ក្រសួងសុខាភិបាលណែនាំទៅម្ចាស់រថយន្ត និងអ្នកធ្វើដំណើរដោយមធ្យោបាយដឹកជញ្ជូនរួមដែលផ្ទុកអ្នកដំណើរច្រើនលើសពី ១០នាក់ ត្រូវចេះអនាម័យ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះផ្សាយកាលពីថ្ងៃទី៥ ខែមេសាម្សិលមិញនេះ បានប្រាប់ទៅម្ចាស់រថយន្ត និងអ្នកធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូន (រថយន្ត Bus និង Mini Bus) ដែលមានផ្ទុកអ្នកដំណើរលើសពី ១០នាក់ ត្រូវបើកបង្អួចរថយន្តឱ្យខ្យល់ចេញ-ចូល (ដោយមិនប្រើម៉ាស៊ីនត្រជាក់) សំអាតរថយន្តជាប្រចាំដោយប្រើអាល់កុល ឬសាប៊ូ និងឱ្យអ្នកដំណើរលាងដៃជាមួយអាល់កុល ឬលើកទឹកចិត្តឱ្យពួកគេពាក់ម៉ាស់ ឬក្រមាខ្ទប់មាត់ ច្រមុះ ជៀសវាងការចម្លងជាយថាហេតុនៃជំងឺផ្តាសាយ រួមទាំងកូវីដ-១៩ផង។
រីឯអ្នកបើករថយន្ត បើមានរោគសញ្ញាដូចជា ផ្តាសាយ ត្រូវផ្អាកបើកបរជាបណ្តោះអាសន្ន ហើយទៅមន្ទីរពេទ្យសាធារណៈ ដើម្បីពិនិត្យសុខភាព ដើម្បីចូលរួមចំណែកកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងទៅសហគមន៍ជាដើម។
ជំនួយការក្រុមហ៊ុន ហេង សុខឃឿន ដឹកអ្នកដំណើរ គឺលោក ហ៊ីម គីមសួរ បាននិយាយថា មុនពេល និងក្រោយពេលចេញដំណើរ ក្រុមហ៊ុនរបស់លោកតែងតែបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ភ្ញៀវ និងអ្នកបើករថយន្ត។
លោកមានប្រសាសន៍ថា៖ «មុននឹងភ្ញៀវឡើងឡាន ក្រុមហ៊ុនខ្ញុំបាញ់សម្លាប់មេរោគ ហើយនៅពេលឡើងឡានក្រុមហ៊ុនខ្ញុំវាស់កម្តៅ ហើយបាញ់អាល់កុល ហើយបាញ់ថ្នាំសម្លាប់មេរោគ ហើយចែកម៉ាស់ឱ្យភ្ញៀវមុនពេលឡើងឡាន ដើម្បីការពារការឆ្លងកូវីដ-១៩»។
អ្នកលក់សំបុត្រនៅក្រុមហ៊ុន រិទ្ធិ មុន្នី ដឹកអ្នកដំណើរ លោក ទី ជីវ៉ន អំពាវនាវទៅអ្នកធ្វើដំណើរ និងអ្នកបើករថយន្តដឹកភ្ញៀវទាំងអស់ ត្រូវចេះអនាម័យ ដើម្បីការពារសុខភាព កុំឱ្យឆ្លងជំងឺកូវីដ-១៩។
លោកអំពាវនាវដូចនេះថា៖ «សូមឱ្យគាត់(អ្នកដំណើរ) ចូលរួមអនាម័យទាំងអស់គ្នា លាងដៃជាមួយសាប៊ូឱ្យបានច្រើនដងក្នុងមួយថ្ងៃ ឬក៏មានអាល់កុល ឬក៏ជេលលាងដៃ ឱ្យគាត់អនាម័យ។ កាលណាគាត់មកទិញ (សំបុត្រ) អត់ពាក់ម៉ាស់ ក៏ខ្ញុំណែនាំឱ្យគាត់ពាក់ម៉ាស់ ចាំឡើងឡាន ដើម្បីរួមចំណែកកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩»។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍គាំទ្រនឹងវិធានការរបស់ក្រសួងសុខាភិបាលដែលណែនាំទៅម្ចាស់រថយន្ត និងអ្នកធ្វើដំណើរឱ្យចេះអនាម័យ ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែ លោកថា វិធានការនេះមិនទាន់គ្រប់ជ្រុងជ្រោយទេ ដោយបន្ថែមថា ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ក្រសួង និងសមត្ថកិច្ចចរាចរណ៍ត្រូវតាមដាន និងឱ្យអ្នកជិះរថយន្តដឹកអ្នកដំណើរអង្គុយនៅគម្លាតឆ្ងាយពីគ្នា។
លោកមានប្រសាសន៍ថា៖ «ការអង្គុយឱ្យមានគម្លាតពីគ្នា កុំឱ្យចង្អៀតណែនណាន់តាន់តាប់ អែបតាកុង [ឡាន] ដូចមុន ឥឡូវខ្ញុំចង់ឱ្យមានការបង្កើតនូវមធ្យោបាយ ឬក៏វិធីសាស្ត្រនៅឆ្ងាយពីគ្នា នៅក្នុងពេលធ្វើដំណើរនីមួយៗប្រចាំថ្ងៃ»។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកផ្ទុកកូវីដ១៩ ចំនួន ១១៤ករណី ដែលក្នុងនោះព្យាបាលជាសះស្បើយចំនួន ៥៣នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៦១នាក់នៅមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត៕