លោក ហ៊ុន សែន បង្ហាញ​ការ​តាំង​ចិត្ត​ថា​មិន​ឱ្យ​ពលរដ្ឋ​ស្លាប់​គរ​ជើង​ដោយ​សារ​កូវីដ​-​១៩​

នៅព្រឹកថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ជុំវិញការវិវត្តថ្មីៗនៃសង្គមជាតិ ដែលបានធ្វើឡើងនៅវិមានសភាជាតិ។ (ជន ចាន់រ៉ែន)

លោក​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែ​ន ​បាន​បង្ហា​ញកា​រតាំ​ងចិ​ត្តថា​ ក​ម្ពុជា​នឹង​គ្មាន​អ្នក​ស្លា​ប់គ​រជើ​ងគ្នា​ដោយ​សារជំងឺរលាកផ្លូវដ​ង្ហើ​មថ្មី ហៅ កូវីដ១៩ ដូចប​ណ្តាប្រទេស​មួយចំនួនលើពិភព​លោកនោះទេ។

នេះបើ​តាម​ខ្លឹ​មសា​រ​នៅលើ​ទំព័​រហ្វេ​សប៊ុករបស់​នាយ​ករ​ដ្ឋម​ន្ត្រី ​កាល​ពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។

តាមហ្វេសប៊ុកដដែល លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋមានជំនឿទុកចិត្តលើវិធានការសុខភាពសាធារណៈរបស់រាជរដ្ឋាភិបាល។

មេដឹកនាំរូបនេះ បង្ហាញការតាំងចិត្តថា៖ «កម្ពុជាមិនឱ្យមានសភាពស្លាប់គរជើងដូចយើងឃើញនៅក្រៅប្រទេសនោះឡើយ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអះអាងដែរថា មកដល់ពេលនេះ កម្ពុជាបានបង្កើនសមត្ថភាពខ្លួនឯងផលិតឧបករណ៍បរិក្ខារពេទ្យ និងសម្ភារប្រើប្រាស់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងមេរោគនេះ ដូចជា ខោ អាវ មួក ម៉ាស ទឹកអាល់កុលសម្រាប់លាងដៃសម្លាប់មេរោគកូវីដ១៩ជាដើម។

ក្រៅពីនេះ រដ្ឋាភិបាលថា បានត្រៀមស្បៀងបម្រុងទុក ទប់ទល់នឹងវិបត្តិនេះរួចរាល់ហើយក្នុងរយៈពេលវែង ។

ប៉ុន្តែ ទន្ទឹមគ្នានេះ រដ្ឋាភិបាលបានប្រកាសពីលទ្ធភាពដាក់ប្រទេសក្នុងគ្រាមានអាសន្នក្នុងករណីចាំបាច់ ដើម្បីគ្រប់គ្រងស្ថានការណ៍ ខណៈកម្ពុជាកំពុងជួបវិបត្តិនេះ។

ទន្ទឹមនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋជឿជាក់លើសេវាថែទាំសុខភាពរបស់រដ្ឋាភិបាលនេះ គឺកន្លងមក លោក កែម ឡី  និងលោកវេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់រិះគន់ប្រព័ន្ធសុខាភិបាលនៅកម្ពុជាថា មិនត្រឹមតែត្រូវធ្វើកំណែទម្រង់ទេ គឺត្រូវធ្វើបដិវត្តន៍តែម្តង។ ចំណែកមន្ត្រីជាន់ខ្ពស់រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ក៏តែងតែបង្ហាញសារ និងរូបភាពលើបណ្តាញសង្គមពីការទទួលការព្យាបាលជំងឺនៅក្រៅប្រទេសដែរ។​

ប្រធានមជ្ឈមណ្ឌលទស្សនវិទ្យាអនុវត្តន៍ និងសីលធម៌កម្ពុជា លោកបណ្ឌិត ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា ភាពជោគជ័យរបស់រដ្ឋាភិបាល មិនអាចខ្វះការចូលរួមពីប្រជាពលរដ្ឋបានទេ រីឯតម្លាភាពនៃការទប់ស្កាត់ មេរោគ និងគុណភាពសុខាភិបាល ក៏ជាគន្លឹះក្នុងការបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋផងដែរ។

ប៉ុន្តែ លោក ប៉ា ច័ន្ទរឿន ថា ទោះរដ្ឋមានច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នក៏ដោយ បើការសន្យានោះបែរជាមិនបានឆ្លើយតបនឹងផលប៉ះពាល់របស់ពលរដ្ឋ បន្ទុកធ្ងន់ធ្ងរនឹងធ្លាក់ទៅលើរដ្ឋាភិបាលខ្លួនឯង ។

លោកថា៖ «ជាការពិត នៅពេលដែលមនុស្សប៉ះពាល់ដល់ឆ្នាំងបាយហើយ មានតែចេញមកតវ៉ាហើយ វាជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលនៅក្នុងការដោះស្រាយ»។

លោក ប៉ា ច័ន្ទរឿន អះអាងដែរថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ជាវិធានការប្រាសចាកពីស្មារតីរដ្ឋធម្មនុញ្ញ បើពលរដ្ឋនៅស្តាប់អាជ្ញាធរ ស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលនៅឡើយនោះ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ប្រហាក់ប្រហែលដែរថា ការសន្យារបស់មេដឹកនាំ វាជាទម្លាប់ ប៉ុន្តែថា ដើម្បីទប់ស្កាត់វិបត្តិ វាទាល់តែបញ្ហាសង្គមដែលបានកើតឡើងត្រូវបានដោះស្រាយ ឆ្លើយតបទៅនឹងទំហំនៃផលប៉ះពាល់។

លោកថា៖ «របៀបនៃការអនុវត្តនេះ វាជាការសហការគ្នាពីថ្នាក់ជាតិរហូតមូលដ្ឋាន និងចាំបាច់ត្រូវតែមានកិច្ចសហការគ្នា ហើយជាការជួយគ្នាក្នុងគ្រាជួបការលំបាក»។

គិតត្រឹមថ្ងៃសុក្រនេះ មេរោគកូវីដ១៩ បានឆ្លងទៅដល់មនុស្សជាង ១លាននាក់ និងស្លាប់ជាង ៥ពាក់នាក់ លើពិភពលោក។ ក្នុងនោះ អ៊ីតាលីនាំមុខគេ ដោយមានអ្នកស្លាប់ជាង ១ម៉ឺន ៣ពាន់នាក់ (១៣៩១៥) អាមេរិកស្លាប់ជាង ៦ពាន់នាក់ (៦០៩៥) អេស្ប៉ាញស្លាប់ជាង ១ម៉ឺន ៣រយ (១០៣៤៨) អាល្លឺម៉ង់ស្លាប់ជាង ១ពាន់ ១រយនាក់ (១១០៧) ខណៈកម្ពុជាមិនទាន់មានអ្នកស្លាប់ តែមានអ្នកផ្ទុកមេរោគនេះ ១១៤នាក់ គិតត្រឹមម៉ោងផ្សាយថ្ងៃទី៣ ខែមេសានេះ  ។

ទោះជាយ៉ាងណា អ្នកឃ្លាំមើលបង្ហាញការយល់ឃើញថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ចំពេលពលរដ្ឋនៅគោរពច្បាប់នៅឡើយ ថាជាវិធានការដើម្បីគេចចេញពីការទទួលខុសត្រូវរបស់អ្នកដឹកនាំប្រទេស។

យ៉ាងនេះក្តី រដ្ឋាភិបាល បានក្រើនរំឭកទៅប្រជាពលរដ្ឋឱ្យថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងសហការជាមួយមន្ទីរពេទ្យ ប្រសិនបើមានការសង្ស័យនៃជំងឺឆ្លងកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ