អង្គុយលើម៉ូតូពាក់មួកសុវត្ថិភាព និងមានពាក់ម៉ាស់បិទច្រមុះផងនោះ បុរសអ្នករត់ម៉ូតូឌុបវ័យជាងហាសិបឆ្នាំប្លាយម្នាក់ កំពុងអង្គុយចាំហៅម៉ូយនៅក្រោមដើមឈើ តាមបណ្ដោយផ្លូវមួយនៅក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក ហួត យ៉ន វ័យជាង ៥៨ឆ្នាំ ប្រាប់ថា គាត់រកស៊ីរត់ឌុបជាង ១០ឆ្នាំមកហើយ ដែលរបរនេះចិញ្ចឹមគ្រួសារគាត់ដែលមានសមាជិក ៥នាក់នៅក្នុងបន្ទុក។ ប៉ុន្តែ របរនេះចាប់ផ្ដើមរកប្រាក់លែងសូវបាន នៅពេលមានវត្តមានកូវីដ១៩មកដល់។ លោកបន្តថា លោកមានការបារម្ភពីការឆ្លងជំងឺនោះជាខ្លាំង ប៉ុន្តែ កត្តាជីវភាពដែលធ្វើឱ្យលោកមិនអាចសម្រាកពីការងារបាន។
លោក ហួត យ៉ន ប្រាប់ថា៖ «ថ្មើរនេះ (ម៉ោង ៣រសៀល) ទើបរកបាន ៣០បាត (ជាងបីពាន់រៀល) ប៉ុណ្ណោះ។ តាំងពីមានជំងឺហ្នឹងមក ស្ងាត់ដល់ហើយ។ បារម្ភគឺបារម្ភ តែអត់មានជម្រើស គ្រួសារត្រូវចាយវាយ។ ឥឡូវហ្នឹងភ័យៗ តែមិនដឹងធ្វើម៉េច តែចេះតែរក្សាអនាម័យលាងដៃលាងអីទៅ»។
លោកបញ្ជាក់ថា ក្ដីបារម្ភនោះចាប់ផ្ដើមកើតខ្លាំងនៅពេលឃើញអ្នកឆ្លងជំងឺក្នុងខេត្ត និងការត្រលប់មកដល់វិញនៃក្រុមពលករខ្មែរពីប្រទេសថៃ។
លោក ហួត យ៉ន ប្រាប់ថា៖ «ភ័យខ្លាំងពេលលឺថា ថៃគេឆ្លងជំងឺហ្នឹងច្រើន ហើយមានពលករខ្មែយើងធ្វើដំណើរមកច្រើនទៀត។ កាលប៉ុន្មានថ្ងៃមុនច្រើនណាស់។ អាលូវគេបិទអស់ ស្ងាត់ហើយ»។
ទោះជាយ៉ាងណាក្ដី លោក ហួត យ៉ន អះអាងថា នៅជិតៗផ្ទះរបស់លោកមិនមានអ្នកមកពីថៃនោះឡើយ តែនៅភូមិផ្សេងៗនៅជាយក្រុងសេរីសោភ័ណ គឺមានអ្នកមកពីថៃច្រើន។
ទន្ទឹមនឹងនេះ ស្ត្រីម្ចាស់ផ្ទះបន្ទប់ជួលម្នាក់ក្នុងក្រុងសេរីសោភ័ណ ដែលសុំប្រាប់ឈ្មោះថា សុភី បានរៀបរាប់ថា អ្នកជួលផ្ទះគាត់ចាប់ផ្ដើមភ័យស្លន់ស្លោដោយគ្រាន់តែលឺថា មានអ្នកមកពីថៃបម្រុងជួលបន្ទប់ស្នាក់នៅ។
អ្នកស្រី សុភី រៀបរាប់ថា៖ «ខ្ញុំអត់ហ៊ានជួលបន្ទប់អោយអ្នកថ្មីៗប្លែកមុខទេ ខ្លាចប៉ះអ្នកមកពីថៃ ឬអ្នកមានជំងឺនោះ។ ម្យ៉ាងបើហ៊ានជួលឱ្យអ្នកមកពីថៃវិញនោះ អ្នកនៅចាស់ៗគេនឹងរើចេញអស់មិនខាន គេខ្លាចឆ្លងខ្លាចមានអ្នកឈឺអ៊ីចឹងទៅ»។
ពលករម្នាក់ដែលត្រលប់មកពីប្រទេសថៃ វ័យ ២៥ឆ្នាំ ឈ្មោះ សំ សុភា រស់ក្នុងក្រុងសិរីសោភ័ណ ប្រាប់វីអូឌីតាមទូរសព្ទថា រូបគាត់បានដាក់ខ្លួននៅដាច់តែឯងរយៈពេល ៥ថ្ងៃមកហើយ ដោយខ្លាចខ្លួនមានមេរោគ និងអាចឆ្លងដល់គ្រួសារ។
លោក សំ សុភា ប្រាប់ថា៖ «ខ្ញុំអត់ហ៊ានឱបកូនទេបង! កូនខ្ញុំនៅតូចបានប្រាំ ប្រាំមួយខែ បានតែមើលវាពីចម្ងាយ ខ្ញុំក៏មិនហ៊ានបាយទឹកជុំប្រពន្ធដែរ ពិបាកទ្រាំដែរហ្នឹង នឹកកូន នឹកប្រពន្ធ។ ឃើញអ្នកមកពីថៃខ្លះគេហ៊ានចេញក្រៅដែរ តែខ្ញុំអត់ទេ។ ខ្លាចចម្លងគេ បើយើងឈឺ ឈឺតែយើងមិនសូវអីទេ តែបើឆ្លងដល់កូន ឬឆ្លងចាស់ៗពិបាកហើយ»។
ទាក់ទងនឹងបញ្ហានេះ អភិបាលក្រុងសិរីសោភ័ណ លោក ហឹល រ៉ាយ៉ា មានប្រសាសន៍ថា អាជ្ញាធរគ្រប់ផ្នែកពាក់ព័ន្ធបានរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ និងចាត់វិធានការចាំបាច់មួយចំនួន រួមមាន ការចងក្រងស្ថិតិ ការចុះវាស់កំដៅ អប់រំផ្ទាល់ឱ្យរក្សាអនាម័យស្នាក់នៅដោយឡែកតាមផ្ទះ និងបំរាមហាមឃាត់មិនឱ្យជួបជុំផឹកស៊ីជាដើម។
លោក ហឹល រ៉ាយ៉ា ប្រាប់ថា៖ «យើងពិនិត្យកំដៅទាំងជាង៨០០នាក់ហ្នឹងរួចហើយ អត់មានអ្នកក្ដៅលើសពី៣៨អង្សារទេ តែឃើញមានអ្នកផ្តាសាយមួយចំនួនតូច។ យើងបានណែនាំវិធានការការពារ ព្រមទាំងតាមដានជាប្រចាំ មិនឱ្យពួកគាត់ប្រមូលគ្នាហូបចុក ឬផឹកស៊ីអីដូចៗមុនៗទេ។ កន្លងទៅ ក៏បានទទួលព័ត៌មានថា មានអ្នកមកពីថៃខ្លះ ជិះម៉ូតូឆ្វេចឆ្វាចចុះឡើងអីហ្នឹង តែសមត្ថកិច្ចបានណែនាំពួកគាត់ពីបញ្ហាទាំងអស់ហ្នឹងហើយដែរ»។
តួលេខដែលផ្ដល់ដោយអភិបាលបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា មានពលករខ្មែរប្រមាណជាង ៨០០នាក់ដែលត្រលប់ពីប្រទេសថៃវិញ ចូលមកក្រុងសីរីសោភ័ណក្នុងពេលមួយសប្ដាហ៍ចុងក្រោយមុនថ្ងៃបិទព្រំដែនខ្មែរថៃ។ របាយការណ៍របស់ក្រសួងមហាផ្ទៃ ឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យមានពលករចំណាកស្រុកពីថៃប្រមាណជាង ១ម៉ឺននាក់។
មិនមែនតែពលរដ្ឋនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យទេ ដែលបារម្ភពីការរីករាលដាលនៃមេរោគកូវីដ១៩នេះ បន្ទាប់ពីមានវត្តមានពលករត្រលប់មកពីថៃនោះ ពលរដ្ឋនៅខេត្តផ្សេងៗទៀតក៏មានក្ដីបារម្ភដែរ។
ប្រជាពលរដ្ឋរស់នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ អ្នកស្រី ឡី សំណាង រៀបរាប់ប្រាប់វីអូឌីថា អ្នកភូមិគាត់ខ្លាចអ្នកមកពីថៃចម្លងជំងឺ ដោយសារលឺដំណឹងនៅថៃថា មានអ្នកឆ្លងជំងឺច្រើន។ អ្នកស្រីបន្ថែមថា ពលករនៅភូមិអ្នកស្រីមិនមានច្រើននាក់ទេ ប៉ុន្តែ ទាំងអ្នកផ្សារទាំងអ្នកភូមិសុទ្ធតែខ្លាចរអាចំពោះពួកគេ។
អ្នកស្រី ឡី សំណាង៖ «ចេះតែព្រួយបារម្ភ អ្នកខ្លះគេមិនហ៊ាននិយាយរកអ្នកទើបមកពីថៃថ្មីៗដែរ។ អ្នកមកពីថៃគេមិនសូវហ៊ានដើរដែរ គេខ្លាចយើងរើសអើងពួកគាត់ដែរ ព្រោះលឺសូរថៃឆ្លងច្រើន។ បើអ្នកផ្សារគេសុទ្ធតែវាំង (ឃាំងរនាំង) មិនឱ្យអ្នកទិញដើរចូលក្នុងផ្ទះគេទេ»។
អ្នកស្រីបន្ថែមថា នៅសហគមន៍របស់អ្នកស្រី អាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយតាមមេក្រូ ឱ្យពលរដ្ឋចេះការពារសុវត្ថិភាពផ្ទាល់ខ្លួន ដែលរួមមានថែរក្សាអនាម័យ ប្រើសាប៊ូលាងដៃ និងពាក់ម៉ាស់ជាដើម ប៉ុន្តែ អ្នកស្រីសង្កេតឃើញថា ពលរដ្ឋខ្លះទំនងជាអនុវត្តមិនទាន់បានល្អនៅឡើយ។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក អៀម សំអឿន បានឱ្យដឹងថា ប្រជាពលរដ្ឋក្នុងភូមិរបស់លោកក៏បានបារម្ភពីការឆ្លងរោគតាមភូមិដែរ ពេលបានទទួលពត៌មានពីការត្រលប់របស់ពលករខ្មែរពីប្រទេសថៃ។
លោក សំអឿន ប្រាប់ថា៖ «យើងមានការបារម្ភច្រើនករណីបងប្អូនគាត់មកពីថៃ ដំបូងគាត់មកហើយគាត់ដើរសេរី ខ្ញុំបានឃើញពួកគាត់ ខ្ញុំបានទាក់ទងផ្ដល់ព័ត៌មានទៅសាលាឃុំ ខាងសមត្ថកិច្ចនគរបាលប៉ុស្តិ៍គេបានចុះណែនាំគាត់ឱ្យគាត់នៅមួយកន្លែងវិញ»។
លោកបញ្ជាក់ថា អាជ្ញាធរភូមិឃុំបានផ្សព្វផ្សាយពីវិធីការពារមេរោគកូវីដ១៩នេះ តាមរយៈមេក្រូចល័តជារៀងរាល់ថ្ងៃ ដែលអាចធ្វើឱ្យពលរដ្ឋទទួលព័ត៌មានច្រើនជាងមុន។
បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃមានចំនួនសរុបជាង ៤ម៉ឺននាក់ (៤០៣៧៤នាក់) ដែលត្រលប់ទៅរស់នៅរាយប៉ាយទូទាំងប្រទេស គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។
កាលពីថ្ងៃទី២៧ ខែមីនា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា សុខភាពរបស់ពលករខ្មែរដែលមកពីប្រទេសថៃ ជាចំណុចហានិភ័យសម្រាប់កម្ពុជាដែលត្រូវយកចិត្តទុកដាក់។
លោក ស ខេង ថ្លែងថា៖ «យើងដាក់ចំណុចសួរថា តើពលករយើងមានសុខភាពយ៉ាងម៉េច? ចំណុចនេះជាហានិភ័យមួយ។ នៅវៀតណាម គេបិទភូមិមួយដោយសារភូមិនោះមានអ្នកមកពីអ៊ូហាន ១ឆ្លងដល់ ៥នាក់ឆ្លងរីករាលដាលបន្តទៀត បានគេបិទភូមិ។ ដូច្នេះ អាជ្ញាធរខេត្តត្រូវចាត់វិធានការចាត់ទុកភូមិណាដែលមានពលករយើងពីថៃចាប់ពីម្នាក់ឡើងទៅ ជាចំណុចក្ដៅ ដែលត្រូវតាមដាន និងយកចិត្តទុកដាក់»។
លោក ស ខេង ក៏បានមានប្រសាសន៍ជាសាធារណៈថា រាជរដ្ឋាភិបាលមិនមានលទ្ធភាពរៀបចំពលករមកពីថៃ ដាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃនោះទេ តែចាំបាច់ត្រូវណែនាំឱ្យពួកគេឱ្យអនុវត្តវិធាននេះតាមផ្ទះដោយខ្លួនឯង។
ទោះជាបែបណាក្ដី រលកនៃពលករអាចនឹងឆ្លងមកកាន់កម្ពុជាថែមទៀតនៅពេលដែលមានការសម្រេចបើកព្រំដែនកម្ពុជាថៃឡើងវិញនៅថ្ងៃទី០៥ ខែមេសាខាងមុខ ប្រសិនបើមិនមានការសម្រេចជាថ្មីរបស់ភាគីកម្ពុជាថៃទេនោះ។
ក្រសួងមហាផ្ទៃក៏បានចេញសេចក្ដីជូនដំណឹងមួយទៅកាន់រដ្ឋបាលខេត្តទាំងអស់ឱ្យចាត់វិធានការការពារចំពោះការឆ្លងរីករាលដាលក្នុងចំណោមពលករមកពីថៃ។ វិធានការដំបូង គឺពិនិត្យសុខភាពពលករពីថៃ រៀបចំដឹកជញ្ជូនពលករពីថៃ ចងក្រងស្ថិតិពលករពីថៃ ចាត់វិធានការអប់រំសុខភាព និងអប់រំឱ្យប្រជាពលរដ្ឋរស់នៅដាច់ដោយឡែកនៅតាមគ្រួសាររបស់ពួកគេ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ថ្លែងប្រាប់វីអូឌីថា កម្ពុជាមិនទាន់រកឃើញការឆ្លងរីករាលដាលនៅតាមសហគមន៍នៅឡើយទេ តែលទ្ធភាពនៃការឆ្លងរីករាលដាលនៅតាមសហគមន៍នេះអាចនឹងកើតមាន។
លោក លី សូវ៉ាន់ ប្រាប់ថា៖ «រហូតមកទល់ពេលនេះ មិនទាន់មានភស្តុតាង (ឆ្លងសហគមន៍) នោះទេ វាឆ្លងផ្ទាល់ពីអ្នកជំងឺនៅក្នុងស្រុកហើយ ឆ្លងពីអ្នកវិជ្ជមាន (អ្នកមានមេរោគ) តែម្ដង»។
នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា មានប្រសាសន៍ថា អាជ្ញាធរកម្ពុជាត្រូវចាត់វិធានការប្រកបដោយប្រសិទ្ធភាព ទាំងការអប់រំពីវិធីការពារជំងឺកូវីដ១៩ និងផ្ដល់ជំនួយក្នុងកាលៈទេសៈនេះ។
លោក មឿន តុលា ប្រាប់ថា៖ «គួរតែមានស្អីខ្លះដែលរដ្ឋគាំទ្រដល់ពលករទាំងអស់ រួមទាំងជំនួយដល់ពួកគាត់ផង។ រដ្ឋក៏ត្រូវគិតពីតម្រូវការចាំបាច់ភ្លាមៗរបស់ពួកគាត់ដែរ»។
វីអូឌីមិនអាចទាក់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសាកសួរពីប្រសិទ្ធភាពនៃការដាក់ចេញវិធានការរបស់ក្រសួងបានទេ នៅថ្ងៃទី៣០ ខែមីនា។
ទោះជាយ៉ាងណា អាជ្ញាធរខេត្តជាច្រើនបានប្រកាសក្នុងទំព័រហ្វេសប៊ុកសាលាខេត្តរៀងខ្លួនថា ខេត្តនីមួយៗបានរៀបចំទីកន្លែងមន្ទីរពេទ្យបម្រុងសម្រាប់ទទួលអ្នកជំងឺកូវីដ១៩នេះ តាមការបញ្ជារបស់ក្រសួងមហាផ្ទៃ។ គេហទំព័រក្រសួងមហាផ្ទៃផ្សាយថា រដ្ឋបាលខេត្តសៀមរាបបានត្រៀមបម្រុងអគារ ដើម្បីការពិនិត្យព្យាបាលអ្នកមានជំងឺ Covid-19 មាន ៤ទីតាំងបន្ថែមទៀត ដែលមានបន្ទប់សរុប ១៤៣បន្ទប់ ស្មើ២៨៦គ្រែ។
ចំពោះក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានត្រៀមទីតាំងបី រួមមាន សណ្ឋាគារមួយមាន ២៤បន្ទប់ ផ្ទះសំណាក់១កន្លែង ៤២បន្ទប់ និងមន្ទីរពេទ្យបង្អែកមួយ ដើម្បីត្រៀមទប់ទល់សភាពការណ៍។ នេះបើតាមការបញ្ជាក់របស់អភិបាលក្រុងសិរីសោភ័ណ លោក ហឹល រ៉ាយ៉ា។
ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជារកឃើញមានអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន ១០៩ករណី គិតដល់ថ្ងៃទី៣១ ខែមីនា ក្នុងនោះ ៨៦នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និង ២៣នាក់ត្រូវបានប្រកាសថាជាសះស្បើយ។ សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បង្ហាញថា គេមិនទាន់រកឃើញពលករខ្មែរពីប្រទេសថៃមានផ្ទុកមេរោគកូវីដ១៩នៅឡើយទេ។
អ្នករត់ម៉ូតូឌុប លោក ហួត យ៉ន លើកឡើងថា លោកព្យាយាមថែសុខភាព និងអនាម័យ ដើម្បីការពារកុំឱ្យឆ្លងកូវីដ១៩ តែលោកនៅតែគិតថា ខ្លួនប្រឈមនឹងការឆ្លងជំងឺ ព្រោះលោកនៅតែរត់ម៉ូតូជារៀងរាល់ថ្ងៃ។
លោក ហួត យ៉ន៖ «ពិបាកដែរ ខ្ញុំត្រូវដឹកទាំងអស់ មិនដឹងថា អ្នកណាមកពីថៃ ឬនៅខ្មែរអីទេ គ្រាន់តែថា ប្រយ័ត្នៗជាមុន»៕