សមាគមអតីតនិស្សិត និងមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យជូឡាឡុងកន បាននិងកំពុងផលិតរ៉ូបូតចំនួន ១០៣គ្រឿង ដើម្បីចែកចាយទៅមន្ទីរពេទ្យទូទាំងប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃកូវីដ១៩។
ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះ ប្រធានមហាវិទ្យាល័យវិស្វកម្ម សាកលវិទ្យាល័យជូឡាឡុងកន លោក សុផុត តេឆាវ៉រ៉ាក់ស៊ីនសាគុន (Supot Teachavorasinskun) បានថ្លែងថា មហាវិទ្យាល័យវិស្វកម្ម និងដៃគូ បានអភិវឌ្ឍរ៉ូបូតជំនួយការងាររបស់ក្រុមគ្រូពេទ្យចំនួន ៣ក្រុមសំខាន់ៗ មានដូចជា រ៉ូបូតសម្រាប់ដឹកជញ្ជូនអាហារ (Remote Control Delivery Robot) រ៉ូបូតទាក់ទងរយៈចម្ងាយឆ្ងាយ (Telepresence Robot) និងរ៉ូបូតគ្រឿងជំនួយដំណកដង្ហើម (Ambu Bag)។
លោក សុផុត តេឆាវ៉រ៉ាក់ស៊ីនសាគុន (Supot Teachavorasinskun) បានបន្ថែមថា រ៉ូបូត PINTO ដែលជាស៊េរីរ៉ូបូតក្នុងគ្រោងការ CU-RoboCOVID ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួល កាត់បន្ថយអត្រាឆ្លងមេរោគ និងបន្ថែមប្រសិទ្ធភាពនៃការធ្វើការរបស់ក្រុមគ្រូពេទ្យ។ លោកបញ្ជាក់ថា រ៉ូបូត PINTO ជាប្រភេទរ៉ូបូតដឹកជញ្ជូនអាហារ និងថ្នាំពេទ្យទៅកាន់អ្នកជំងឺ ព្រមទាំងអាចឱ្យអ្នកជំងឺនិយាយទាក់ទងជាមួយក្រុមគ្រូពេទ្យ ដោយមានប្រព័ន្ធទាក់ទងរយៈចម្ងាយឆ្ងាយ (Telepresence) ដែលមិនត្រឹមតែអាចកាត់បន្ថយអត្រាការឆ្លងមេរោគ ជាពិសេសក្នុងអំឡុងពេលក្រុមគ្រូពេទ្យនៅក្បែរអ្នកជំងឺប៉ុណ្ណោះទេ តែថែមទាំងអាចផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ក្រុមគ្រូពេទ្យផងដែរ។
លោកបន្ត ចំណែក Quarantine Telepresence ដែលជារ៉ូបូតរក្សាទុកក្នុងបន្ទប់អ្នកជំងឺ មានតួនាទីឃ្លាំមើលអ្នកជំងឺ និងអាចឱ្យគ្រូពេទ្យនិយាយជាមួយអ្នកជំងឺបានដោយមិនចាំបាច់ចុចទទួលផងដែរ ថែមទាំងអាចហៅគ្រូពេទ្យបាននៅពេលអ្នកជំងឺត្រូវការជំនួយ។ ក្រៅពីនេះ ក៏មានរ៉ូបូត Ninja ដែលបំពាក់ដោយប្រព័ន្ធ Video Conference បើកឱកាសឱ្យគ្រូពេទ្យនិយាយសួរអាការរបស់អ្នកជំងឺបានដោយមិនបាច់ចូលទៅជិតអ្នកជំងឺ ជាពិសេសរ៉ូបូត Ninja ថែមទាំងអាចភ្ជាប់ជាមួយឧបករណ៍វាស់ និងកត់ត្រាសម្ពាធឈាម អត្រាចង្វាក់បេះដូង វាស់ជីពចរ និងសីតុណ្ហភាព ហើយផ្ញើព័ត៌មានទៅកាន់គ្រូពេទ្យដើម្បីធ្វើការវិនិច្ឆ័យអាការបានទៀតផង។
ប្រធានសមាគមអតីតនិស្សិតសាកលវិទ្យាល័យជូឡាឡុងកន លោក វិប៉ូន រឺស៊ីរ៉ាក់ថៃ (Viboon Rerksirathai) លើកឡើងក្នុងសន្និសីទសារព័ត៌មានដដែលថា ដោយមើលឃើញនូវតម្រូវការខាងបច្ចេកវិទ្យាដែលអាចជួយសម្រួលការងាររបស់ក្រុមគ្រូពេទ្យ ខាងសមាគមមានគោលបំណងបង្កើនការផលិតរ៉ូបូតរហូតដល់ ១០៣គ្រឿង ដែលមានតម្លៃរួមរហូតដល់ជាង ៥លានបាត ក្នុងឱកាសគម្រប់ខួបទី ១០៣ឆ្នាំ របស់ថ្ងៃបង្កើតសាកលវិទ្យាល័យជូឡាឡុងកនផងដែរ។
លោក វិប៉ូន រឺស៊ីរ៉ាក់ថៃ (Viboon Rerksirathai) បញ្ជាក់ថា ជាបឋម ខាងសមាគមបានអនុម័តថវិកាចំនួន ១លានបាត ដើម្បីផ្តើមផលិតរ៉ូបូត PINTO ចំនួន ២០គ្រឿងដំបូង។ រ៉ូបូតទាំង ២០គ្រឿងដំបូងត្រូវបានផ្តល់ឱ្យមន្ទីរពេទ្យជូឡាឡុងកន ចំនួន ២គ្រឿង មន្ទីរពេទ្យសិរីរាជ ចំនួន ២គ្រឿង និងមន្ទីរពេទ្យវ៉ាឆិរ៉ាក់ នៅខេត្តភូកេត (Vachirak Phuket) ចំនួន ៤គ្រឿងរួចរាល់ហើយ។
គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី៧ ខែមេសានេះ បានប្រកាសថា រដ្ឋាភិបាលនឹងជ្រើសរើសមន្ត្រីរាជការថ្មីដើម្បីបម្រើការក្នុងក្រសួងសុខាភិបាល ចំនួន ៤៥,៦៨៤នាក់ លើ ២៤មុខជំនាញ ដែលក្នុងនោះមានចំនួន ៣៨,១០៥រូប ត្រូវបំពេញភារកិច្ចជួរមុខក្នុងការទប់ស្កាត់ស្ថានការណ៍នៃជំងឺឆ្លងកូវីដ១៩៕