ន​គរ​បាល​ជាតិ​បញ្ជា​ទៅ​អាជ្ញា​ធរ​ឱ្យ​ទប់​ស្កាត់​ការ​ជួប​ជុំ​នៅ​ទី​សា​ធា​រ​ណៈ​ពេល​បុណ្យ​ចូល​ឆ្នាំ​

ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall

អគ្គស្នងការនគរបាលជាតិ បញ្ជាទៅសមត្ថកិច្ចទាំងអស់ទប់ស្កាត់ដោយមិនឱ្យមានប្រជាពលរដ្ឋជួបជុំកម្សាន្ដនៅទីសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងងមុខ ដើម្បីការពារកុំឱ្យមានការឆ្លងជំងឺកូវីដ-១៩។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ឱ្យដឹងថា ប្រជាពលរដ្ឋអាចធ្វើការជួបជុំគ្នាជាលក្ខណៈគ្រួសារតូចៗនៅក្នុងគេហដ្ឋានបាន ប៉ុន្តែ ការប្រមូលផ្ដុំជួបជុំរៀបចំកម្មវិធីកម្សាន្ដតាមបែបប្រពៃណី ពិធីជប់លៀងរាំកម្សាន្ដនៅតាមទីសាធារណៈ និងសហគមន៍ មិនត្រូវបានអនុញ្ញាតឡើយ។

សេចក្ដីប្រកាសដដែលថា ការដែលសមត្ថកិច្ចមិនអនុញ្ញាតឱ្យប្រមូលផ្ដុំ ជួបជុំ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ក្រៅពីមិនអនុញ្ញាតឱ្យជួបជុំនេះ  អគ្គស្នងការនគរបាលជាតិ បានណែនាំទៅអាជ្ញាធរមូលដ្ឋានឱ្យតាមដានស្ថានភាពពលករចំណាកស្រុកដែលវិលត្រឡប់មកពីក្រៅប្រទេស ដើម្បីបន្តអប់រំ និងតាមដានការអនុវត្តសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ បើរកឃើញពលរដ្ឋណាម្នាក់មានការសង្ស័យ ឬមានសញ្ញាផ្ទុកជំងឺកូវីដ-១៩នោះ សមត្ថកិច្ចពាក់ព័ន្ធនឹងមានវិធានការសង្គ្រោះ។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជាមិនអាចប្រមូលពលករជាង ៥ម៉ឺននាក់ ដែលត្រឡប់មកពីក្រៅប្រទេស មកទុកដាច់ដោយឡែកបានទេ ប៉ុន្តែ លោកបញ្ជាទៅមន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវពិនិត្យគ្រប់គ្រងគោលដៅនៅតាមភូមិទាំងអស់ ដែលមានពលរដ្ឋមកពីប្រទេសថៃ ឬមកពីប្រទេសក្រៅផ្សេងទៀត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ