កម្មករ​ជាង​១០០​នាក់​នៅ​​រោង​ចក្រ​មួយ​នៅ​ជាយ​ភ្នំពេញ ត្រូវ​ថៅ​កែ​ព្យួរ​ការងារ​ដោយ​មិន​បាន​លុយ​៦០​ភាគ​រយ​

កម្មករជាង១០០នាក់បម្រើការងារនៅរោងចក្រ MAN KORNG WASHING (Co,Ltd) ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានថៅកែព្យួរការងារ និងមិនទទួលបានប្រាក់៦០ភារយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

កម្មករអះអាងថា ពួកគេជាង១០០នាក់បម្រើការងារនៅរោងចក្រមួយ ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញត្រូវបានថៅកែព្យួរការងារ ដោយមិនកំណត់ពេលចូលវិញ និងមិនបានប្រាក់ឈ្នួល៦០ភាគរយដូចការប្រកាសរបស់រដ្ឋាភិបាលនោះឡើយ។

កម្មករម្នាក់ លោក ផន និត ប្រាប់វីអូឌីថា កម្មកររោងចក្រ ១៥០នាក់បម្រើការងារនៅរោងចក្រ MAN KORNG WASHING (Co,Ltd) ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ត្រូវបានថៅកែព្យួរការងារបណ្តោះអាសន្នចាប់ពីថ្ងៃទី៣១ ខែមីនានេះតទៅ ដោយមិនបានទទួលលុយ ៦០ភាគរយឡើយ។

កម្មកររូបនេះបញ្ជាក់ថា ករណីរោងចក្រព្យួរការងារកម្មករនេះ គឺថៅកែបានបើកប្រាក់ឈ្នួលចុងក្រោយ ប្រាក់បំណាច់ឆ្នាំ និងប្រាក់ ៥ភាគរយជូនកម្មកររួចហើយ។ លោកថា ក្រុមកម្មករមិនពេលចិត្តចំពោះការដោះស្រាយរបស់ភាគីរោងចក្រនេះ ប៉ុន្តែ ពួកគេគ្មានជំរើស និងមិនចង់តវ៉ាវែងឆ្ងាយ។

លោកបន្ថែមថា៖ «ពេលដែលរោងចក្រព្យួរការងារ និងកំពុងតែជួបស្ថានការលំបាកដោយសារជំងឺកូវីដនេះ គឺពួកគាត់សង្ឃឹមលើលុយដែលរដ្ឋាភិបាលប្រកាសថា ពេលកម្មករព្យួរការងារ ថៅកែចេញលុយ ៤០ភាគរយ និងរដ្ឋាភិបាលចេញ ២០ភាគរយនោះ ដើម្បីដោះស្រាយជីវភាពមួយគ្រាៗ។ ចុះបើក្រុមហ៊ុនគេអត់ទូទាត់ឱ្យអ៊ីចឹង តើពួកខ្ញុំសង្ឃឹមអី?»

កម្មករម្នាក់ទៀត លោក យស់ វិសាល និយាយថា នៅរោងចក្រ MAN KORNG WASHING (Co,Ltd) ពុំមានសហជីព ឬតំណាងកម្មករនោះទេ។ លោកថា ទោះថៅកែកៀបសង្កត់ ឬបង្ខំឱ្យធ្វើការងារ និងរំលោភបំពានច្បាប់ ក៏ក្រុមកម្មករមិនហ៊ានតវ៉ាដែរ។

កម្មកររូបនេះបន្តថា ករណីថៅកែព្យួរការងារ​នេះ នឹងធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងការចំណាយផ្សេងៗ និងត្រូវបង់សងធនាគារជាដើម។

លោកបន្ថែមថា៖ «មិនដឹងទៅរកការងារកន្លែងណាធ្វើទៀតទេ។ បើរោងចក្របិទគ្រប់កន្លែង មានតែនៅផ្ទះ អត់ចំណូល។ យើងត្រូវការចំណាយប្រចាំថ្ងៃ លើហូបចុកផ្សេងៗ បង់សងគេផងអីផង»

មន្ត្រីរដ្ឋបាលរោងចក្រ MAN KORNG WASHING លោក ចំរើន ណារ៉ុង មិនអាចសុំការឆ្លើយបញ្ជាក់បានទេដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។

ប្រធានសហជីពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា អ្វីដែលថៅកែរោងចក្រ MAN KORNG WASHING ធ្វើ មានចេតនាបញ្ឈប់កិច្ចសន្យាការងារកម្មករ ដែលខុសពីគោលការណ៍របស់រដ្ឋាភិបាលបានប្រកាសមិនឱ្យថៅកែបញ្ចប់កិច្ចសន្យាកម្មករពេលកំពុងមានជំងឺកូវីដ១៩។

លោកបន្ថែមថា៖ «អ្វីដែលក្រុមហ៊ុនធ្វើនេះ វាខុសពីការណែនាំរបស់នាយករដ្ឋមន្ត្រីហើយ ព្រោះនៅអំឡុងពេលនេះ គេអនុញ្ញាតឱ្យព្យួរ ប៉ុន្តែ គេមិនផ្តាច់កិច្ចសន្យាបុគ្គលិក ឬបញ្ចប់ការងារទេ។ ហើយដែលឱ្ យ៥ភាគរយ ប្រាក់ខែចុងក្រោយនេះ ខ្ញុំមើលឃើញចេតនាក្រុមហ៊ុនហ្នឹង បើមិននិយាយថាផ្តាច់ក៏ផ្តាច់ដែរ ព្រោះគាត់មិនជាប់កាតព្វកិច្ចអីផងហ្នឹង។ ដល់អីចឹង វាប្រឆាំងសេចក្តីណែនាំរបស់ក្រសួងហើយ។ អីចឹងកម្មករអាចទៅរកក្រសួងជួយអន្តរាគមន៍ ខ្ញុំគិតថា អាចមានប្រសិទ្ធភាព»

កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នៅពេលដែលរោងចក្រព្យួរការងារ ​កម្មករដែលត្រូវបានព្យួរការងារ នឹងទទួលបានប្រាក់ឈ្នួល ៦០ភាគរយនៃប្រាក់ខែគោលរបស់ពួកគេ​ ក្នុង​នោះ ថៅកែរោងចក្រត្រូវទទួល​បន្ទុក​បើក​ឱ្យកម្មករ ៤០ភាគរយ និងរាជរដ្ឋាភិបាលចូល​រួម​ចំណែក ២០ភាគរយ។

លោក ហ៊ុន សែន ក៏ប្រកាសមិនឱ្យថៅកែរោងចក្របញ្ចប់កិច្ចសន្យាការងារកម្មករ ខណៈដែលរោងចក្រកំពុងខ្វះវត្ថុធាតុដើម ដោយសារបញ្ហាជំងឺកូរ៉ូណា ឬ Covid-19 នោះដែរ។

លោកបន្ថែមថា៖ «ដោយសារប៉ុន្មានថ្ងៃនេះ មានរោងចក្រកន្លែងនេះកន្លែងនោះ ព្យួរការងារកម្មករ។ ខ្ញុំសូមអំពាវនាវ ទី១ សូមកុំឱ្យរោងចក្រនានា ឆ្លៀតពេលដែលកំពុងព្យួរការងារ លុបចោលនូវកិច្ចសន្យាការងារជាមួយកម្មករ។ នេះជាចំណុចដែលដាច់ខាតមិនត្រូវធ្វើរឿងនេះ ក្នុងពេលវេលាដែលកម្មករជួបការលំបាក»

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ ប្រាប់វីអូឌីថា គិតត្រឹមថ្ងៃទី៣១ ខែមីនានេះ មានរោងចក្រជាង ៧០រោងចក្រហើយដែលបានដាក់ពាក្យទៅក្រសួងការងារ ដើម្បីសុំព្យួរការងារដោយសារខ្វះវត្ថុធាតុដើមសម្រាប់ដំណើរការផលិត និងប៉ះពាល់កម្មករប្រហែលជាង ៣ម៉ឺននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ