សមាគម​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ស្នើ​ម្ចាស់​ទី​តាំង​ជួល​ឱ្យ​គ្រឹះ​ស្ថាន​សិក្សា​ឯកជន​បញ្ចុះ​​តម្លៃ​

កិច្ចប្រជុំម្ចាស់គ្រឹះស្ថានសិក្សាដែលជាសមាជិកនៃសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។ (Cambodian Higher Education Association)

សមាគមគ្រឹះស្ថានឧត្តមសិក្សា បានអំពាវនាវដល់ម្ចាស់អចលនវត្ថុ ដែលបានជួលទីតាំងឱ្យគ្រឹះស្ថានសិក្សាអប់រំឯកជន ជួយសម្របសម្រួលបញ្ចុះតម្លៃឈ្នួល ឬពន្យារពេលបង់ថ្លៃឈ្នួល ខណៈដែល​សាលាត្រូវបានបិទដោយសារវិបត្តិកូវីដ១៩​។

ក្នុងសេចក្តី​អំពាវនាវរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាដែល​ចេញកាលពីថ្ងៃម្សិលមិញ ស្ថាប័ននេះលើកឡើងថា ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឱ្យគ្រឹះស្ថានអប់រំទូទាំងប្រទេស ធ្វើវិសមកាល​តូចមុនកំណត់តាំងពីពាក់កណ្តាលខែមីនា បានធ្វើឱ្យបណ្តាគ្រឹះស្ថានសិក្សាដែលជាសមាជិករបស់សមាគមមានការលំបាកក្នុងការចំណាយលើប្រាក់បៀវត្សរបស់បុគ្គលិក ថ្លៃឈ្នួលអាគារ និងការបង់ការប្រាក់ និងប្រាក់ដើមដល់ធនាគារ ព្រមទាំងការចំណាយផ្សេងៗទៀតផងដែរ។

ក្រៅពីនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏បាន​ស្នើឱ្យធនាគារឯកជនទាំងអស់ បន្ធូរបន្ថយអត្រាការប្រាក់ និងពន្យារការបង់ប្រាក់ដើម ដើម្បីឱ្យសាលាជាសមាជិក​របស់​ខ្លួនបាន​ធូរស្រាលការលំបាកបានមួយកម្រិត។ ស្ថាប័នក៏បានស្នើផងដែរដល់គ្រូបង្រៀន និងបុគ្គលិក​ដែល​ធ្វើការក្នុងគ្រឹះស្ថាន​សិក្សាឯកជន​ បញ្ចុះ​ប្រាក់បៀវត្សរ៍ប្រចាំខែ ឬប្រាក់ឈ្នួល។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថាគ្រឹះស្ថានសិក្សាឯកជន​អាចសុំ​ទៅម្ចាស់ផ្ទះដោយផ្ទាល់ ដោយថាលោកនាយករដ្ឋមន្រ្តីបានប្រកាសស្នើសុំឱ្យម្ចាស់ផ្ទះចុះថ្លៃរួចហើយ។

លោក បញ្ជាក់ថា៖ «គ្រឹះស្ថានសិក្សាឯកជនត្រូវចេះចរចារជាមួយម្ចាស់ផ្ទះ និងភាគីពាក់ព័ន្ធដោយ​ខ្លួន​ឯង។ ក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តឱ្យគ្រឹះស្ថានសិក្សាឯកជននិងភាគីពាក់ព័ន្ធ ពិភាក្សាគ្នារក​ដំណោះ​​ស្រាយរួម ព្រោះក្នុងកំលុងពេលនេះគ្រប់ភាគីពាក់ព័ន្ធសុទ្ធតែស្ថិតក្នុងស្ថានភាព​ដែលតម្រូវឲ្យមានការ​យោគយល់គ្នាកម្រិតខ្ពស់»។

តាម​សមាគមគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថាន​សិក្សាចំនួន១១៣ ដែល​ជាសមាជិករបស់​សមាគម កំពុងជួបប្រទះបញ្ហាលំបាកទាំងនេះ និងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកូវីដ១៩នេះ។ ទោះយ៉ាងណាក៏ដោយសមាគមក៏នៅតែអំពាវនាវដល់សមាជិកសមាគមទាំងអស់ ត្រូវតែពង្រឹងការបង្រៀនសិស្ស និងនិស្សិតតាម Online ដែលស្របតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ