លោក​ ហ៊ុន​ សែន​ អរគុណ​លោក​ កឹម​ សុខា​ ដែល​បរិច្ចាគ​ថវិកា​ចូល​រួម​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​

លោក កឹម សុខា (ឆ្វេង) នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ និងលោក ហ៊ុន សែន(ស្ដាំ) ក្នុងថ្ងៃជួបពិភាក្សាការងារជាមួយលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។ (ឆពណ្ណ បញ្ញា និង ហួត វុទ្ធី)

​​លោក​នាយក​រដ្ឋម​ន្ត្រី ហ៊ុន សែ​ន​ បា​នផ្ញើលិខិតថ្លែងអំណរគុណអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានបរិច្ចាគថវិកាចូលរួមទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ១៩។

លិខិតនេះ មន្ត្រីស្និទ្ធនឹងលោក កឹម សុខា គឺលោក មុត ចន្ថា បង្ហោះលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃពុធម្សិលមិញ។

តាមលិខិត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកការដែលលោក កឹម សុខា បរិច្ចាគថវិកា ៥ពាន់ដុល្លារ ដល់រដ្ឋាភិបាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នោះថា ជាការបំពេញកាតព្វកិច្ចការពារ សង្គ្រោះសុខភាព និងសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា ។

លោកថា៖ «ប្រជាជនកម្ពុជាយើងកំពុងតែប្រឈមនឹងហានិភ័យដែលបង្កឡើងជំងឺរីករាលដាលកូវីដ១៩។ ក្នុងស្មារតីនេះ រដ្ឋាភិបាលសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះឯកឧត្តម ដែលបានបរិច្ចាគនូវជំនួយជាថវិកាចំនួន ៥ពាន់ដុល្លារ ដល់រាជរដ្ឋាភិបាលសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ»។

មេដឹកនាំបក្សកាន់អំណាចរូបនេះ ក៏បានជូនពរឱ្យលោក កឹម សុខា និងក្រុមគ្រួសារ ជួបប្រទះតែនឹងពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ  បើទោះបីមេដឹកនាំបក្សប្រឆាំងរូបនេះ កំពុងជាប់បណ្តឹងនៅតុលាការក៏ដោយ ។

សហមេធាវីការពារក្តីឱ្យលោក កឹម សុខា គឺលោក ចាន់ ចេន ឱ្យVODដឹងបន្ថែមថា កូនក្តីលោកពិតជាទទួលបានលិខិតឆ្លើយតបពីនាយករដ្ឋមន្ត្រីដូចអ្វីដែលលោក មុត ចន្ថា បង្ហាញនេះមែន ។

មេធាវីការពាររូបនេះ ថ្លែងថា លោកចង់ឃើញអ្នកនយោបាយប្រកួតគ្នាតាមយន្តការប្រជាធិបតេយ្យ មិនយកគ្នាជាសត្រូវ ទោះមាននិន្នាការខុសគ្នាក៏ដោយ។

មេធាវីរូបនេះ អះអាងថា លោកចង់ឃើញអ្នកនយោបាយយកឱកាសនេះសហការគ្នាដោះស្រាយបញ្ហាជាតិ។

លោកថា៖ «នៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងតែប្រឈមមុននឹងកូវីដ១៩ ជារោគរាតត្បាតបែបនេះ ខ្ញុំចង់ឃើញអ្នកនយោបាយខ្មែរគ្រប់ភាគីងាកមកជជែកគ្នារកដំណោះស្រាយជួយដល់ប្រជាពលរដ្ឋ និងប្រទេសជាតិរបស់យើង»។

លោក កឹម សុខា ត្រូវសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងកណ្តាលអាធ្រាតឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ចោទថា «ក្បត់ជាតិ» ឃុបឃិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។

ប៉ុន្តែ អាមេរិកចាត់ទុកលោក កឹម សុខា ថាជាមនុស្សស្អាតស្អំ តស៊ូមតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ តែត្រូវបានគេឃុំខ្លួនទាំងអយុត្តិធម៌ និងអំពាវនាវឱ្យដោះលែងដោយគ្មានលក្ខខណ្ឌ។

ពីមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីខែមុន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បង្ហាញក្តីរំពឹងថា សេរីភាពលោក កឹម​ សុខា នឹងត្រូវស្តារឡើងវិញ ដើម្បីបើកផ្លូវទៅរកការប្រកួតប្រជែងមួយតបតាមយន្តការប្រជាធិបតេយ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ហៅសារលិខិតថ្លែងអំណរគុណរបស់នាយករដ្ឋមន្ត្រីចំពោះលោក កឹម សុខា ថានៅដាច់ពីនីតិវិធីច្បាប់ ។

លោកថា៖ «នេះជារឿងពីរដាច់ដោយឡែកពីគ្នា ១ជាការបង្ហាញសណ្តានចិត្តរបស់សម្តេចនាយកចំពោះសប្បុរសជន ហើយរឿងមួយទៀត ជាដំណើរការនៃនីតិវិធីរបស់តុលាការដែលត្រូវអនុវត្តតាមនីតិវិធីច្បាប់ដែលមានជាធរមាន»។

ក្រសួងការបរទេសកម្ពុជាឱ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pomepeo បានសន្ទនាគា្នតាមទូរសព្ទ។

តាមសេចក្តីប្រកាស កិច្ចសន្ទនានោះ ភាគីទាំងពីរក្រៅពីរំឭកពីទំនាក់ទំនងការទូតជួយគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អាមេរិកបានបញ្ជាក់ពីសារសំខាន់នៃសេរីភាពបញ្ចេញមតិសំឡេងជំទាស់ ។

អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី ហៅការជួបសន្ទនាតាមទូរសព្ទរវាងកម្ពុជា អាមេរិកពេលនេះ ជា សញ្ញាវិជ្ជមានមួយ បើប្រៀបធៀបទៅនឹងភាពចម្រូងចម្រាសប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប៉ុន្តែ អ្នកវិភាគរូបនេះ បង្ហាញការយល់ឃើញថា បើទោះបីអាមេរិកពេលនេះបានព្យាយាមលើកឡើងថ្មីទៀតពីការធានាឱ្យមានសំឡេងប្រឆាំងឡើងវិញ តែអាចត្រូវការពេល។

លោកថា៖ «បើគិតពីមនោសញ្ចេតនា វានឹងអាចជាភ្លើងខៀវនៅពេលខាងមុខ បើកផ្លូវឱ្យមានដំណោះស្រាយនយោបាយ។ ប៉ុន្តែ សម្រាប់ខ្ញុំវិញ ខ្ញុំមើលឃើញថា វាគ្រាន់តែកម្រិតថា អរគុណ អាហ្នឹងជាការអរគុណបែបមនុស្សធម៌ទេ»។​

កាលពីខែមករាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណលោក កឹម សុខា ផងដែរ ដែលបាន​បរិច្ចាគថវិកា ២ពាន់ដុល្លារ ជួយដល់អ្នករងគ្រោះដោយអាគារកម្ពស់ ៧ជាន់បាក់សង្កត់ នៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ