លោក ហ៊ុន សែន ប្រកាស​ថា​កម្មករ​ដែល​ត្រូវ​ព្យួរ​ការងារ​ទទួល​បាន​ប្រាក់​៧០​ដុល្លារ ​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីឌ-១៩ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា កម្មកររោងចក្រដែលត្រូវព្យួរការងារ នឹងទទួលបានប្រាក់​ចំនួន​ ៧០ដុល្លារ។

ក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាព នាថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អំឡុងពេលព្យួរការងារ កម្មករនឹងទទួលបានប្រាក់ ៧០ដុល្លារក្នុងមួយខែ ដោយក្នុងនោះ រដ្ឋាភិបាលរួមចំណែក ៤០ដុល្លារ ហើយថៅកែរោងចក្រត្រូវចេញ ៣០ដុល្លារវិញ។ លោកបញ្ជាក់ថា ប្រាក់ ៤០ដុល្លារនេះ កម្មករទទួលបានដោយមិនចាំបាច់ចុះឈ្មោះ និងចូលរៀនវគ្គបណ្តុះបណ្តាលនោះទេ។

លោក ហ៊ុន​ សែន ថ្លែងថា៖ «អ៊ីចឹង ឥឡូវនេះ រដ្ឋចេញ ៤០ដុល្លារ ម្ចាស់រោងចក្រ ៣០ដុល្លារ។ អ៊ីចឹង កម្មករម្នាក់​តម្រូវទទួលបានប្រាក់ ៧០ដុល្លារ ដែលមុនហ្នឹង គិតដល់ ៩០ដុល្លារ រោងចក្ររត់អត់រួច បង្ខំតទៀតក៏អត់បានដែរ។ សមាគមរោងចក្របានលើកសំណើមក»។

ការផ្លាស់ប្ដូរជំហររបស់ប្រមុខរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC លើកឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ថាថៅកែរោងចក្រគ្មានលទ្ធភាពបើកប្រាក់ ៤០ភាគរយឱ្យកម្មករពេលព្យួរការងារតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រីទេ ដោយសារអ្នកបញ្ជាទិញបានផ្អាកទទួលទំនិញពីកម្ពុជា បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក ហ៊ុន សែន ប្រកាសថា កម្មករដែលថៅកែព្យួរការងារ នឹងទទួលបានប្រាក់ឈ្នួល ៦០ភាគរយនៃប្រាក់ខែគោលរបស់ពួកគេ ១៩០ដុលា្លរ ក្នុង​នោះ​ថៅកែចេញ ៤០ភាគរយ រដ្ឋាភិបាលចេញ ២០ភាគរយ ប៉ុន្តែ ប្រាក់ ២០ភាគរយ  កម្មករអាចទទួលបានលុះត្រាតែពួកគេចុះឈ្មោះ និងចូលរៀនវគ្គបណ្តុះបណ្តាលជំនាញដែលរៀបចំដោយក្រសួងការងារ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ អះអាងថា សេចក្ដីសម្រេចថ្មីរបស់រដ្ឋាភិបាលធ្វើឱ្យកម្មករដែលត្រូវបានព្យួរការងារ ជួបការលំបាកក្នុងរស់នៅប្រចាំថ្ងៃ។

លោកថា៖ «លុយនេះ គាត់មិនអាចបង់ធនាគារ ជីវភាពរស់នៅរបស់គាត់បានទេ មានការលំបាកមែនទែន។ ជាទូទៅ កម្មករចំណាយជិត ២០០ដុល្លារ ​ឱ្យ ១២០ដុល្លារ គាត់ពិបាកហើយ [ទម្រាំ]ដល់ ៧០ដុល្លារ ខ្ញុំគិតថា កាន់តែលំបាកទៀត»។ ​

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា គិតមកដល់ថ្ងៃនេះ មានរោងចក្រជាង ១០០ ហើយ បានសុំព្យួរការងារ ដោយសារខ្វះវត្ថុធាតុដើមសម្រាប់ផលិត និងបញ្ហាមួយទៀត អ្នកបញ្ជាទិញបានផ្អាកទទួលទំនិញពីកម្ពុជា បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ជុំវិញរោងចក្រជាង ១០០ ដែលសុំព្យួរការងារនោះ តើប៉ះពាល់ដល់កម្មករប៉ុន្មាននាក់? ប៉ុន្តែ កាលពីដើមខែមេសាកន្លងមក ក្រសួងថា មានរោងចក្រចំនួន ៩១ បានសុំព្យួរការងារ ដែលប៉ះពាល់កម្មករ ៦១៥០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ