ក្រុម​សហ​ជីព​ស្នើ​រដ្ឋា​ភិបាល​ផ្តល់​ប្រាក់​ខែ​៦០​% ជូន​អ្នក​ធ្វើ​ការ​នៅ​កា​ស៊ី​ណូ និង​សេវា​កម្សាន្ត​ដូច​កម្មករ​រោង​ចក្រ​

បុរសម្នាក់ធ្វើដំណើរលើដងផ្លូវមួយកន្លែង ដែលនៅទល់មុខហាងខារ៉ាអូខេមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រុមសហជីព ស្នើទៅរដ្ឋាភិបាលផ្តល់ប្រាក់ឈ្នួលប្រចាំខែ ៦០% ជូនអ្នកធ្វើការនៅកាស៊ីណូ និងសេវាកម្សាន្ត ដូចកម្មកររោងចក្រដែលព្យួរការងារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារ នៅអំឡុងពេលមានការរីករាលដាលនៃកូវីដ១៩។

លិខិតរបស់ក្រុមសហជីព និងសមាគមគាំទ្រកម្មករដែលធ្វើការក្នុងវិស័យផ្សេងៗ ចុះថ្ងៃទី៦ ខែមេសា ដែលផ្ញើទៅរដ្ឋាភិបាល រៀបរាប់ប្រាប់ថា កូវីដ១៩ បានបណ្តាលឱ្យចង្វាក់ផលិតកម្មរោងចក្រកាត់ដេរ សណ្ឋាគារ សេវាកម្ម កាស៊ីណូ ក្លឹបកម្សាន្ត ដឹកជញ្ជូន សំណង់ ​កសិកម្ម និងវិស័យផ្សេងៗ ទទួលរងឥទ្ធិពលអវិជ្ជមាន ដោយកម្មករខ្លះត្រូវព្យួរកិច្ចសន្យាការងារ បាត់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងខ្លះទៀតប្រឈមនឹងជំពាក់បំណុលធនាគារជាដើម។

កាលពីថ្ងៃទី៧ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាពកាលពីម្សិលមិញថា រដ្ឋាភិបាលបានសម្រេចផ្តល់ប្រាក់ខែនៅអំឡុងពេលព្យួរការងារ ជូនកម្មករ ចំនួន ៧០ដុល្លារក្នុងមួយខែ ដោយក្នុងនោះ រដ្ឋាភិបាលរួមចំណែក ៤០ដុល្លារ ហើយថៅកែរោងចក្រចេញ ៣០ដុល្លារ នៅអំឡុងនៃការឆ្លងជំងឺកូវីដ១៩ ខណៈវិស័យកាស៊ីណូ សេវាកម្សាន្ត និងវិស័យផ្សេងទៀត មិនទាន់ផ្តល់ឱ្យនៅឡើយ។

ករណីនេះ ក្រុមសហជីព និងសមាគម ស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ផ្តល់ប្រាក់ឈ្នួលប្រចាំខែដល់វិស័យកាស៊ីណូ សេវាកម្សាន្ត និងវិស័យផ្សេងទៀត ចំនួន៦០% នៅអំឡុងពេលថៅកែព្យួរកិច្ចសន្យាការងារដូចកម្មកររោងចក្រ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេមួយផ្នែកផងដែរ។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ សង្ឃឹមថា រដ្ឋាភិបាល គួរគិតគូរផ្តល់ប្រាក់ឈ្នួល ៦០% ដល់វិស័យកាស៊ីណូ វិស័យក្លឹបកម្សាន្ត និងវិស័យផ្សេងៗ ដូចវិស័យកាត់ដេរដែរ ពីព្រោះអ្នកដែលធ្វើការវិស័យផ្សេងៗនោះ ស្ថិតនៅក្រោមច្បាប់ការងារដូចគ្នាដែរ។

លោកស្រីមានប្រសាសន៍ថា៖ «បងប្អូនកម្មករ ឬក៏នៅក្នុងវិស័យផ្សេងៗ គឺមិនខុសពីបងប្អូននៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ទេ។ វាដូចគ្នា គាត់ក៏ស្ថិតនៅក្រោមច្បាប់ការងារដូចគ្នា។ រឿងអ្វីបានជាមានការអនុវត្តឱ្យគាត់ខុសគ្នា យើងស្នើសុំឱ្យពួកគាត់ទាំងអស់គ្នាទទួលបានផលប្រយោជន៍ដូចបងប្អូននៅក្នុងវិស័យកាត់ដេរដែរ ពួកគាត់កំពុងតែប្រឈមនឹងបញ្ហាពាក់ព័ន្ធជាមួយនឹងលុយ​ខ្ចីធនាគារផ្សេងៗ ពីព្រោះគាត់ក៏មានបំណុលដូចបងប្អូនកម្មករដែរ ហើយគាត់ក៏មានទំនួលខុសត្រូវនៅក្នុងគ្រួសារដូចគ្នា»។

កាលពីម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងដែរថា រដ្ឋាភិបាលមិនមានលទ្ធភាពជួយផ្គត់ផ្គង់ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ដូចកម្មកររោងចក្រនោះទេ។

លោកថ្លែងបែបនេះថា៖ «អ្នកដែលមានប័ណ្ណក្រីក្រ រដ្ឋនឹងធ្វើអន្តរាគមន៍​ ប៉ុន្តែ ដូចដែលក្មួយសួរមកពូថា អ្នករត់ម៉ូតូឌុបគាត់ត្អូញត្អែរថា មានអ្វីប៉ះប៉ូវទេ លក់ម៉ូតូសិនទៅ ចាយសិនទៅ ទិញអង្ករស៊ីសិន ព្រោះបើមកឱ្យរកមកប៉ះប៉ូវទាំងអស់ ងាប់បាត់! ​រដ្ឋឯណាមានលុយ រដ្ឋពឹងពាក់លើពន្ធ ហើយបើយើងទៅខ្ចីលុយបរទេសយកមកបើកឱ្យអ្នកដែលអត់ការងារធ្វើ វាមិនងាប់បាត់ហើយ! ប្រទេសណាក៏គេមិនឱ្យយើងខ្ចីលុយយកមកបើកប្រាក់ខែដែរ អត់ទេ»។

តួលេខដែលផ្តល់ដោយអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ ឱ្យ​ដឹងថា សព្វថ្ងៃ​នេះ កម្ពុជាមានមណ្ឌលកម្សាន្តមនុស្សពេញវ័យ​ចំនួនជិត ១ ៣០០ (១ ២៩៣)កន្លែង នៅ​ទូទាំង​ប្រទេស គិត​ត្រឹម​ខែមីនា ឆ្នាំនេះ ក្នុងនោះមាន ខារ៉ាអូខេ ​(KTV) ចំនួន ១ ០៨៤​កន្លែង ក្លិបឌីស្កូតែក ​(Club Disco) ចំនួន ១០៩​កន្លែង​  អាជីកម្មរង្គសាល (Night Club) ចំនួន ១៦​កន្លែង អាជីវកម្មបៀរហ្កាឌិន​ ចំនួន ៨៤​កន្លែង ដែល​ផ្ដល់​ការងារ​​ ១៨ ៣៨១​កន្លែង​សម្រាប់​ពលរដ្ឋ​កម្ពុជា។

សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) ប្រកាសថា បុគ្គលិកកម្មករដែលធ្វើការងារ​នៅ​ក្នុង​ឧស្សាហកម្ម​កម្សាន្តនេះ មានរហូតដល់ជាង ៨ម៉ឺន​នាក់នៅទូទាំងប្រទេស ដែលរាប់ចាប់ពីអ្នកសម្អាតរហូតដល់បុគ្គលិកគ្រប់គ្រង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ