រដ្ឋា​ភិបាល​ពិនិត្យ​ឡើង​វិញ​ការ​ផ្ដល់​ប្រាក់​៦០​%​ឱ្យ​កម្មករ ក្រោយ​ថៅ​កែ​គ្មាន​លទ្ធ​ភាព​

កម្មករ-កម្មការិនីរាប់រយនាក់បម្រើការងារនៅរោងចក្រ ចាកា ស៊ូ (Jacka Shoes Manufactory Co.,Ltd) ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តវ៉ារឿងថៅកែព្យួរការងារដោយមិនដោះស្រាយសំណងត្រឹមត្រូវ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។ (ផ្ដល់ឱ្យដោយកម្មករ)

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អះអាងថា រដ្ឋាភិបាលកំពុងពិនិត្យឡើងវិញ ចំពោះការតម្រូវឱ្យថៅកែរោងចក្របើកប្រាក់ ៤០ភាគរយឱ្យកម្មករ ក្នុងអំឡុងពេលព្យួរការងារ។

ការអះអាងរបស់ក្រសួងការងារនេះ ធ្វើឡើងបន្ទាប់ពីអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC លោក ខេន លូ លើកឡើងកាលពីម្សិលមិញថា ថៅកែមិនមានលទ្ធភាពបើកប្រាក់ ៤០ ភាគរយឱ្យកម្មករ ពេលព្យួរការងារតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា ក្រសួងកំពុងពិនិត្យឡើងវិញពីការតម្រូវឱ្យថៅកែរោងចក្របើកប្រាក់ ៤០ភាគរយឱ្យកម្មករ អំឡុងពេលព្យួរការងារ។ ដោយឡែក ប្រាក់ ២០ភាគរយវិញ លោកថា រដ្ឋាភិបាលនៅតែផ្ដល់ឱ្យកម្មករដដែល។

លោក ហេង សួរ ប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាមថា៖ «រដ្ឋាភិបាល (MEF និង MLVT) នឹងពិនិត្យមើលភស្តុតាងនៃការលុបចោលបទបញ្ជា។ រដ្ឋាភិបាលបានរួមចំណែករួច [២០ភាគរយ] ហើយ។ ហើយអ្វីដែលនៅសល់គឺអាស្រ័យលើកម្មករ និងនិយោជិកមានទំនាក់ទំនងគ្នា។ វាគឺជាដំណើរការទូទៅមួយ»។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក ហ៊ុន សែន ប្រកាសថា នៅពេលរោងចក្រព្យួរការងារ​កម្មករនោះ លោកថា កម្មករនឹងទទួលបានប្រាក់ឈ្នួល ៦០ភាគរយនៃប្រាក់ខែគោលរបស់ពួកគេ​ ក្នុង​នោះ​ ថៅកែរោងចក្រត្រូវទទួល​បន្ទុក​បើក​ឱ្យកម្មករ ៤០ភាគរយ និងរាជរដ្ឋាភិបាលចូល​រួម​ចំណែក ២០ភាគរយ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ ដោយធ្វើយ៉ាងណាឱ្យកម្មករទទួលបានប្រាក់ ៦០ភាគរយ ដើម្បីឱ្យពួកគេមានប្រាក់សម្រាប់ដោះស្រាយបញ្ហាជីវភាពគ្រួសារ ក្នុងអំឡុងពេលព្យួរការងារ។ លោកបន្តថា ប្រសិនបើមិនមានដំណោះស្រាយទេ លោកថា កម្មករនឹងរងផលប៉ះពាល់ខ្លាំង ហើយផលប៉ះពាល់របស់កម្មករនេះ នឹងជះឥទ្ធិពលទៅលើរដ្ឋាភិបាលផងដែរ។

លោកថា៖ «៦០% ត្រឹមតែ ១២០ដុល្លារទេ នៅគាត់ជួលផ្ទះ នៅគាត់បាយទឹក ហ្នឹងមិននិយាយរឿងបង់ធនាគារ ​ឬតម្រូវការសង្គមផ្សេងៗ។ អ៊ីចឹង បើឱ្យនិយោជកអ្នកសម្រេចនោះ ​និយោជកខ្លះបង់ និងខ្លះទៀតអត់បង់ អ៊ីចឹងមានវិបត្តិហើយ។ វិបត្តិ គឺកម្មករអត់មានលុយចាយ ​មានការតវ៉ា ជម្លោះគ្នាអ៊ីចឹងទៅ។ រាល់ថ្ងៃមិនមានជម្លោះ ដោយសារ រដ្ឋាភិបាលចេញគោលការណ៍ហ្នឹង [ឱ្យប្រាក់ ៦០ភាគរយ] ​កុំអីតវ៉ា [កម្មករ] ទាមទារច្រើនជាងហ្នឹងបាត់ហើយ»។

លោក អាត់ ធន់ ថ្លែងថា លោកមិនទាន់បានដឹងពីដំណើរការពិនិត្យឡើងវិញលើគោលការណ៍នេះដល់ណា ហើយក៏មិនទទួលបានការកោះប្រជុំពីក្រសួងការងារដើម្បីពិភាក្សាលើបញ្ហានេះដែរ។​

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឱ្យដឹងថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រោងចក្រជិត ៨០ បានដាក់ពាក្យស្នើសុំព្យួរការងារ ដោយសារ គ្មានវត្ថុធាតុដើមសម្រាប់ផលិត ដែលធ្វើប៉ះពាល់កម្មករប្រហែល ៣ម៉ឺននាក់។ លោកបន្តថា ផលប៉ះពាល់ដោយសារ ជំងឺកូវីដ-១៩ នេះ ក៏បានធ្វើឱ្យអ្នកបញ្ជាទិញមួយចំនួន ផ្អាកទទួលទំនិញដែលបានផលិតរួចពីកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ