ពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ីមួយចំនួនបង្ហាញការខកចិត្ត ដែលរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យពួកគេត្រឡប់មកប្រទេសកំណើតវិញ ដោយថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩។
និស្សិតខ្មែរ លោក ស្លះ សាព្រី ប្រាប់វីអូឌីនៅថ្ងៃនេះថា ពួកគាត់សប្បាយចិត្តនៅពេលដែលលឺថា នឹងបានវិលត្រឡប់មកកម្ពុជា ប៉ុន្តែ នៅសល់ពេលកន្លះម៉ោងដែលយន្តហោះរៀបនឹងចាកចេញ បែរជាទទួលព័ត៌មានថា រដ្ឋាភិបាលមិនអនុញ្ញាតឱ្យត្រឡប់កម្ពុជាទៅវិញ។ លោកបន្តថា បើសិនរដ្ឋាភិបាលកម្ពុជាប្រកាសតាំងពីដំបូង ពួកគាត់ទាំងអស់គ្នានឹងមិនទិញសំបុត្រយន្តហោះនោះទេ ដោយសារ ការវិលត្រឡប់មកកម្ពុជាពេលនេះ ពួកគាត់ត្រូវចំណាយប្រាក់ច្រើន។
លោកថា៖ « លុយកាក់យើងក៏អស់ ថ្លៃធ្វើដំណើរយើងក៏អស់ច្រើន ពិបាកណាស់យើងរត់ការពេលនេះ ពីព្រោះពេលនេះ គេកំពុងបិទ ហើយពេលយើងរត់ការទៅលុះត្រាតែមានសំបុត្រពីសាលា ដឹងលឺពីស្ថានទូតខ្មែរ ទើបគេឱ្យទៅ យើងលំបាកមែនទែន ទៅអត់បាយទៀត ដោយគេមិនលក់អីទេ។ អត់បាយយើងមិននិយាយទេ ដោយសារ យើងចង់ទៅផ្ទះ អត់លុយក៏អត់អីដែរឱ្យតែបានទៅផ្ទះ ប៉ុន្តែ យើងខកចិត្តខ្លាំង ដោយសារ អត់បានទៅទៀត »។
លោកបន្តថា នៅពេលដែលបានទទួលព័ត៌មានថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់កម្ពុជាវិញ លោកថា ពួកគាត់បាននាំគ្នាសុំផ្ទះមិត្តភក្តិ អ្នកខ្លះទៀតនាំគ្នាទៅសាលារៀន ហើយសម្រាប់ពលករចំនួន ១១នាក់ដែលមកពីខេត្តឆ្ងាយដោយមិនមានប្រាក់ត្រឡប់ទៅវិញនោះ ពួកគាត់បាននាំគ្នាសម្រាកនៅក្នុងព្រលានយន្តហោះតែម្ដង។ លោកបន្តថា បើរដ្ឋាភិបាលបារម្ភខ្លាចពួកគាត់មានផ្ទុកជំងឺកូវីដ១៩ លោកថា ពួកគាត់សុខចិត្តរស់នៅដាច់ដោយឡែក ១៤ថ្ងៃ ទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។
លោកថា៖ «យើងមើលប្រទេសគេផ្សេងៗ គេដើររកប្រជាជនគេមកប្រទេសវិញ ហើយគេយកមកអត់អស់លុយទៀត។ យើងការពារបាន ដោយកុំយកទៅផ្ទះទៅ យើងជួយគាត់ទៀត បានមកភូមិស្រុកវិញ បានអីជួបមុខកូនចៅដែរ ហើយជួយលុយកាក់ កុំឱ្យគាត់អស់ច្រើនទៀត បើយើងឱ្យគាត់មកមិនអស់ច្រើនប៉ុន្មានទេ ប៉ុន្តែ យើងឱ្យទៅវិញ អស់ទាំងលុយ អស់ទាំងពេលវេលា និយាយទៅពិបាកមួយចប់»។
ពលរដ្ឋម្នាក់ទៀត កញ្ញា រ៉ ម៉ាសាវ៉ារីទី លើកឡើងថា កញ្ញានៅតែចង់ត្រឡប់មកប្រទេសកម្ពុជាវិញ បើទោះបីជាការវិលត្រឡប់មកនេះ ត្រូវបានរដ្ឋាភិបាលយកមកដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ក៏ពួកគាត់យល់ព្រមដែរ។ កញ្ញាបន្តថា បច្ចុប្បន្ន គាត់ស្នាក់នៅផ្ទះម្ដាយធម៌ ដោយមិនត្រឡប់ទៅសាលារៀនវិញនោះទេ។
កញ្ញាថា៖ «ខកចិត្តដែរ ព្រោះអីសប្បាយចិត្តថា នឹងបានជួបជុំគ្រួសារ ទោះបីថាទៅហ្នឹង ត្រូវយកដាក់នៅដាច់ដោយឡែក ១៤ថ្ងៃ ក៏អត់អីដែរ តែអត់បានទៅ អ៊ីចឹង រាងខកចិត្តបន្តិចដែរ»។
ពលករដែលបច្ចុប្បន្នកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី កញ្ញា ខុន ស្រីមុំ សម្ដែងការខកចិត្តចំពោះរដ្ឋាភិបាលដែលមិនយកពលរដ្ឋខ្មែរចំនួន ១៥០នាក់ មកកម្ពុជា ដោយថា ឱ្យពួកគាត់រស់នៅទីនោះទាំងលំបាក។
កញ្ញាថា៖ «ខ្ញុំអត់ពេញចិត្តរដ្ឋាភិបាលធ្វើបែបហ្នឹង ពួកខ្ញុំអត់គាំទ្រទេ ដោយសារ ប្រទេសដទៃ គេខ្វាយខ្វល់ពលរដ្ឋខ្លួនឯង ដែលជាប្រទេសមេរោគកំពុងកើនឡើងជាង ៤០០០នាក់។ គេខ្លាចពលរដ្ឋគេលំបាក ដល់ថ្នាក់គេមិនចាំឱ្យពលរដ្ឋគេទិញសំបុត្រយន្តហោះ គេដឹកទៅអត់លុយ ក្នុងមួយថ្ងៃ ២យន្តហោះ ទាំងហ្វីលីពីន ទាំងឥណ្ឌូនេស៊ី ហើយទៅ គេដាក់នៅដាច់ដោយឡែក។ ហេតុអីមនុស្សមួយកប៉ាល់ឱ្យគេចូល ហេតុអីមិនបើកភ្នែកមើលពលរដ្ឋខ្លួនឯងលំបាក មិនឱ្យចូល ខ្ញុំឆ្ងល់ត្រង់ហ្នឹង»។
មន្ត្រីស្ថានទូតប្រទេសម៉ាឡេស៊ីសុំមិនធ្វើអត្ថាធិប្បាយ ជុំវិញរឿងពលរដ្ឋខ្មែរចំនួន ១៥០នាក់ ដែលមិនបានត្រឡប់មកកម្ពុជា ដោយឱ្យមកសួរមន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីវិញ។ វីអូឌីផ្ញើសំណួរទៅមន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី តាមប្រព័ន្ធ WhatsApp ដើម្បីសុំការអត្ថាធិប្បាយថា តើពលរដ្ឋដែលមិនបានត្រឡប់មកវិញ រដ្ឋាភិបាលនឹងដោះស្រាយបញ្ហាអ្វីខ្លះដល់ពួកគេ? ប៉ុន្តែ គិតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបពីមន្ត្រីរូបនោះនៅឡើយទេ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីបាន និងកំពុងសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីជួយសម្របសម្រួលឱ្យពលករខ្មែរបានរស់នៅម៉ាឡេស៊ីមួយរយៈ រហូតដល់ស្ថានភាពជំងឺកូវីដ១៩ មានលក្ខណៈប្រសើរឡើងវិញសិន។
លោក កុយ គួង មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមថា៖ «១៥០នាក់នោះ មិនមែនសុទ្ធតែពលករទេ គឺចម្រុះ រួមមាន ពលករ និស្សិត អ្នកមានទិដ្ឋាការអចិន្ត្រៃយ៍។ រាជរដ្ឋាភិបាល តាមរយៈស្ថានទូតយើងនៅម៉ាឡេស៊ី បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីសម្របសម្រួលអោយពលរដ្ឋយើងបន្តរស់នៅកន្លែងដើមរបស់ខ្លួនបន្តទៀត មួយរយៈបណ្តោះអាសន្ន រហូតដល់ស្ថានភាពមានលក្ខណៈកាន់ប្រសើរឡើងវិញសិន»។
លោក មឿន តុលា នាយកអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (សង់ត្រាល់) សម្ដែងការសោកស្ដាយដែលរដ្ឋាភិបាលមិនអនុញ្ញាតឱ្យពលរដ្ឋត្រឡប់មកប្រទេសកំណើតវិញ។
លោកបន្តថា បើកម្ពុជាមិនទាន់ត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលពួកគាត់មកវិញទេ រដ្ឋាភិបាលគួរតែណែនាំទៅស្ថានទូតធ្វើការជាមួយអាជ្ញាធរម៉ាឡេស៊ីឱ្យបន្តទិដ្ឋាការបន្តទៀត ដើម្បីអនុញ្ញាតឱ្យពលរដ្ឋអាចស្នាក់នៅ ឬធ្វើការនៅទីនោះ ១ ឬ ២ខែ បណ្ដោះអាសន្ន ដោយផ្ដល់ស្បៀងអាហារ និងថវិកា នៅពេលដែលពួកគាត់បាត់បង់ការងារ។
លោកបន្តថា ប្រសិនរដ្ឋាភិបាលបារម្ភខ្លាចពួកគាត់មានផ្ទុកជំងឺកូវីដ១៩នោះ នៅពេលពួកគាត់មកដល់កម្ពុជាវិញ រដ្ឋាភិបាលអាចយកពួកគាត់ទៅដាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ជាជាងសម្រេចមិនអនុញ្ញាតឱ្យមកកម្ពុជា។
លោកនិយាយថា៖ «អនុញ្ញាតឱ្យគាត់មកតាមធម្មតា ប៉ុន្តែ ត្រូវរៀបចំការពិនិត្យសុខភាពធ្វើតេស្តកូវីដ១៩ នៅពេលដែលគាត់មកដល់ហ្នឹង ធ្វើតេស្តគាត់ទៅ បើអ្នកណាផ្ទុកកូវីដ១៩ យើងយកគាត់ទៅព្យាបាលទៅដូចរដ្ឋាភិបាលព្យាបាលជាង ១០០ករណី ហើយជាបានជាង ៦០ករណី។ ចំពោះអ្នកដែលអត់មានផ្ទុកមេរោគហ្នឹង យើងគួរតែរៀបចំដាក់ឱ្យដាច់ដោយឡែកពីគេ ឱ្យស្នាក់នៅរយៈពេល ១៤ថ្ងៃសិនទៅ។ ពេលមិនមាន ត្រូវធ្វើតេស្តម្ដងទៀត មានផ្ទុកកូវីដ១៩ អត់! ឬស្ថានភាពគាត់នៅល្អដដែល ឱ្យគាត់ទៅសហគមន៍គាត់ទៅ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែមេសា បានថ្លែងថា ការមិនអនុញ្ញាតឱ្យពលរដ្ឋខែ្មរចំនួន ១៥០នាក់ ចូលប្រទេសកម្ពុជាក្នុងអំឡុងពេលនេះ ដោយលោកបារម្ភខ្លាចអ្នកទាំងនោះ មានផ្ទុកជំងឺកូវីដ១៩។ លោក ហ៊ុន សែន អំពាវនាវទៅពលរដ្ឋខ្មែរទាំង ១៥០ក់ បន្តស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីសិន ដើម្បីការពារប្រជាពលរដ្ឋនៅក្នុងប្រទេស។
លោក ហ៊ុន សែន៖ «វាលំបាកណាស់ក្នុងការសម្រេចថា មិនយក។ ផែនការរបស់បង ម៉ម ហ៊ុនហេង យកមកដាក់នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ១៥០នាក់ យើងអត់ដឹងថា ១៥០នាក់ មានអ្នកណាខ្លះឆ្លងទេ បន្ទាប់ពីហ្នឹងទៅថា ត្រូវធ្វើអី ។ អ៊ីចឹង ភ្នំពេញក្លាយជាសំបុកជំងឺគួរឱ្យខ្លាច។ អ៊ីចឹង សូមបងប្អូន និងសាច់ញាតិមេត្តាយោគយល់ដល់ការលំបាករបស់ជាតិ។ ខ្ញុំគិតថា ពេលវេលានេះ វាមិនទាន់ស្លាប់ដូចជំនាន់អាពត កុំឆ្ងល់ពេក និយាយតាមមួយបែបទៅ យើងធ្លាប់វេទនានៅជំនាន់អាពត ហើយនៅប្រទេសម៉ាឡេស៊ី មិនទាន់ដល់ថ្នាក់គេឱ្យប្រជាជនអត់បាយនោះទេ ខ្ញុំជឿអ៊ីចឹង»៕