រដ្ឋា​ភិ​បាល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរស​ជន​ជាង​១០​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​កូវីដ​១៩​

ប្រជាពលរដ្ឋចេញចូលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

មន្ត្រីគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យដឹងថា គិតត្រឹមថ្ងៃទី២ ខែមេសានេះ គណៈកម្មការទទួលបានប្រាក់ឧបត្ថម្ភពីសប្បុរសជនជាង ១០លានដុល្លារ ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រួមទាំងលោកនាយករដ្ឋមន្ត្រីផង បានប្រកាសផ្តល់ប្រាក់ខែគាំទ្រជាបន្តបន្ទាប់។

មន្ត្រីគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រចាំការនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក សេង ទៀង ប្រាប់វីអូឌីថា គិតមកដល់ថ្ងៃនេះ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានលុយជាសាច់ប្រាក់ពីសប្បុរសជនចំនួន ១០លាន ១សែន ៧ម៉ឺនដុល្លារ។ លោកបន្តថា ទន្ទឹមនឹងទទួលបានប្រាក់ឧត្ថម្ភទាំងនេះ ក៏មានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើននាក់ទៀត បានប្រកាសផ្តល់ប្រាក់ខែរបស់ខ្លួនម្នាក់ៗពី៦ ទៅ ៧ខែ ផ្តល់ជូនគណៈកម្មការដើម្បីប្រឆាំងជំងឺកូវីដ១៩ដែរ។ ប៉ុន្តែ សាច់ប្រាក់ជាក់ស្តែងពីប្រាក់ខែមន្ត្រីទាំងនោះមិនដល់ដៃគណៈកម្មការទេ។​

លោកបន្ថែមថា៖ «អ្នកខ្លះប្រកាសហើយ ប៉ុន្តែ លុយមិនទាន់មកដល់។ ឥឡូវហ្នឹង យើងទទួលបានសាច់លុយចំនួន ១០លាន ១៧ម៉ឺនដុល្លារហើយ»

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន​បានប្រកាសផ្តល់ប្រាក់ខែរបស់ខ្លួន ដើម្បីប្រើប្រាស់ផ្សេងៗប្រឆាំងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍នេះ រួមមាន រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រដ្ឋមន្ត្រីថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានសម្រេចបរិច្ចាគប្រាក់ខែរបស់ខ្លួនចំនួន ៦ខែ ចំណែក​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបរិច្ចាគប្រាក់ខែចំនួន ៧ខែ។​

បច្ចុប្បន្ន ប្រាក់ខែរបស់នាយករដ្ឋមន្ត្រីទទួលបានប្រមាណ ១០លានរៀល ចំណែកប្រាក់ខែរដ្ឋមន្ត្រីទទួលបានប្រមាណ ៥លានរៀល។​

បើតាមមន្ត្រីគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រចាំការនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក សេង ទៀង គឺនៅមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើននាក់ផ្សេងៗទៀត ត្រៀមប្រកាសផ្តល់ប្រាក់ខែរបស់ខ្លួន ដើម្បីប្រឆាំងជំងឺកូវីដ១៩នេះ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ មានប្រសាសន៍ថា ករណីមន្ត្រីរដ្ឋាភិបាលនាំគ្នាប្រកាសបរិច្ចាគប្រាក់ខែ ដើម្បីប្រឆាំងជំងឺកូវីដ១៩នេះ វាជាសញ្ញាល្អមួយបង្ហាញទៅមន្ត្រីរាជការទាំងអស់យល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងជួបគ្រោះអាសន្ន។ ប៉ុន្តែ លោកថា ការធ្វើតែប៉ុណ្ណឹងមិនគ្រប់គ្រាន់នោះទេ សម្រាប់ប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកពេលបច្ចុប្បន្នដោយសារជំងឺកូវីដ១៩នេះ។

ឧត្តមក្រុមប្រឹក្សារូបនេះ ជំរុញឱ្យរដ្ឋាភិបាលត្រូវគិតគូរបន្ថែមទៀតក្នុងការបញ្ចេញកញ្ចប់ថវិកា ដើម្បីគាំទ្រលើវិស័យមួយចំនួន ជាពិសេសខាងធនាគារ ដែលលោកថា ប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាកខ្លាំង ដោយសារខ្វះលុយបង់សងធនាគារទាំងនោះ។

លោកបន្ថែមថា៖ «យើងចំណាយលុយដើម្បីប្រឆាំងកូវីដមួយមុខ គឺវាបានជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពិតប្រាកដ។ សុខទុក្ខប្រជាពលរដ្ឋពិតប្រាកដមួយទៀតនៅពេលនេះ គឺវាមិនមែនភ័យកូវីដ១៩ តែមួយមុខទេ តែភ័យខ្លាចអត់លុយបង់ធនាគារ។ អីចឹង រដ្ឋាភិបាលត្រូវដោះស្រាយមុនគេ គឺការបង់សងបំណុលខាងធនាគារនេះឯង។ យើងមើលប្រទេសថៃគេ គេចាប់ផ្តើមធ្វើមុនគេ គឺការដោះស្រាយបំណុលធនាគារឱ្យប្រជាពលរដ្ឋគេតែម្តង ព្រោះគេដឹងសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋគេតែម្តង»

ក្រសួងសុខាភិបាលឱ្យដឹងថា គិតមកដល់ថ្ងៃនេះ អ្នកមានជំងឺកូវីដ១៩ ដែលបានរកឃើញទាំងអស់នៅកម្ពុជា មានចំនួន ១១០នាក់ ក្នុងនោះស្ត្រី ៣០នាក់ និងបុរស ៨០នាក់ ហើយថា ក្នុងចំណោមអ្នករកឃើញជំងឺទាំងនោះ មានអ្នកព្យាបាលជាសះស្បើយសរុបមានចំនួន ៣៤នាក់។

ពាក់ព័ន្ធបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩នេះ រដ្ឋាភិបាលកំពុងដំណើរការរៀបចំសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសស្ថិតនៅក្នុងគ្រាអាសន្ន ដើម្បីទុកប្រើប្រាស់ក្នុងករណីចាំបាច់ បើសិនជាជំងឺនេះឆ្លងរាលដាលកាន់តែខ្លាំង។ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យសប្បុរសជនជួយឧបត្ថម្ភដល់រដ្ឋាភិបាលក្នុងការរៀបចំប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩នេះដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ