អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ព្រមាន​ចាត់​ការ​អ្នក​ដឹក​ពលករ​បរទេស​ចូល​ទឹក​ដី​ថៃ​ក្នុង​ពេ​ល​បិទ​ព្រំ​ដែន​

ច្រកព្រំដែននៅស្រុក Aranyaprathet ខេត្តស្រះកែវ ប្រទេសថៃ ត្រូវបានបិទបណ្ដោះអាសន្នកាលពីចុងខែមីនា ឆ្នាំ២០២០។ (Bangkok Post)

អាជ្ញាធរខេត្តស្រះកែវបានចេញសេចក្តីប្រកាសហាមមិនឱ្យមានការដឹកពលករបរទេសចូលទៅក្នុងទឹកដីថៃ ដោយសារតែស្ថានការណ៍ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ មានករណីអ្នកប៉ះពាល់ អ្នកឆ្លងជំងឺកើនឡើងកាន់តែច្រើន។

ក្នុងសេចក្តីប្រកាសរបស់អាជ្ញាធរខេត្តស្រះកែវ ចេញកាលពីថ្ងៃទី៥ ខែមេសា ម្សិលមិញ អាជ្ញាធរខេត្តនេះហាមមធ្យោបាយដឹកជញ្ជូនសាធារណៈ និងឯកជនគ្រប់ប្រភេទដឹកពលករបរទេសចូលមកកាន់ទឹកដីថៃដាច់ខាត។ អាជ្ញាធរខេត្តនេះបានលើកឡើងថា ក្នុងករណីល្មើសសេចក្តីប្រកាសនេះ ជនល្មើស​អាចមានទោសជាប់ពន្ធនាគាររយៈពេលមិនលើសពី ១ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី ១សែនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់។ ប្រភពដដែលឱ្យដឹងថា ការហាម​ប្រាម​នេះមានសុពលភាពចាប់ពីថ្ងៃប្រកាសរហូតដល់ថ្ងៃប្រកាសឱ្យដកចេញ។

សេចក្តីប្រកាសដដែលបានឱ្យដឹងថា ការហាមឃាត់នេះធ្វើឡើងក្នុងគោលបំណងការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងទឹកដីខេត្តស្រះកែវឱ្យមានប្រសិទ្ធភាព។

កន្លងមក អាជ្ញាធរខេត្តស្រះកែវបានចេញសេចក្តីប្រកាសកាលពី​ថ្ងៃទី២៩ ខែមីនា បិទព្រំដែន​ជាបណ្តោះអាសន្ន​។ តាម​សេចក្តីជូនដំណឹងរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា​ប្រចាំខេត្តស្រះកែវចេញកាលពីថ្ងៃទី​២៣ ខែមីនា កម្ពុជា និង​ភាគី​ថៃ ​សម្រេចបិទច្រកទ្វារព្រំដែននៃប្រទេសទាំងពីរគ្រប់កម្រិត​ជាបណ្តោះអាស​ន្ន រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែ ដោយ​សារតែមិនទាន់​មានការបើកព្រំដែនឡើងវិញ ភាគីកម្ពុជាដែល​ជាអាជីវករ និងអ្នក​រកស៊ីទទួល​ទាន​នៅលើទឹក​ដី​ថៃ បាន​តវ៉ានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីម្សិលមិញ ដើម្បី​ស្នើឱ្យអាជ្ញាធរប្រទេសទាំងពីរ​បើកព្រំដែនឡើងវិញ។

ច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ រវាងកម្ពុជា-ថៃ មានចំនួន ២៤ច្រក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ