ក្រសួង​សេដ្ឋ​កិច្ច​បង្កើត​ក្រុម​ការ​ងារ​ចំពោះ​កិច្ចគ្រប់​គ្រង​តម្លៃ​ទំនិញ​យុទ្ធ​សាស្ត្រ​អំឡុង​ពេល​ប្រឆាំង​កូវីដ​-​១៩​

ទិដ្ឋភាពលក់ដូររបស់អាជីវករនៅក្នុងផ្សារធំថ្មី រាជធានីភ្នំពេញ។ (ណាត សុភាព/ ២០១៩)

ក្រសួងសេដ្ឋកិច្ចបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ តាម​ដាន និងគ្រប់គ្រងថ្លៃទំនិញ​យុទ្ធសាស្ត្រ​ក្នុង​អំឡុង​ពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

​សេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញថ្ងៃទី៣ ខែមេសា បានឱ្យដឹងថា ក្រុមការងារចំពោះកិច្ចនេះ បង្កើតឡើងក្នុងគោលបំណងជួយគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រក្នុង​អំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។ ​តាម​ក្រសួង​សេដ្ឋកិច្ច​​ ទំនិញ​យុទ្ធសាស្ត្រទាំងនោះរួមមាន អង្ករ អំបិល បន្លែ ត្រី សាច់ ម៉ាស អាល់កុល ថ្នាំពេទ្យ ឧបករណ៍​វេជ្ជសាស្ត្រ។ ក្រុមការងារនេះមាន​ភារកិច្ច​ពិនិត្យ និងតាម​ដាន​ពីតម្រូវការ និងការផ្គត់ផ្គង់ កំណត់ និងតាមដាន​ជាប្រចាំអ្នកផ្គត់ផ្គង់ និងធានាថា ​ការផ្គត់ផ្គង់​ទំនិញយុទ្ធសាស្រ្តមានដំណើរប្រកបដោយនិរន្តភាពដោយគ្មានការ​បង្អាក់ ឬរំខាន។ ក្រៅពីនេះ ក្រុម​ការងារនេះក៏មាន​តួនាទីវាយតម្លៃ និងត្រួតពិនិត្យលើគុណភាព​ទំនិញ​យុទ្ធសាស្រ្តលើទីផ្សារឱ្យស្ថិតក្នុងតម្លៃសមរម្យ។

ក្នុងសេចក្តីសម្រេចដដែលបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចនោះ​ មានរដ្ឋលេខាក្រសួងសេដ្ឋកិច្ច លោក ជូ វិជិត្ត ធ្វើជាប្រធាន ដោយមានសមាជិក ២១នាក់ មកពីស្ថាប័នមួយចំនួនរួមមាន ក្រសួងសេដ្ឋកិច្ច ក្រសួង​សុខាភិបាល ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងអនុវត្តន៍ ​រួមទាំងស្ថាប័ន​ពាក់ព័ន្ធផ្សេងៗទៀតជាដើម។

លើសពីនេះទៀត ក្រុមការងារនេះអាចសុំកិច្ចសម្របសម្រួល និងសហប្រតិបត្តិការ​ពីគ្រប់ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ