រដ្ឋា​ភិ​បាល​បង្កើត​ក្រុម​ការ​ងារ​សិក្សា​រៀប​ចំ​កញ្ចប់​វិធាន​ការ​ខាង​រូបិយ​វត្ថុ និង​ធនាគារ​

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

ក្រសួងសេដ្ឋកិច្ច បាន​សម្រចបង្កើតក្រុម​ការងារចម្រុះសិក្សា​រៀបចំដាក់ចេញនូវវិធានការខាងរូបិយវត្ថុ និង ធនាគារ ដើម្បីដោះស្រាយផលប៉ះពាល់​ពីការរីករាលដាលនៃកូវីដ១៩ និង​ការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួនក្នុងក្របខណ្ឌ «ទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ ហៅកាត់(EBA)»

គិត​ត្រឹម​ថ្ងៃនេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន​ ១១៤ករណី​ ដែល​ក្នុងនោះព្យាបាល​ជាសះស្បើយចំនួន ៥០នាក់ និងអ្នកកំពុងសម្រាកព្យាបាល​ ៦៤នាក់នៅមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ចាប់តាំងពី​មានការរីករាល​​​ដាល​​នៃវីរុសនេះ សណ្ឋាគារមួយចំនួននៅខេត្តសៀមរាបបានប្រកាសបិទទ្វារ រោងចក្រមួយចំនួន​ត្រូវព្យួរការងារកម្មករ​ និងប្រកាស​ផ្អាក​ជាបណ្តោះអាសន្ន ក្រោមហេតុផល​ខ្វះធនធានដើម និងមិនមាន​អ្នកបញ្ជាទិញ ខណៈ​រដ្ឋាភិបាលក៏បាន​បញ្ជាឱ្យបិទវិស័យ​សេវាកម្សាន្ត ក៏ដូចជាកាស៊ីណូផងដែរ។

ក្នុងសេចក្តីសម្រេចចេញនាថ្ងៃទី៥ ខែមេសានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារបច្ចេកទេសចម្រុះ​ចំពោះកិច្ចនេះ មានភារកិច្ចសិក្សា និងវាយតម្លៃសភាពការណ៍នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងរៀបចំ​កញ្ចប់​វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់ពីការរីករាលដាលនៃបញ្ហាកូវីដ-១៩ និងការព្យួរប្រព័ន្ធអនុគ្រោះ​ពន្ធលើមុខទំនិញមួយចំនួនក្នុងក្របខ័ណ្ឌ EBA​​ ។ ក្រៅពីនេះ ក្រុមការងារនេះក៏មានភារកិច្ចក្នុង​ការជំរុញការ​អនុវត្ត ត្រួតពិនិត្យ និងតាមដានការអនុវត្តវិធានការឆ្លើយតបនឹងវិបត្តិ និងវិធានការម៉ាក្រូប្រុងប្រយ័ត្ន (Macro Prudential Measures) ផងដែរ។

ប្រភពដដែល​ឱ្យដឹងថា ក្រុមការងារចម្រុះនេះដឹកនាំដោយសហប្រធានដែលមានលោក រស់ សីលវ៉ា តំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី នាវ ច័ន្ទថាណា តំណាងពីធនាគារជាតិនៃកម្ពុជា រួមជាមួយសមាជិក​​ ៦នាក់ផ្សេងទៀតមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា។ លើសពីនេះទៅទៀត ក្រុមការងារចម្រុះក៏មានសិទ្ធិអញ្ជើញមន្រ្តីផ្សេងៗទៀតនៃក្រសួង-ស្ថាប័ន អង្គការពាក់ព័ន្ធចូលរួមការងារ និងអញ្ជើញតំណាងដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀតមកធ្វើការពិគ្រោះយោបល់ និងចូលរួមកិច្ចប្រជុំ តាមការចាំបាច់ផងដែរ។

សហភាពអឺរ៉ុបនៅថ្ងៃទី​១២ ខែកុម្ភៈ បាន​សម្រេចដកហូត​ផ្នែក​ខ្លះនៃប្រព័​ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខទំនិញ​លើកលែង​សព្វាវុធ» ឬហៅកាត់​ថា EBA ជាបណ្តោះអាសន្ន ដោយលើកហេតុផលថា ​កម្ពុជាបាន​រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ដែល​ផ្ទុយទៅនឹង​កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ ការដកហូតផ្នែកខ្លះនៃ EBA នេះ នឹងប៉ះពាល់​ដល់​ការនាំចេញរបស់កម្ពុជាទៅកាន់​សហភាព​អឺរ៉ុបជារៀងរាល់​ឆ្នាំ​ ក្នុងទំហំទឹកប្រាក់​ប្រហែល ​១១០០លានដុល្លារសហរដ្ឋអាមេរិក។ ​សេចក្តីសម្រេចនេះនឹងប៉ះពាល់ដល់ផលិតផលស្បែក​ជើង​ និង​សម្លៀកបំពាក់​ខ្លះ ខណៈផលិត​ផល​សម្រាប់​ធ្វើដំណើរ ក៏ដូចជា ស្ករស ត្រូវបាន​ដកហូតទាំងអស់​។ ប្រសិនបើ​មិន​មាន​ការជំទាស់ពីសភា និងក្រុមប្រឹក្សា​អឺរ៉ុបនោះទេ សេចក្តីសម្រេច​ពីការដកហូតផ្នែក​ខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន​នេះ នឹងចូលជាធរមាន​នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ