ក្រសួងសុខាភិបាលណែនាំទៅហាងកាត់សក់ និងថែរក្សាសម្ផស្ស រួមទាំងកន្លែងផ្តល់សេវាពាក់ព័ន្ធទាំងអស់ឱ្យចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈវិធានការអនាម័យមួយចំនួន។
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅថ្ងៃនេះ បានអំពាវនាវដល់ជាងកាត់សក់ និងអ្នកកាត់សក់ត្រូវពាក់ម៉ាស ត្រូវលាងដៃនឹងសាប៊ូ ឬអាល់កុល ឬទឹកសំរាប់លាងដៃឱ្យបានស្អាត។ ម្ចាស់ហាងត្រូវសម្អាតកន្លែងកាត់សក់ឱ្យភ្ញៀវ ឬកន្លែងថែរក្សាសម្ផស្ស ជៀសវាងនិយាយស្តីទល់មុខគ្នាជាដើម។
ចំណែកសម្ភាររបស់ជាងកាត់សក់ ឬជាងកែសម្ផស្ស ត្រូវលាងសំអាតជាមួយសាប៊ូ ឬត្រាំទឹកអាល់កុល៤០វិនាទី ទៅ៦០វិនាទី រៀងរាល់ពេលប្រើប្រាស់សម្ភារនោះជាមួយភ្ញៀវរួច និងហាមប្រើក្រណាត់ ឬកន្សែង ដែលប្រើសំរាប់គ្របមុខ ឬគ្របដងខ្លួនបុគ្គលកាត់សក់បន្តទៅបុគ្គលម្នាក់ទៀត ហើយជាងកាត់សក់ត្រូវប្រើថង់ផ្លាស្ទីក ឬហ្គង់ កៅអីអង្គុយ និងកៅអីកាត់សក់ ត្រូវដាក់ឱ្យឆ្ងាយពីគ្នាលើសពី ១ម៉ែត្រកន្លះឡើងទៅ។
រីឯអ្នកកាត់សក់ ត្រូវលុបលាងមុខ ដុសសាប៊ូ កក់សក់ សម្អាតខ្លួនប្រាណភ្លាមៗ មុននឹងជួបសមាជិកគ្រួសារនៅផ្ទះ។
សេចក្តីណែនាំដដែលក៏បានអំពាវនាវទៅប្រជាពលរដ្ឋទាំងអស់ ដែលសង្ស័យថាមិនស្រួលខ្លួន ត្រូវស្វែងរកកន្លែងពិនិត្យព្យាបាលដោយហៅលេខទូរសព្ទ ១១៥ ឬនៅមន្ទីរពេទ្យរដ្ឋផងដែរ។
គិតត្រឹមម៉ោង៧ព្រឹកនេះ កម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១១៤នាក់ ហើយក្នុងចំណោមអ្នកឆ្លងទាំង ១១៤នាក់ គឺគ្រូពេទ្យព្យាបាលឱ្យជាសះស្បើយបានសរុប ៥០នាក់ (ស្មើនឹង៤៣,៨៥% បើធៀបនឹងចំនួនអ្នកមានជំងឺកូវីដ-១៩ទាំងអស់) ដោយនៅសល់អ្នកឆ្លងចំនួន ៦៤នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត៕