វិភាគ៖ ការ​បរិច្ចាគ​ប្រាក់​ទប់​ទល់​វិបត្តិ​កូវីដ​១៩ ឆ្លុះ​បញ្ចាំង​ដូច​ម្តេច​?​

(រូបខាងក្រោយ) សកម្មភាពផ្សេងៗដែលក្រសួងសុខាភិបាលអនុវត្ត ដើម្បីបង្ការ និងទប់ស្កាត់នូវមេរោគកូវីដ-១៩ និង (រូបខាងមុខ) លោក ហ៊ុន សែន ចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។ (រូបភាព៖ CDC និង ហ្វេសប៊ុកលោក ហ៊ុន សែន)

លំហូ​រនៃកា​រប​រិច្ចា​គប្រាក់​ខែរ​បស់​ថ្នា​ក់ដឹ​កនាំ​ និងឧកញ៉ាមួយចំនួន​ ក្នុ​ងការ​ចូល​រួមប្រយុទ្ធប្រឆាំង​វិបត្តិ​កូវីដ១៩​នោះ អ្នកឃ្លាំមើលមួយចំនួនចង្អុលបង្ហាញថា មានគុណសម្បត្តិផង និងហានិភ័យសម្រាប់សង្គមផង បើរដ្ឋាភិបាលមិនពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងកាលពីថ្ងៃអង្គារលើហ្វេសប៊ុករបស់លោកថា ​​មន្រ្តីកម្ពុជា​ជិត ១៦០០នាក់ (១​៥៨៦) បាន​កាត់​ប្រាក់​ខែ ​ដើម្បីចូលរួម​ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ លោកថា ការបរិច្ចាគប្រាក់ខែតាម​លទ្ធភាព​រៀងៗខ្លួន ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រយៈពេលចន្លោះពី៥ ទៅ​៨ខែ។

កំណើននៃការបរិច្ចាគប្រាក់នេះ វាបានកើនឡើងចាប់ពីថ្ងៃទី២ ខែមេសាមក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមេសា បានប្រកាសពីការបរិច្ចាគប្រាក់ខែរបស់លោក ចំនួន ៧ខែ ឱ្យទៅគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ប្រាក់ខែនាយករដ្ឋមន្ត្រី ១០លានរៀលក្នុង១ខែ ឧបនាយករដ្ឋមន្ត្រី ៨លានរៀល ទេសរដ្ឋមន្ត្រី ៦លានរៀល និងរដ្ឋមន្ត្រី ៥លានរៀល។

តាមតារាងរាយនាម អ្នកបរិច្ចាគប្រាក់ខ្លះត្រូវបានរដ្ឋាភិបាលអាមេរិកដាក់ក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងការរំលោភសិទ្ធិមនុស្ស។

បញ្ហានេះបង្កើតជាសំណួរថា តើការបរិច្ចាគប្រាក់ខែរបស់ថ្នាក់ដឹកនំា និងឧកញ៉ា ទប់ទល់វិបត្តិកូវីដ១៩ ឆ្លុះបញ្ចាំងដូចម្តេច?

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ហៅការបរិច្ចាគប្រាក់ដើម្បីទប់ស្កាត់វិបត្តិនៃជំងឺកូវីដ១៩ ដែលកម្ពុជាកំពុងជួបប្រទេះ លោកថា ជាគុណតម្លៃមួយក្នុងការចូលរួមដោះស្រាយបញ្ហាសង្គមជាមួយរដ្ឋាភិបាល។

ប៉ុន្តែ អ្នកវិភាគរូបនេះ បង្ហាញការយល់ឃើញថា ខណៈកម្ពុជារងការរិះគន់ថាមានអំពើពុករលួយខ្ពស់នៅឡើយនោះ រដ្ឋាភិបាលត្រូវញែកឱ្យដាច់រវាងអ្នកបរិច្ចាគដើម្បីមនុស្សធម៌ពិតប្រាកដ និងអ្នកបរិច្ចាគដើម្បីបន្តបិទបាំងអំពើខុសច្បាប់។

លោកថា៖ «យើងដឹងហើយថា ប្រទេសកម្ពុជាយើងវាកំពុងតែរងនូវការរិះគន់ថា រីករាលដាលនៃអំពើពុករលួយខ្ពស់ផងដែរ។ អាត្រង់ហ្នឹង ពលរដ្ឋខ្មែរគាត់ចេះតែសួរ ធ្វើម៉េចអាចរស់បាន បានលុយពីណាមក ឬក៏អាបន្តពុករលួយបន្តទៀត»។

លោក មាស នី ផ្តល់ជាយោបល់ថា ការបបណ្តែតបណ្តោយឱ្យឧកញ៉ាខិលខូច និងមន្ត្រីពុករលួយ ជ្រកក្រោមស្លាកមនុស្សធម៌ វានឹងធ្វើឱ្យការខំប្រឹងប្រែងរបស់រដ្ឋាភិបាល ជំនួសមកវិញនូវការស្តីបន្ទោសពីប្រជាពលរដ្ឋ។

លោកថា៖ «បើរដ្ឋាភិបាលគាត់ទទួលលុយពីឧកញ៉ាដែលប្រព្រឹត្តអំពើកខ្វក់ យកលុយហ្នឹងមកជួយជាតិ ហើយដៃម្ខាងគាត់បំផ្លាញជាតិ គាត់ទៅប្រព្រឹត្តអំពើពុករលួយដដែល អាហ្នឹងវាអត់មានតម្លៃអីសម្រាប់ការជួយនេះទេ ហើយអាវប្បធម៌បែបហ្នឹងវានឹងបន្តតទៅទៀត ហើយពលរដ្ឋក៏មិនបានអបអរជាមួយការបរិច្ចាគអីដែរ»។

តាមតារាងរាយនាម ឧកញ៉ាមួយចំនួនបានចូលរួមបរិច្ចាគប្រាក់ពី ២០ម៉ឺនដុល្លារ ៥០ម៉ឺនដុល្លារ និងខ្លះទៀត ២លានដុល្លារ។ ក្នុងនោះ ឧកញ៉ា ទ្រី ភាព បានចូល ៥០ម៉ឺនដុល្លារ ។

 រដ្ឋមន្ត្រីតាមក្រសួងបានចូលពី១ម៉ឺន ទៅ២ម៉ឺនដុល្លារ។ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម និងភរិយាបានចូល ១ម៉ឺនដុល្លារដែរ ។

ក្រុមហ៊ុន KDC របស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម ត្រូវបានអ្នកភូមិនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អះអាងថា បានរំលោភយកដីពួកគេច្រើនរយហិកតា។

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​អាមេរិក​ នៅ​ថ្ងៃទី​០៩ ​ខែធ្នូ ឆ្នាំ២០១៩ បា​ន​ប្រកាស​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​លោក​ ​ទ្រី ភាព ​អគ្គនាយក​ក្រុមហ៊ុន​ ទ្រី ភាព​ គ្រុប ​និងនាយឧត្តមសេនីយ ​​គន់ គីម​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរបស់រដ្ឋាភិបាល​។

អាមេរិកអះអាងថា ​ការ​ដាក់​ទណ្ឌកម្ម​នេះ ​ពួកគេ​ថា ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ និងឧក្រិដ្ឋកម្មព្រៃឈើ។

បើតាមអាមេរិក ​លោក​ ​ទ្រី ភាព​ បាន​ប្រើប្រាស់​បណ្តាញ​ដ៏​ធំ​នៅ​កម្ពុជា​ ដើម្បី​បង្កើត​ការ​សម្រប​សម្រួល​ការ​កាប់ឈើ​ដោយ​ខុសច្បាប់ ​បម្រើការ​ធ្វើ​ចរាចរ​ផលិតផល​ឈើ​ខុសច្បាប់​របស់​ខ្លួន​ទៅកាន់​ប្រទេស​វៀតណាម ​ចិន​ រុស្ស៊ី ​និង​អឺរ៉ុប​។

​ចំណែក​ លោក​ គន់ គីម​ វិញ ​អាមេរិក​អះអាង​ថា ​ជា​មនុស្ស​សំខាន់​ម្នាក់​នៅក្នុង​គម្រោង​អភិវឌ្ឍ​ន៍ក្នុងខេត្ត​កោះកុង ​ហើយ​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​ក្រុមហ៊ុន​ចិន​។

 បើ​តាម​អាមេរិក​ លោក គន់ គីម ​បាន​ប្រើប្រាស់​កងកម្លាំង​យោធា ​ដើម្បី​បំភិតបំភ័យ​ រុះរើ​ និង​ឈូស​ឆាយ​ដី​យក​ទៅ​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ចិន​។

លោក មាស នី ហៅវិបត្តិកូវីដ១៩ពេលនេះ ក៏ជាការឆ្លុះបញ្ចាំងផងដែរ ឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញពីការបែកចែកថវិកាជាតិសម្រាប់ដោះស្រាយបន្ទាន់ ពេលប្រទេសជាតិជួបគ្រាអាសន្នដូចប្រទេសជិតខាង។

អ្នកវិភាគរូបនេះ អះអាងថា ការពឹងវិស័យឯកជនច្រើនពេក ធ្វើឱ្យវិធានការខ្លះត្រូវបរាជ័យ ឧទាហរណ៍ ករណីដោះស្រាយបញ្ហាកម្មករអត់ការងារធ្វើ ពីដំបូងរដ្ឋាភិបាលសន្យាឱ្យ ៦០ភាគរយកនៃប្រាក់ខែគោល ១៩០ដុល្លារ ឬស្មីជិត ១២០ដុល្លារ ដែលតម្រូវឱ្យថៅកែជួយចេញ ៤០ភាគរយ តែទីបំផុតដោះស្រាយបានតែ ៧០ដុល្លារ ឬស្មើរជាង ៣០ភាគរយ ក្រោយពីភាគីរោងចក្រផ្តល់សញ្ញាពីការខ្វះលទ្ធភាព។

លោកថា៖ «ដូចជាប្រទេសថៃ វៀតណាមអី! ដូចជាគេមានគោលនយោបាយគេច្បាស់លាស់នៅក្នុងស្ថានភាពបែបនេះ គេត្រូវចំណាយលុយប៉ុន្មាន បញ្ចេញលុយប៉ុន្មាន យកទៅប្រើផ្នែកស្អីខ្លះ គឺគេមានជាគោលការណ៍ច្បាស់លាស់របស់គេ សម្រាប់យើងវិញ រដ្ឋាភិបាលហាក់មានភាពស្ទាក់ស្ទើរក្នុងការថ្លែងឱ្យច្បាស់»។

លោកនាយករដ្ឋមន្ត្រីធ្លាប់អះអាងថា រដ្ឋាភិបាលបានត្រៀបកញ្ចប់ថវិកាចន្លោះពី ៨រយលានដុល្លារ ទៅ ២ពាន់លានដុល្លារ សម្រាប់ទប់ទល់បញ្ហានេះ។ ប៉ុន្តែ មិនបានបញ្ជាក់ថា នឹងចំណាយទៅលើផ្នែកណាមួយប៉ុន្មានពិតប្រាកដទេ។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា ហៅការបរិច្ចាគប្រាក់ខែរបស់ថ្នាក់ដឹកនាំនេះ វាបានឆ្លុះបញ្ចាំងពីកត្តាធំៗបី គឺបង្ហាញថា នាយករដ្ឋមន្ត្រីនៅតែមានឥទ្ធិពលក្នុងការកៀរគរមនុស្សបានច្រើនក្នុងការចូលរួមដោះស្រាយវិបត្តិអ្វីមួយក្នុងសង្គម បង្ហាញថា មន្ត្រីដែលបានបរិច្ចាគប្រាក់ខែ ជាអ្នកមានជីវភាពធូរធា រស់នៅដោយមិនចាំបាច់ពឹងលើប្រាក់ខែ និងទី៣ បង្ហាញថា ការបញ្ចេញថវិកាជាតិសម្រាប់ដោះស្រាយបញ្ហានេះនៅមានកម្រិត។

អ្នកវិភាគរូបនេះ ហៅចរន្តនៃការបរិច្ចាគនេះ ក៏ឆ្លុះបញ្ចាំងផងដែរថា បើរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ យន្តការស្វែងរកការគាំទ្រពីមហាជនដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ១៩នេះ នឹងត្រូវបានជម្រះមន្ទិល។

លោកថា៖ «ប្រសិនបើរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងឱ្យបានសុក្រឹត ការបរិច្ចាគរបស់ជនខិលខូចមិនមែនជាឧបសគ្គទេ»។

បើតាមលោក ឯម សុវណ្ណរ៉ា ការកៀរគរស្វែងរកអ្នកស្ម័គ្រចិត្តបរិច្ចាគ វាគ្រាន់តែដោះស្រាយរយៈពេលខ្លីទេ តែដំណោះស្រាយយូរអង្វែងដើម្បីដោះស្រាយវិបត្តិសង្គម រដ្ឋាភិបាលត្រូវមានស្បៀងបម្រុង និងកញ្ចប់ថវិកាបម្រុង។

លោកថា៖ «រដ្ឋាភិបាលត្រូវមានធនធានបម្រុងទាំងថវិកា និងសម្ភារ បើនៅស្រុកគេៗបម្រុង១ឆ្នាំ ឬ២ឆ្នាំ ទាំងរបស់ហូបចុកឡើង»។

នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ហៅចរន្តបរិច្ចាគប្រាក់ផ្ទាល់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ១៩ ដែលកំពុងកើតមាននៅកម្ពុជាពេលនេះថា វាបានឆ្លុះបញ្ចាំងពីវប្បធម៌ចែករំលែកជួយគ្នាក្នុងគ្រាអាសន្ន តែថា វាក៏ឆ្លុះបញ្ចាំងផងដែរពីវប្បធម៌បក្ខពួក បើរដ្ឋាភិបាលមិនចាត់វិធានការផ្លូវច្បាប់ដល់អ្នកនៅពីក្រោយបទឧក្រិដ្ឋផ្សេងៗ តាមរយៈបរិច្ចាគប្រាក់តិចតួច ហើយជ្រកក្រោមស្លាកមនុស្សធម៌នេះ។

គម្រោង​យុត្តិធម៌​ពិភពលោក​ World​ Justice​ Project​ បាន​ចេញ​របាយការណ៍​កាលពីឆ្នាំ២០១៩ ​​វាយតម្លៃ​ថា ប្រទេសកម្ពុជាមាននីតិរដ្ឋទាប ប្រព័ន្ធ​យុត្តិធម៌​​ស្ថិតនៅ​ជិត​បាត​តារាង​​ ក្នុង​ចំណោម​ ១១៣ប្រទេស កម្ពុជានៅលំដាប់ ១១២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ