ភាព​ក្រី​ក្រ​នៅ​កម្ពុជា​អាច​នឹង​វិល​ទៅ​​រក​ការ​រីក​​ធំ​​ឡើង​​វិញ​​ចំពោះ​មុខ​ការ​រីក​រាល​ដាល​កូវីដ​១៩​

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

មេរោគកូវីដ១៩ កំពុងរាតត្បាតលើប្រទេស និង​ដែនដីជាង ២០៤ លើសកល​លោក​។ ប្រជា​ពល​​រដ្ឋជិត ១លាន ៣សែននាក់ បានឆ្លងមេរោគនេះ និងប្រមាណជាង​ ៣​ពាន់​​លាននាក់​នៅ​ទូទាំង​ពិភពលោក ស្ថិតក្នុងបម្រាមមិនឱ្យដើរចេញក្រៅ គិត​ត្រឹម​ថ្ងៃទី០៦ ខែមេសា។

ប្រទេសជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោក ដូចយ៉ាង​ប្រទេសក្នុងសហភាពអឺរ៉ុប អាមេរិក ឥណ្ឌា ចិន កាណាដា ជប៉ុន និងប្រទេស​អភិ​វឌ្ឍន៍ផ្សេងៗទៀត បានសម្រេចផ្អាកផ្នែកខ្លះនៃសកម្មភាពសេដ្ឋកិច្ច និងបិទព្រំដែន​របស់​ពួកគេ ដើម្បីទប់​ទល់នឹងការរីករាលដាលនៃមេរោគកូវីដ១៩។

ធនាគារពិភពលោក World Bank កាលពីដំណាច់ខែមីនា បានចេញរបាយការណ៍មួយ​ដែល​បង្ហាញ​ពី​ផលប៉ះពាល់​មក​លើ​សេដ្ឋកិច្ច ដែលបណ្ដាលមក​ពី​ការរីករាលដាល​នៃកូវីដ១៩ នៅ​តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិច។ World Bank បន្ថែមថា កំ​ណើន​សេដ្ឋកិច្ចក្នុងតំបន់នឹងធ្លាក់ចុះពី ៥,៨ភាគរយ ​(ប៉ាន់ស្មានកាលពីឆ្នាំ២០១៩) មក​នៅត្រឹម ២,១ភាគរយ បន្ទាប់ពីការរីករាលដាលនៃកូវីដ១៩ ក្នុងកម្រិតស្រាល។ ​ប៉ុន្តែ​ បើសិន​ជាកម្រិតរីករាលដាលធ្ងន់ធ្ងរជាងនេះ កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាចកើនឡើងត្រឹមអត្រា ០,៥ភាគរយ​ប៉ុណ្ណោះ។

កាលពីឆ្នាំ២០១៩ ស្ថាប័ន​នេះព្យាករថា មនុស្ស ៣៥លាននាក់ នឹងគេចផុតពីភាព​ក្រីក្រ ប៉ុន្តែ ឥទ្ធិពលកូវីដ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់​​បណ្តាប្រទេសអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងការកាត់បន្ថយភាពក្រីក្ររបស់​ខ្លួន ក្នុងនោះមនុស្សប្រមាណ ១១លាននាក់ (ក្នុង​ចំណោម​មនុស្ស ៣៥លាននាក់ ​ដែល​រំពឹង​ថារួចពីក្រីក្រ)​ នឹងធ្លាក់ចូលទៅក្នុងភាព​ក្រីក្រវិញ ដោយប្រើបន្ទាត់​ក្រីក្រ​​តម្លៃជា​ទឹក​ប្រាក់ ៥,៥ដុល្លារក្នុង ១​ថ្លៃ​(តម្លៃចំណាយក្នុង១ថ្ងៃ សម្រាប់​មនុស្ស​ម្នាក់ៗ)។

ស្ត្រី​កម្ពុជា​ម្នាក់​អូស​រទេះ​សំរាម​របស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។ (បញ្ញា ឆពណ្ណ)

របាយការណ៍នេះក៏រំលេចឱ្យឃើញផងដែរ​នូវ​ហានិភ័យ​កាន់​តែខ្ពស់ថែម​ទៀត ជុំវិញលទ្ធភាពនៃការធ្លាក់ចុះទៅក្នុងភាពក្រីក្រ​របស់​បណ្តា​គ្រួសារដែល​ធ្លាប់​​តែពឹងអាស្រ័យមុខរបរទៅលើវិស័យទាំងឡាយដែលងាយ​រងគ្រោះពីផលប៉ះទង្គិច​របស់​​​កូវីដ-១៩ ដូចជា​ វិស័យទេសចរណ៍​នៅ​​ក្នុង​ប្រទេស​ថៃ និង​នៅ​តាម​កោះប៉ាស៊ីហ្វិក វិស័យកម្មន្តសាល (រោងចក្រ) នៅ​ប្រទេសកម្ពុជា ​និង​វៀតណាម។ របាយការណ៍បន្ថែមថា អ្នករស់នៅ​ក្នុង​ចំណោម​គ្រួសារដែល​ធ្លាប់​តែ​ពឹងអា​ស្រ័យ​លើកម្លាំងពលកម្ម​ក្រៅប្រព័ន្ធផ្លូវការនៅតាមប្រទេសទាំងអស់ ក៏ប្រឈម​មុខនឹង​ភាពក្រីក្រចំពោះវិបត្តិនេះដែរ។

សេដ្ឋវិទូជាន់ខ្ពស់​របស់ធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា​ និង​ប៉ាស៊ីហ្វិក លោក អាឌីត្យា ម៉ាទូ លើកឡើងក្នុងរបាយការណ៍ថា៖ «បណ្តា​ប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា​ និង​ប៉ាស៊ីហ្វិក និង​នៅ​តាម​តំបន់​ផ្សេង​ទៀត ត្រូវ​តែ​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺនេះ រក្សា​ពាណិជ្ជកម្មឱ្យនៅដំណើរការដដែល និងចេះ​សម្រប​សម្រួល​គ្នា​ផ្នែកគោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច»

ទោះជាយ៉ាងណាក្ដី ប្រទេសនៅក្នុងតំបន់រួមទាំងកម្ពុជាផងនោះ បានចាត់វិធាន​ការរៀងៗខ្លួនបិទខ្ទប់ព្រំដែនដើម្បីចាត់វិធានការទប់ទល់នឹងកូវីដ១៩នេះ។ កម្ពុជា​ ឡាវ ថៃ វៀតណាម បានបិទមិនឱ្យអ្នកដំណើរ​ឆ្លងដែនទៅវិញ​ទៅមករៀងៗខ្លួន​ ដោយមិនទាន់​កំណត់ពេលវេលាជាក់លាក់ ដើម្បី​រក្សាប្រក្រតីភាពឡើង​វិញនៅ​ឡើយ គិតត្រឹមថ្ងៃទី០៦ ខែមេសានេះ។

គណៈរដ្ឋមន្ត្រីកម្ពុជារបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំងអ​នុ​ម័ត​សេចក្ដី​ព្រាងច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នកាល​ពីសប្ដាហ៍មុនទៀតផង។ ​ច្បាប់នេះ​អាចនឹងត្រូវសភាអនុម័តក្នុងសប្ដាហ៍នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពី​សប្ដាហ៍​មុនថា៖ «ច្បាប់នេះ​អាចនឹងប្រើដើម្បីទប់ស្កាត់ការឆ្លងរីករាល​ដាល​នៃកូវីដ១៩ ប៉ុន្តែ យើងមិនចង់​ប្រើច្បាប់នេះឡើយ»

សេចក្ដីព្រាងច្បាប់នេះ បានលើកឡើងពីការប្រើច្បាប់អាជ្ញាសឹក ដើម្បីគ្រប់​គ្រង​សង្គម និងសេដ្ឋកិច្ច។ ច្បាប់នេះក៏នឹងអនុញ្ញាត​ឱ្យរដ្ឋគ្រប់គ្រងថ្លៃទំនិញ ចាត់​​ចែងទ្រព្យសម្បត្តិឯកជន ឬសាធារណៈ ដើម្បីឆ្លើយតបចំពោះគ្រា​អាសន្ន​ទៀត​ផង។

រាជរដ្ឋាភិបាលកម្ពុជា កាលពីខែមីនា បានចាត់វិធានការមួយចំនួនរួចហើយ ដើម្បីទប់ទល់នឹងមេរោគកូវីដ១៩ ដែលវិធានការទាំងនោះបានបណ្ដាលឱ្យអាជីវកម្មខ្នាតតូចជាច្រើនបិទទ្វារ និងបន្សល់ទុកឱ្យកម្មករនិយោជិតរាប់ម៉ឺននាក់មិនមានការងារធ្វើ និងគ្មានប្រាក់ចំណូល។ អាជីវកម្ម​ដែលរដ្ឋបានតម្រូវឱ្យបិទទ្វារ រួមមាន ខេធីវី ការ៉ាអូខេ កាស៊ីណូ ក្លឹបកម្សាន្ត រោងភាពយន្ត ​ម៉ាស្សា ជាដើម។

ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា​ (CFSWF) ​កញ្ញា អ៊ូ ទេពផល្លីន លើកឡើងថា ស្ថានភាពជីវភាពកម្មករ​និយោ​ជិត​លើ​វិស័យ​ការ​ងារ​ក្រៅប្រព័ន្ធចាប់ផ្ដើមធ្លាក់ចុះខ្លាំង បន្ទាប់ពីអាជីវ​កម្ម​​ខារ៉ា​អូខេ​ និង​ក្លឹប​កម្សាន្ត បិទទ្វាររយៈពេល ២សប្ដាហ៍មកនេះ។ កញ្ញាបន្តថា កម្មករនិយោជិត​ភាគ​ច្រើន អាចនឹងខ្វះអាហារហូបចុក និងខ្វះកន្លែងស្នាក់នៅ ប្រសិនបើស្ថានភាព​នេះ​នៅតែបន្តរយៈពេលយូរទៅទៀតនេះ។

កញ្ញា អ៊ូ ទេពផល្លីន និយាយ​ថា​៖ «អាលូវនេះ ពួកគាត់អត់ការងារធ្វើ​លំបាកហើយ ​ដូចរឿងអត់​លុយ​សង​ធនាគារ​អីហ្នឹង។ តិចទៀតនឹងលំបាក​មែន​ទែន ហើយកាន់តែក្រមែន​ទែនទៀត។ បើស្ថានភាព​ខ្លាំងបន្តិចទៀត​គាត់ចាយ​លុយអស់ អត់អីបង់ផ្ទះ ម្ចាស់​ផ្ទះ​គេដេញ​ចេញ អត់​លុយ​ទិញអីហូបទេ សូម្បីតែទឹកក៏គ្មានលុយទិញប្រើដែរ​មើលទៅ»

បើតាមសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បុគ្គលិកកម្មករដែលធ្វើការងារ​នៅ​ក្នុង​ឧស្សាហកម្ម​កម្សាន្តនេះ មានរហូតដល់ជាង ៨ម៉ឺន​នាក់នៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ក៏បានបង្ហាញក្ដី​បារម្ភចំពោះជីវភាពកម្មករនៅតាមរោងចក្រដែរ។ លោកមានប្រសាសន៍ថា គ្រួ​សាររបស់អ្នកធ្វើការរោងចក្រមួយចំនួនមិនត្រឹមតែធ្លាក់ខ្លួនក្រទេ តែថែមទាំង​លំបាកខ្លាំងទៀតផង។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់។

លោក អាត់ ធន់ និយាយ​ថា៖ «​ប៉ះពាល់ដល់ការងារ គឺប៉ះពាល់ដល់ជីវភាពរបស់គាត់ហើយ ធម្មតាគាត់រស់ដែរពេលមានការងារធ្វើ គេហៅថា រស់ម៉ាគ្រប់ តែដល់អត់ការងារធ្វើទៅ កាន់តែលំបាកថែមទៀតហើយ គាត់ចំណាយហូបចុក សងធនាគារ​ កូន​រៀន​ហ្នឹង​ លំបាកហើយ។ ខ្ញុំគិតថា បើជំងឺហ្នឹងចប់ក្នុងរយៈពេល ២ ឬ ៣​ខែ មិនអីទេ តែបើយូរជាងនេះ នឹងប៉ះពាល់ដល់ស្បៀងថែមទៀត»

លោក អាត់ ធន់ ស្នើឱ្យរដ្ឋាភិបាលផ្ដល់ប្រាក់ឧត្ថម្ភចំពោះកម្មករដែលបាត់​បង់​ការងារតាមការសន្យាដែលលោក ហ៊ុន សែន លើកឡើងកាលពីខែកុម្ភៈ។

អ្នកនាំពាក្យ​ក្រសួងការងារ លោក ហេង សួរ ឱ្យដឹងកាលពីចុងសប្ដាហ៍មុនថា គិតត្រឹមដំណាច់ខែមីនា មានរោងចក្រចំនួនជាង ៩០បានបិទទ្វារបណ្ដោះអាសន្ន ព្រោះតែមិនមានអ្នកបញ្ជាទិញ។ លោកថា កម្មករប្រមាណជាង ៦ម៉ឺននាក់ បាត់បង់ការងារ​ធ្វើ ព្រោះតែរោងចក្រផ្អាកដំណើរការ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឱ្យដឹងថា កម្មកររោងចក្រវិស័យវាយ​នភណ្ឌនេះ មានប្រមាណជាង ៨០ម៉ឺននាក់ ខណៈដែលមនុស្សបានទទួល​ផលប្រយោជន៍ពីវិស័យនេះមានប្រមាណជាង ២លាននាក់។

ប្រធានអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់​ លោក មឿន តុលា មានប្រសាសន៍ថា វិបត្តិកូវីដ១៩នេះ នឹងជះឥទ្ធិពលខ្លាំងក្លា​បណ្ដាលឱ្យកម្មកររោងចក្រ អ្នកធ្វើការនៅសហគ្រាសធុនតូច និងមធ្យម ពលករមកពីថៃ ប្រឈមនឹងការបាត់បង់ចំណូលស្ទើរតែទាំងស្រុង។ លោកថា កម្ពុជា​ទំនងជាមិនអាចកាត់បន្ថយភាពក្រីក្របាននោះឡើយ។

នាយ​កម​ជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​ លោក​ មឿន​ តុលា។

លោក មឿន តុលា ប្រាប់​ថា៖ «ពេលអត់ការងារធ្វើ គាត់នឹង​អត់​លុយចាយ អត់អីហូប អត់អីសងគេ  ខ្ញុំគិតថា វិបត្តិនេះនឹងជំរុញឱ្យមនុស្សជា​ច្រើនជួបវិបត្តិសេដ្ឋកិច្ចគ្រួសារពួក​គាត់ទៀត​ផង។​ ពួកគេនឹងក្រដោយសារអត់​ចំណូល អ្នកអត់មាន​ការងារធ្វើនឹង​កើនឡើង ស្រប​ពេលដែលកម្ពុជា​យើងមិនមានប្រព័ន្ធគាំ​ពារ​សង្គម​​រឹងមាំ។ដូច្នេះ ភាពក្រីក្រនៅកម្ពុជាមិនត្រឹមតែមិនអាចកាត់បន្ថយបានដែរនៅឆ្នាំនេះ»

លោក មឿន តុលា បន្ថែមថា រដ្ឋាភិបាលចាំបាច់ត្រូវចាត់វិធានការឱ្យមានប្រសិទ្ធភាពចំពោះការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ និងវិធានការអន្តរាគមន៍ចំពោះជីវភាពប្រជាពលរដ្ឋ។

បើតាមលោក មឿន តុលា ឱ្យដឹងថា គិតត្រឹមខែមេសា ឆ្នាំ២០២០នេះ ពលរដ្ឋខ្មែរ​ដែលធ្វើការនៅប្រទេសថៃមានចំនួនប្រមាណជិត ២លាននាក់ ដែលក្នុងនោះ​ ពលករខុសច្បាប់មានប្រមាណជាង ២០ភាគរយ ឬជិតកន្លះលាននាក់។

ទោះជាយ៉ាង​ណា តួលេខដែលចេញដោយក្រសួងការងារកម្ពុជា បង្ហាញថា ពលរដ្ឋខ្មែរដែល​ធ្វើការ​នៅប្រទេសថៃ មានចំនួនជាង ១លាន ២សែននាក់។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រកាសក្នុងសេចក្ដីថ្លែងហេតុស្ដីពីការរៀបចំច្បាប់ថវិកាជាតិថា ភាពក្រីក្រនៅកម្ពុជាអាចធ្លាក់ចុះមក​នៅត្រឹមក្រោម ១០ភាគ​រយ នៅ​ឆ្នាំ២០២០​នេះ។ ក្រសួង​មិនទាន់បានបង្ហាញ​ការព្យាករទេថា ស្ថានភាពក្រីក្រនៅកម្ពុជាកើនឡើង ឬថយចុះយ៉ាងណា​នៅឡើយទេ។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន មានប្រ​សាសន៍ថា ក្នុងរយៈពេលនេះ ក្រសួងមិនទាន់អាចវាយតម្លៃពីផលប៉ះពាល់ទៅលើយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្របាននៅឡើយទេ។

លោក មាស សុខសេនសាន ប្រាប់​ថា៖ «ខ្ញុំគ្រាន់តែចង់ប្រាប់ថា បើយើងវាយតម្លៃពីភាពក្រីក្រឥលូវភ្លាម យើងមិនទាន់វាយតម្លៃបានទេ សូម្បីតែស្ថាប័នអន្តរជាតិធំៗក៏មិន​ទាន់អាចវាយតម្លៃជាក់លាក់បានដែរ។ តែយើងគិតម្យ៉ាងទៅវិញ បើគិតពីភាពក្រីក្រនៅកម្ពុជាមានច្រើន គឺនៅតាមជនបទ ហើយជនបទ គឺពឹងលើវិស័យកសិកម្ម ដល់តែបច្ចុប្បន្នតម្រូវការស្បៀងក៏កើនឡើង វិស័យនេះក៏មានតម្រូវការច្រើនឡើងវិញ នេះគ្រាន់តែយើងសាកល្បងពិចារណាទេ។ ខ្ញុំគ្រាន់តែគិតថា រយៈពេល​នេះ​ គឺមិនប៉ះពាល់នាំឱ្យមានភាពក្រីក្រអីធ្ងន់ជាងមុនប៉ុន្មានទេ»

ទន្ទឹមនឹងការលើកឡើងបែបនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការមួយចំនួនរួចហើយ ដូចយ៉ាង ការផ្ដល់ប្រាក់ចាក់បញ្ចូលក្នុងវិស័យធនាគារ ដើម្បីរក្សា​លំនឹងវិស័យនេះ និង​ការបន្ធូរបន្ថយកាតព្វកិច្ចបង់ពន្ធនានារបស់គ្រឹះស្ថានហិរញ្ញ​វត្ថុជាដើម។

របាយការណ៍សិក្សាស្រាវជ្រាវពីភាពក្រីក្រនៅកម្ពុជា ចងក្រងដោយធនា​គារពិ​​ភពលោកដែលមានការទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយឆ្នាំ២០​១៤ បង្ហាញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៣ភាគរយ​រស់នៅក្រោមបន្ទាត់​ភាព​ក្រីក្រ។ ក្នុង​នោះបន្ទាត់ក្រីក្រនៅទីក្រុងភ្នំពេញមានតម្លៃ ៨២០០៛ បន្ទាត់ក្រីក្រនៅទី​ប្រជុំជន​មានតម្លៃ ៥២០០៛ ខណៈដែលទីជនបទបន្ទាត់ក្រីក្រមានតម្លៃ ៤៨០០៛។

ធនាគារពិភពលោក បានព្យាករក្នុងរបាយការណ៍​ចេញផ្សាយកាលពី​សប្ដាហ៍​មុនថា នៅឆ្នាំនេះ ផលទុនក្នុងស្រុកសរុបរបស់កម្ពុជា អាចធ្លាក់ចុះដល់ ២,៥​ភាគរយ ឬទាបជាង ១​ភាគរយ នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត។ វិស័យទេស​ចរណ៍​ សំណង់ និងឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែ​វិបត្តិសេដ្ឋកិច្ចសកលបណ្តាលមកពីការរីករាលដាលនៃជំងឺ Covid-19។

របាយការណ៍នេះប៉ាន់ប្រមាណអត្រាកំណើនអាចនឹងកើនឡើងដល់ ៥,៩​ភាគរយ នៅឆ្នាំ២០២១ ក្រោមសេណារីយ៉ូមូលដ្ឋាន ឬ ៣,៩​ភាគរយក្នុងករណីអាក្រក់បំផុត ប្រសិនបើការរាតត្បាតនៃជំងឺថយចុះ និងសេដ្ឋកិច្ចចិន និងពិភពលោកទាំងមូលចាប់ផ្តើមងើបឡើងវិញ។

នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក ចាន់ សុផល សរសេរក្នុង​ទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «ខ្ញុំ​ជឿជាក់ថា​ សេដ្ឋកិច្ច​ឆ្នាំ​​២០២០​ មិន​ល្អ​ជាង​ឆ្នាំ​ ២០១៩​ នោះ​ទេ។ បើ​ស្មើ​ឆ្នាំ​​២០១៩​ មានន័យ​ថា​ មាន​កំណើន​​សូន្យ​ភាគរយ។ បើអន់​ជាង​ឆ្នាំ​​២០១៩​ មាន​ន័យ​ថា​ នឹង​មាន​អត្រា​កំណើន​អវិជ្ជមាន​»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ