ពលរដ្ឋ​មួយ​ចំនួន​​នៅ​ក្បែរ​ព្រំដែន​ជា​មួយ​វៀត​ណាម​បារម្ភ​ខ្វះ​បន្លែ​បរិភោគ​

ស្ត្រីជាកសិករម្នាក់កំពុងស្រោចបន្លែ ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល កាលពីដើមឆ្នាំ២០១៩។ (ជន ចាន់រ៉ែន)

ពលរដ្ឋ និងអាជីវករមួយចំនួននៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម បារម្ភខ្វះបន្លែបរិភោគ និងប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ នៅពេលប្រទេសទាំងពីរសម្រេចបិទច្រកព្រំដែនបណ្តោះអាសន្ន ដើម្បីការពារការឆ្លងរាលដាលមេរោគកូវីដ១៩។​

អាជីវករ អ្នកស្រី ប៉ាក យឿន នៅស្រុកកោះធំ ខេត្តកណ្តាល និយាយថា ប្រហែលជាមួយសប្តាហ៍ចុងក្រោយនេះ វៀតណាមបិទច្រកនៃប្រទេសទាំងពីរបណ្តោះអាសន្ន ដោយមិនឱ្យប្រជាពលរដ្ឋឆ្លងកាត់ចូលទឹកដីទៅវិញទៅមកនោះទេ។ អ្នកស្រីថា ពីមុនគាត់អាចឆ្លងចូលទឹកដីវៀតណាមដើម្បីទិញបន្លែយកមកលក់បន្ត ប៉ុន្តែ ពេលនេះ មិនអាចឆ្លងទៅបានទេ គឺអាជីវករវៀតណាម​ជាអ្នកដឹកបន្លែចូលទឹកដីកម្ពុជា តាមចំនួន និងទីតាំងកំណត់ធ្វើឱ្យបន្លែមួយចំនួនឡើងថ្លៃ។​

អាជីវកររូបនោះនិយាយថា៖ «មិនសូវជាល្អដូចយើងទៅរើសខ្លួនឯងទេ គេដាក់យកមកឱ្យយើងចឹង បើយើងទៅរើសខ្លួនឯង យើងបានតថ្លៃគេ ហើយបានបន្លៃល្អជាង»។

អាជីវករម្នាក់ទៀត ​សែម ភា និយាយថា បើកម្ពុជា-វៀតណាម បិទច្រកព្រំដែនដោយមិនអនុញ្ញាតឱ្យនាំបន្លែវៀតណាមចូលចរាចរនៅក្នុងប្រទេសកម្ពុជាទេ នឹងធ្វើឱ្យប្រជាពលរដ្ឋខ្មែរជួបបញ្ហាប្រឈមខ្វះបន្លែបរិភោគជាដើម។

អាជីវករនិយាយថា៖ «បើសិនជាវៀតណាមបិទការនាំចូលបន្លែ ខ្មែរយើងដាំហូបអត់គ្រប់គ្រាន់ក្នុងប្រទេស​ ដោយសារខ្មែរយើងអត់មានគ្រប់មុខ ដូចថា គាត់ដាំដែរ តែដាំតែស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ ហើយនិងខ្ទឹម វៀតណាមកម្ម៉ង់អ្វី មានហ្នឹង ហើយខ្មែយើងកម្ម៉ង់អត់បានទេ ដូចថា គាត់មានស៊ុប មានការ មានកម្មវិធីជប់លៀងអ្វីផ្សេងៗ បើយើងចង់កម្ម៉ង់យកតាមហូប តាមកម្ម៉ង់អញ្ចឹងអត់មានទេរបស់ខ្មែរ»។

ចំណែកប្រជាពលរដ្ឋនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក ញាញ់ ចំរើន មានប្រសាស៍ កន្លងមក នៅស្រុករបស់លោកមានជនជាតិវៀតណាមដឹកបន្លែតាមច្រករបៀងឈ្មោះ ស្រែតានង ភូមិតានង ឃុំចាន់មួល ស្រុមេមត់ ដើម្បីយកមកលក់ឱ្យប្រជាពលរដ្ឋខ្មែរជារៀងរាល់ថ្ងៃ ប៉ុន្តែ លោកថា ក្រោយពីរដ្ឋាភិបាលប្រកាសបិទច្រកព្រំដែននោះ វៀតណាមឈប់នាំបន្លែលក់ឱ្យពលរដ្ឋខ្មែរ ជាហេតុធ្វើឱ្យពួកគេជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ ដែលត្រូវចំណាយលុយលើសពីមុនចាប់ពី ៥០០០រៀលឡើង ទើបទិញម្ហូបទុកបរិភោគបានមួយថ្ងៃគ្រប់គ្រាន់។

ទោះជាបែបនេះក្តី លោកស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ធ្វើយ៉ាងណាបង្រៀនប្រជាកសិករខ្មែរឱ្យចេះវិធីដាំបន្លែ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើងវិញ។

លោកអំពាវនាវដូចនេះថា៖ «អ្វីដែលខ្ញុំសំណូមពរ [មន្ត្រីរដ្ឋាភិបាល] គួរតែបញ្ជូនគ្រូដែលបណ្តុះបណ្តាលផ្នែកកសិកម្ម ឱ្យទៅចូលរួមបណ្តុះបណ្តាលកសិករយើងឱ្យចេះដាំដុះច្រើន កុំឱ្យពឹងទៅលើកសិករចំនួនតិច ឬក៏ស្រុកក្រៅអញ្ចឹង ​ឱ្យគាត់ចេះដាំដុះខ្លួនឯង ហើយបង្កើតទីផ្សារ​មួយសំរាប់ផ្គត់ផ្គង់ក្នុងស្រុករបស់យើង វាប្រសើរសំរាប់ស្រុករបស់យើង»។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ពន្យល់ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាឱ្យដោះដូរទំនិញ និងបន្លែ សាច់គ្រប់មុខដូចសព្វដង។ លើកលែងតែអាជីវករកម្ពុជា និងអាជីវករវៀតណាម ទៅទិញបន្លែ និងសាច់ខ្លួនឯង គឺអាជ្ញាធរព្រំដែនមិនអនុញាតឱ្យនាំចេញចូលដូចមុននោះទេ។

ទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីរូបនោះលើកទឹកចិត្តដល់ប្រជាកសិករខ្មែរ ដែលមានបំណងធ្វើកសិកម្មពិតប្រាកដ ត្រូវបង្កើតជាសហគមន៍ ហើយធ្វើសំណើទៅស្ថាប័នសាម៉ី ដើម្បីឱ្យគាត់ជួយបណ្តុះបណ្តាលជំនាញដាំដុះ ចិញ្ចឹមសត្វ និងរកទីផ្សារជូនពួកគេជាដើម។

លោកលើកទឹកចិត្តដូចនេះថា៖ «ទំនាក់ទំនងស្នើមក ស្នើសុំមន្ទីរកសិកម្មថា សហគមន៍កសិកម្មរបស់ខ្ញុំបានបង្កើតហើយនៅថ្ងៃនេះៗ ហើយសុំឱ្យលោកប្រធានមន្ទីរគាត់ជួយធ្វើការរៀបចំពង្រឹងសហគមន៍កសិកម្មតាមរយៈការដាំដុះ ឬចិញ្ចឹមសត្វ ឱ្យសហគមន៍បង្ហាញមក គាត់ចង់ធ្វើអ្វី ហើយមន្ទីរណាមិនជួយ ប្រាប់ខ្ញុំ»។

អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា បើរដ្ឋាភិបាលមិនយកចិត្តទុកដាក់បណ្តុះបណ្តាលដល់ប្រជាកសិករផ្នែកបច្ចេកទេស និងផ្តល់គ្រាប់ពូជដល់ពួកគាត់ទេ នឹងធ្វើឱ្យកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចនៅថ្ងៃខាងមុខ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា បើសិនជាអត់ទេ ខ្ញុំគិតថា កង្វះគ្រឿងឧបភោគបរិភោគ ហើយនិងបញ្ហាទំនិញឡើងថ្លៃ វាធ្វើឱ្យជីវភាព ហើយនិងកង្វះស្បៀងរបស់ប្រជាពលរដ្ឋវាកាន់តែកើនឡើង ហើយខណៈដែលចំណូលរបស់ប្រជាពលរដ្ឋមិនអាចរកចំណូលបានទេ ដោយសារតែដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩»។

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ វៀតណាមបានប្រកាសបិទព្រំដែនជាមួយកម្ពុជា ហើយនៅថ្ងៃទី២០ ខែមីនា គឺ២ថ្ងៃបន្ទាប់មក កម្ពុជាសម្រេចបិទព្រំដែនជាមួយវៀតណាមវិញ ក្រោមហេតុផលទប់ស្កាត់ជំងឺកូវីដ-១៩។​ 

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បង្ហាញ​ថា កម្ពុជាបានចំណាយថ​វិកា​ខ្ទង់ ២០០​លានដុល្លា​រ​អាមេរិក​ក្នុង១ឆ្នាំៗ ទៅ​លើ​ការ​នាំ​ចូលបន្លែពីបរទេសដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្រសួងថា បន្លែនាំចូលទាំងនោះ ភាគ​ច្រើ​​ននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន។​

បើ​តាម​របាយការណ៍ក្រសួង​ដដែល​នេះ ​​កម្ពុជា​ត្រូវការ​បន្លែ​ប្រមាណពី​ ៥០០ទៅ​ ៦០០តោន​​ក្នុង​មួយ​ថ្ងៃ​ៗ ក្នុង​នោះ​នៅដើម​ឆ្នាំ​នេះ កម្ពុជា​នាំ​ចូល​ប្រមាណ ​៣០ភាគរយ បន្ទាប់​ពី​បរិមាណ​នៃ​ការ​នាំ​ចូល​បន្លែ​ពី​បរទេស​ចូល​មក​កម្ពុជា បាន​កើន​ឡើង​ដល់​ទៅ ៥០​ភាគរយ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន។

អំឡុងខែកញ្ញា ឆ្នាំ២០១៧ អង្គការ USAID របស់អាមេរិក បានបង្ហាញរបាយការណ៍ថា ពលរដ្ឋកម្ពុជាជាង ៧០ភាគរយ កំពុង​ប្រ​ក​បរបរ​ក​សិក​ម្ម ប៉ុន្តែ កសិករអាចដាំបន្លែបានតែ ១ភាគ៣ នៃតម្រូវការទីផ្សារ ដោយសារ​បញ្ហាផ្សេងៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ