រដ្ឋា​ភិបាល​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​​ដើម្បី​ទប់​ស្កាត់​កូវីដ​១៩​

​កងកម្លាំង​រាជរដ្ឋាភិបាល​កម្ពុជា យាម​ការពារ​នៅតំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩​។ ​(រូបភាព៖ ជន ចាន់រ៉ែន)

រដ្ឋាភិបាល បាន​សម្រេច​ដាក់​កំហិតធ្វើដំណើរក្នុងប្រទេសដែល​អនុវត្តចាប់ពីម៉ោង២៤:០០ ថ្ងៃទី៩ ខែមេសា ដល់ម៉ោង២៤:០០ ថ្ងៃទី១៦ ខែមេសា។​

បទបញ្ជាដែល​ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះ បញ្ជាក់ថា ការ​ដាក់​កំហិតធ្វើដំណើរក្នុងប្រទេសធ្វើឡើងដើម្បី​បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

បទបញ្ជាដដែលសរសេរថា៖ «ហាមឃាត់ការធ្វើដំណើរនៅផ្ទៃក្នុងប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត»។

ទោះយ៉ាងណាក៏ដោយ ការហាមឃាត់នេះត្រូវបាន​លើកលែងសម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជារថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន។ ក្រៅពីនេះ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន រថយន្តពន្លត់អគ្គីភ័យ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់ និងការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវបានលើកលែងបម្រាមនេះដែរ។ បន្ថែមលើនេះ ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន)នាក់ សម្រាប់ករណីនីមួយៗ ក៏ទទួលបាន​ការលើកលែងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ