលកូនសិស្សបង់ហ្នឹង គាត់ថា វាមិនទាន់អស់ ទើបគាត់ប្ដូរមកបង្រៀនតាមទូរសព្ទវិញ»។

សមាគមគ្រូបង្រៀនឯករាជ្យ នៅថ្ងៃទី២៧ ខែមីនានេះ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកការចាប់ខ្លួនលោក កែវ ថៃ ដែលគ្រាន់តែបង្រៀនគួរតាមអនឡាញ ថាជារឿងអយុត្តិធម៌ និងគំរាមកំហែងដល់សិទ្ធិសេរីភាពសមាគម និងគ្រូបង្រៀនផ្សេងៗទៀត។

សមាគមគ្រូបង្រៀនឯករាជ្យ ទាមទារឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងដោះលែងលោក កែវ ថៃ ឱ្យមានសេរីភាព និងគ្មានលក្ខខណ្ឌ ដោយថា ការបង្រៀនគួរតាមអនឡាញនេះ គឺលោក កែវ ថៃ ធ្វើទៅតាមការណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា មិនមែនជាការប្រឆាំងនឹងបទបញ្ជារបស់រដ្ឋាភិបាលឡើយ។

​ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ លោក រ៉ុង ឈុន សង្កេតឃើញថា ការដែលសមត្ថកិច្ចចុះចាប់ខ្លួនលោក កែវ ថៃ កាលពីម្សិលមិញនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានការលើគ្រូណាដែលនៅតែ​បន្តបង្រៀនគួរកូនសិស្ស។

លោកថា៖ «​បន្ទាប់ពីពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ស្រែកថា ​ក្រុមគ្រូបង្រៀនឯករាជ្យបង្រៀនគួរ។ យើងឃើញថា គាត់បង្រៀនគួរ​ទៅតាមអនឡាញហ្នឹង វាស្របទៅតាមការណែនាំរបស់ក្រសួងអប់រំ ហើយក៏មិនមែនជាប្រឆាំងទៅនឹងបទបញ្ជារបស់រដ្ឋាភិបាលដែរ»។

លោក កែវ ថៃ ត្រូវបានសមត្ថកិច្ចជិត ២០នាក់ ចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅភូមិសាលា ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ លោក កែវ ថៃ ក៏ជាអតីតប្រធានប្រតិបត្តិ្តនៅខេត្តកំពង់ឆ្នាំរបស់គណបក្សសង្គ្រោះជាតិ ហើយក៏ជាបុគ្គលម្នាក់ស្ថិតនៅក្នុងចំណោម ១១៨នាក់ ដែលតុលាការកំពូលហាមមិនឱ្យធ្វើសកម្មភាពនយោបាយ៥ឆ្នាំដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ