រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានក្រើនរំឭករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចូលកាន់ដំណែងថ្មី លោក កើត រិទ្ធ ឱ្យពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។
ក្នុងពិធីផ្ទេរតំណែង ដែលលោក កើត រិទ្ធ ពីរដ្ឋលេខាធិការឡើងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជំនួសលោក អង្គវង្ស វឌ្ឍានា នាថ្ងៃពុធម្សិលមិញ នៅរាជធានីភ្នំពេញនោះ លោក ស ខេង ថ្លែងថា ក្នុងតំណែងលោក អង្គវង្ស វឌ្ឍានា កំណែទង្រង់មួយចំនួនបានធ្វើឡើង។ ប៉ុន្តែថា បញ្ហាសង្គមមួយចំនួននៅមិនទាន់បានដោះស្រាយនៅឡើយ។
លោក ស ខេង ក្រើនរំឭកឱ្យពិនិត្យមើលឡើងវិញពីលទ្ធភាពធ្វើវិសោធនកម្មច្បាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គម ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រយុទ្ធប្រឆាំងអំពើអយុត្តិធម៌សង្គម ។
លោកថា៖ «ពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌ តាមរយៈការពង្រឹងវិន័យ និងការបំពេញវិជ្ជាជីវៈរបស់មន្ត្រីតុលាការ ព្រមទាំងលើកកម្ពស់សេវាយុត្តិធម៌នៅតាមសាលាជម្រះក្តី ប្រកបដោយតម្លាភាព ធានាបាននូវយុត្តិធម៌តាមផ្លូវច្បាប់»។
ក្នុងពិធីនោះ លោក កើត រិទ្ធ បានថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាល និងរដ្ឋសភា ដែលបានផ្តល់ទំនុកចិត្តផ្តល់ឱ្យកាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពេលនេះ ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីវ័យក្មេងរូបនេះ បានប្តេជ្ញាថា នឹងសហការជាមួយមន្ត្រីជុំវិញខ្លួន ដើម្បីបន្តធ្វើកំណែទម្រង់ ធានាដល់ការពង្រឹងនីតិរដ្ឋនៅកម្ពុជា។
លោកថា៖ «ដើម្បីសម្រេចបាននូវគោលដៅទាំងអស់ខាងលើ ខ្ញុំសង្ឃឹមថា មន្ត្រីទាំងអស់នៃថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀត នឹងចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុក្នុងការពង្រឹងនីតិរដ្ឋនៅកម្ពុជា»។
អ្នកវិភាគបញ្ហាសង្គម លោក គឹម សុខ បង្ហាញការយល់ឃើញថា លោក ស ខេង នឹងខកចិត្តពីក្តីរំពឹងនេះ លោកថា លោក កើត រិទ្ធ នឹងមិនអាចធ្វើអ្វីបានក្រៅពីបន្តប្រើប្រព័ន្ធច្បាប់មួយនេះ ជាឧបករណ៍នយោបាយឱ្យនាយករដ្ឋមន្ត្រីដដែលទេ។
លោកថា៖ «លោក កើត រិទ្ធ ជាមនុស្សគន្លឹះក្នុងយុទ្ធនាការកែច្បាប់គណបក្សនយោបាយ ច្បាប់បោះឆ្នោត រហូតដល់រំលាយគណបក្សប្រឆាំងបានសម្រេច ទាំងសម្លាប់ប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាស្ទើរតែផុតដង្ហើមដូចសព្វថ្ងៃ។ ពេលគាត់បានធ្វើជារដ្ឋមន្ត្រី គាត់ច្បាស់ជាធ្វើអ្វីៗដើម្បីនូវឥទ្ធិពលអំណាចនៃគ្រួសារ ហ៊ុន ហើយ»។
ទោះជាយ៉ាងណា លោក កើត រិទ្ធ បានអះអាងថា សមិទ្ធផលជាច្រើននៃការធ្វើកំណែទម្រង់រយៈពេល១៦ឆ្នាំក្រោមការដឹកនាំរបស់លោក អង្គរង្ស វឌ្ឍានា វាបានកើតឡើងហើយ ទាំងក្របខណ្ឌច្បាប់ ធនធានមនុស្សក្នុងវិស័យច្បាប់ និងពង្រីកសាលាជម្រះក្តី ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ។
បើតាមលោក កើត រិទ្ធ ក្របខណ្ឌច្បាប់ដែលក្រសួងយុត្តិធម៌បង្កើតបាន មានក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងច្បាប់គោល ៣ទៀត ពាក់ព័ន្ធទៅនឹងវិស័យយុត្តិធម៌ ។
ក្នុងនោះមានច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងពង្រីកទីតាំងសាលាឧទ្ធរណ៍តំបន់ ៣ទៀត ដើម្បីដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការ ។
លោក ស ខេង អះអាងថា បញ្ហាកកស្ទះសំណុំរឿងនៅតុលាការ មិនទាន់ដោះស្រាយបាននេះ ជំរុញឱ្យមានការរិះគន់ពីការរំលោភសិទ្ធិមនុស្ស។
បើតាមមេដឹកនាំរូបនេះ គិតត្រឹមបំណាច់ខែមីនា អ្នកជាប់ឃុំក្នុងពន្ធនាគារមានជិត ៤ម៉ឺននាក់ (៣៨៩៩០) ក្នុងនោះជាង ២ម៉ឺននាក់មិនទាន់បានដោះស្រាយនៅឡើយ។
គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញរបាយការណ៍កាលពីឆ្នាំ២០១៩ វាយតម្លៃថា ប្រទេសកម្ពុជាមាននីតិរដ្ឋទាប ប្រព័ន្ធយុត្តិធម៌ស្ថិតនៅជិតបាតតារាង ក្នុងចំណោម ១១៣ប្រទេស កម្ពុជានៅលំដាប់ ១១២។
អង្គការតម្លាភាព ហៅកាត់ថា (TI) កាលពីដើមឆ្នាំ២០១៩ បានចេញរបាយការណ៍មួយរកឃើញថា កម្ពុជា មានអំពើពុករលួយខ្ពស់ជាងគេក្នុងប្រទេសជាសមាជិកអាស៊ាន។
របាយការណ៍បញ្ជាក់ថា៖ «អ្វីដែលទាញកម្ពុជាឱ្យធ្លាក់ពិន្ទុ មកពីអំពើពុករលួយនយោបាយក្នុងប្រព័ន្ធយុត្តិធម៌»៕