ពលករ​ជាង​១​ពាន់​នាក់​ធ្វើ​ដំណើរ​តាម​ច្រក​ព្រំ​ដែន​ស្វាយ​រៀង​អំឡុង​ពេល​ផ្ទុះ​មេរោគ​កូវីដ​១៩​

មន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង​ ថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២០​។ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI)

មន្ត្រីជាន់ខ្ពស់សាលាខេត្តស្វាយរៀង បានឱ្យដឹងថា ពលករដែលមកពីភូមិសាស្ត្រផ្សេងៗតាមច្រកព្រំដែនខេត្តនេះមានប្រមាណ ១១២០នាក់ ចាប់តាំងពីមានការផ្ទុះឆ្លងរាលដាលមេរោគកូវីដ១៩ ប៉ុន្តែ អាជ្ញាធរបញ្ជាក់ថា ពលករទាំងនោះមិនមានផ្ទុកមេរោគផ្លូវដង្ហើមនេះឡើយ។​

អ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធ មានប្រសាសន៍ថា គិតត្រឹមម៉ោង ៣រសៀល នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ពលករដែលបានវិលត្រឡប់មកពីប្រទេសផ្សេងៗចូលតាមច្រករមាសហែក ស្រុកស្វាយជ្រុំ ស្រុករំដួល ស្រុកចន្ទ្រា និងក្រុងបាវិតជាដើម មានចំនួនសរុប​ ១១២០នាក់ ក្នុងនោះមានស្រី ៤៤៥នាក់ និងក្មេងៗចំនួន ៣៧នាក់។

លោក ផារិទ្ធ បញ្ជាក់ថា ពលករជាងមួយពាន់នាក់នោះ មិនមានអ្នកឆ្លងជំងឺកូវីដ-១៩នោះទេ។ ប៉ុន្តែ លោកបន្តថា ដើម្បីបង្ការ ឬទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នេះឱ្យមានប្រសិទ្ធិភាព ក្រុមការងារជំនាញរបស់ខេត្តក៏បានសហការជាមួយអង្គភាពពាក់ព័ន្ធរួមមាន ក្រុង មន្ទីរ ស្រុក ឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលជាដើម ដើម្បីធ្វើការអប់រំណែនាំដល់ពលករទាំងនោះនៅតាមមូលដ្ឋានឱ្យយល់ដឹងពីវិធានការទប់ស្កាត់របស់ក្រសួងសុខាភិបាលផងដែរ។

កាលពីខែមីនា កន្លងទៅ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងពីអាជ្ញាធរមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យសុខភាពពលករដែលត្រឡប់ពីក្រៅប្រទេស ស្វែងរកមេរោគកូវីដ១៩។ ដោយបារម្ភពីការឆ្លងរាលដាលមេរោគផ្លូវដង្ហើមនេះ លោកក៏បានស្នើសុំគោលការណ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបិទភូមិ ប្រសិនបើរកឃើញថា ភូមិណាមួយមានអ្នកកើតកូវីដ១៩ ចំនួន២ ទៅ៣ករណី។

ក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនអាចប្រមូលប្រជាពលករទាំងជាង ៥ម៉ឺននាក់ដែលត្រឡប់មកពីក្រៅប្រទេសចូលកម្ពុជា យកទៅទុកនៅកន្លែងដាច់ដោយឡែកទាំងអស់បានទេ ប៉ុន្តែ លោកបានបញ្ជាទៅមន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវពិនិត្យគ្រប់គ្រងគោលដៅនៅតាមភូមិទាំងអស់ ដែលមានពលរដ្ឋមកពីប្រទេសថៃ ឬមកពីប្រទេសក្រៅផ្សេងទៀត ខណៈជំងឺដែលឆ្លងមកដល់កម្ពុជាស្ទើរតែទាំងអស់ គឺនាំចូលពីខាងក្រៅប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ