អ្នក​ឃ្លាំ​មើល​ហៅ​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ពលរដ្ឋ​នឹង​រង​គ្រោះ​បើ​រដ្ឋ​ខ្វះ​ស្បៀង​ត្រៀម​បម្រុង​

ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ និងពលរដ្ឋដែលធ្វើការនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្របពេលដែលកងកម្លាំងប្រដាប់អាវុធនៅយាមការពារនៅតំបន់នោះ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន

អ្នកឃ្លាំមើលបញ្ហាសង្គមមួយចំនួនបង្ហាញការព្រួយបារម្ភថា ពលរដ្ឋនឹងក្លាយជាជនរងគ្រោះ បើរដ្ឋាភិបាលដាក់ប្រ​ទេ​សក្នុងគ្រាមានអាសន្ន ទាំងមិនបានត្រៀមស្បៀងបម្រុងជាមុននោះ។

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន កាលពី២ថ្ងៃមុន បានថ្លែងថា លោកកំពុងពិចារណាទូលព្រះមហាក្សត្រសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន ប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងរាលដាលនៃមេរោគរលាកផ្លូវដង្ហើមថ្មី ហៅ កូវីដ១៩ ប្រសិនបើវិធានការស្នើសុំរបស់លោកគ្មានប្រសិទ្ធភាព។​

អ្នកឃ្លាំមើលសង្គម លោកបណ្ឌិត ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា រដ្ឋាភិបាលគួរប្រើវិធានការផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងបញ្ហាកូវីដ១៩ ជាជាងដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈវិស័យសុខាភិបាលមិនទាន់បញ្ជ្រាបគុណភាពទៅដល់តំបន់ជនបទ ហើយពលរដ្ឋភាគច្រើរកចំណូលបានតិចនៅឡើយ បើធៀបនឹងប្រទេសជិតខាងនោះ ។

លោកថា៖ «បើសិនជាបិទមែន ប្រជាពលរដ្ឋអាចនឹងលំបាករស់នៅហើយ។ អ្នកខ្លះអាចនឹងដាច់បាយ អ្នកឈឺល្មមៗអាចនឹងស្លាប់ ការឆ្លងកូវីដ១៩ទៀត»។

លោក ប៉ា ច័ន្ទរឿន បង្ហាញការយល់ឃើញថា ការដាក់ប្រទេសក្នុងគ្រាអាសន្នពេលនេះ វានឹងបង្ហាញរូបភាពកាន់តែអាក្រក់ដល់ក្រសែភ្នែកអន្តរជាតិ ដែលទាមទារឱ្យរដ្ឋាភិបាលប្រឹងប្រែងស្តារប្រជាធិបតេយ្យឡើងវិញ។

លោកថា៖ «បើសិនដាក់ប្រទេសក្នុងភាពអាសន្នមែន ហើយការបន្តធ្វើនយោបាយបែបនេះបន្តទៅទៀត វានឹងធ្វើឱ្យការរំលោភបំពានសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសិទ្ធិធ្វើនយោបាយហ្នឹង កាន់តែអាក្រក់ជាងមុន»។

ប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជារបស់រដ្ឋាភិបាល លោកបណ្ឌិត សុខ ទូច បានផ្តល់បទសម្ភាសន៍ដល់VOD កាលពីថ្ងៃទី២៥ ខែមីនា អះអាងថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន រដ្ឋាភិបាលមានសិទ្ធិគ្រប់ពេលក្នុងការប្រើអាវុធ ដោយមិនគិតពីសិទ្ធិមនុស្ស ដើម្បីទប់ស្ថានការណ៍។

លោកថា៖ «យើងដឹងហើយថា ទាហានជាឧបករណ៍របស់រដ្ឋ​ អីចឹងពេលដែលរដ្ឋដាក់ឱ្យមានភាពអាសន្ន គេ [រដ្ឋាភិបាល] អាចប្រើប្រាស់កម្លាំងដោយឥតខុសច្បាប់ទេ»។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ សរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «ទីណាច្បាប់ចប់ លែងមានគេគោរព ទីនោះគឺអំណាចផ្តាច់ការចាប់ផ្តើមហើយ»

រដ្ឋធម្មនុញ្ញមាត្រា២២ថ្មីចែងថា៖ «នៅពេលប្រជាជាតិប្រឈមនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណ: ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។

អ្នកវិភាគនយោបាយ លោក ឯម​ សុវណ្ណរ៉ា មានប្រសាសន៍ថា បើរដ្ឋាភិបាលចង់ធ្វើដូចនេះមែន គ្មានអ្វីជំទាន់ទេ ព្រោះប្រធានរដ្ឋសភា ព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញផង ជាសមាជិកបក្សកាន់អំណាច។

ប៉ុន្តែ អ្នកវិភាគរូបនេះ អះអាងថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្នពេលនេះ ជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ បើរដ្ឋាភិបាលមិនបានត្រៀមស្បៀងទុកជាមុន ដូចបណ្តាប្រទេសមួយចំនួននោះ ។

លោកថា៖ «បើយើងដាក់ ស្ថានភាពសេដ្ឋកិច្ចរឹតតែលំបាកទៅទៀត ដោយសារ យើងអត់មានស្បៀងសម្រាប់បម្រុងទុក ដូចនៅអាមេរិក និងអឺរ៉ុបអី គេមានបម្រុងទុក១ឆ្នាំ។ ដល់ពេលប្រទេសគេមានបញ្ហាគេយកអាសម្ភារបម្រុង ស្បៀ​ង​​​បម្រុង មកប្រើការ ដោយឡែក កម្ពុជាយើង អត់មានរៀបចំលក្ខណៈហ្នឹង អីចឹងបើយើងដាក់ប្រទេសក្នុងភាពអាសន្ន អ្នកផលិតខាងឧស្សាហកម្មអីដួលទាំងអស់»។

យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា សកម្មជនគណបក្សប្រជាជនកម្ពុជា នឹងចុះចែកស្បៀងជូនពលរដ្ឋដល់ផ្ទះចំពោះអ្នកខ្វះខាត។

លោកថា៖ «ចុះចែកក្រមា ចែកអង្ករ ចែកត្រីខដល់ផ្ទះ ដល់អ្នកដែលខ្វះខាត មន្ត្រីគណបក្សប្រជាជនច្រើនណាស់ដែលចុះមូលដ្ឋាន»។

លោក ឯម សុវណ្ណរ៉ា បង្ហាញការព្រួយបារម្ភពីបញ្ហានេះ ដោយថា ការដែលរដ្ឋាភិបាលបិទតែក្លឹបកម្សាន្តមួយជាជំហានដំបូងផង អាជ្ញាធរមិនមានលទ្ធភាពដោះស្រាយនៅឡើយ ។

លោកថា៖ «កាលណាបញ្ហាប្រឈមកាន់តែខ្លាំងសម្រាប់ពលរដ្ឋ វាអាចផ្ទុះជាបញ្ហាសង្គមទៅថ្ងៃណាមួយដែលយើងពិបាកស្មាន»។

បញ្ហានេះ អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ ហៅការដែលមេដឹកនាំចង់ដាក់ប្រទេសក្នុងគ្រាមានអាសន្នពេលនេះ អាចជាយុទ្ធសាស្ត្រដើម្បីក្តោបអំណាចឱ្យណែនក្នុងដែន ទប់ស្កាត់បញ្ហាផ្ទៃក្នុងផង និងការតវ៉ាណាមួយពីអ្នករងផលប៉ះពាល់ផង។

ប៉ុន្តែ អ្នកវិភាគរូបនេះ រំឭកថា ជាជម្រើសដើម្បីស្តារសេដ្ឋកិច្ច និងរក្សាទីផ្សារការងារ រដ្ឋាភិបាលត្រូវបង្រួបបង្រួមជាតិឡើងវិញ ដើម្បីរក្សាប្រព័ន្ធអនុពន្ធ EBA របស់សហភាពអឺរ៉ុប និងពីមហាអំណាចលោកសេរី។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់កាលពីថ្ងៃទី២៥ ខែមីនា ថា កម្ពុជាមិនទាន់មានច្បាប់ដាច់ដោយឡែកសម្រាប់ក្នុងប្រទេសក្នុងគ្រាមានអាសន្ននៅឡើយទេ ហើយលោកកំពុងតែឱ្យអ្នកជំនាញច្បាប់ពិនិត្យសិក្សាលើករណីនេះ។​

ចំណែកបញ្ហាស្បៀងអាហារវិញ ទាំងសាលារាជធានីភ្នំពេញ និងរដ្ឋាភិបាល សុទ្ធតែអះអាងថា កម្ពុជាមានស្បៀងគ្រប់គ្រាន់ មិនជួបបញ្ហាខ្វះខាតនោះឡើយ ហើយអំពាវនាវកុំឱ្យពលរដ្ឋព្រួយបារម្ភពីបញ្ហានេះ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ