លោក ខៀវ កាញារីទ្ធ៖ បើ​សិន​ជា​ការ​ឆ្លង​រោគ​ឡើង​ដល់​ម៉ឺន​ដូច​ប្រទេស​គេ សម្ភារ​យើង​ទ្រោល​មិន​រួច​ទេ​

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានក្រើនរំឭកប្រជាពលរដ្ឋដែលសម្រុកទៅស្រុកកំណើតនាពេលនេះ ឱ្យចេះការពារខ្លួនគេចពីជំងឺកូវីដ១៩ ដោយថា បើកម្ពុជាមានអ្នកឆ្លងដល់ម៉ឺននាក់ដូចប្រទេសដទៃ ការជួយសង្គ្រោះនឹងទ្រោលមិនរួច។

លោក ខៀវ កាញារីទ្ធ សរសេរលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃម្សិលមិញ បួងសួងដល់អ្នកសម្រុកធ្វើដំណើរទៅស្រុកកំណើត ឱ្យពួកគេមានសុវត្ថិភាព និងក្រើនរំឭកកុំឱ្យភ្លេចការពារខ្លួនពីជំងឺកូវីដ១៩។

រដ្ឋមន្ត្រីរូបនេះបន្តថា៖ «មកដល់បច្ចុប្បន្ន យើងមានជោគជ័យ ព្រោះអ្នកឆ្លងរោគមានតិច បើសិនជាការឆ្លងរោគឡើ​ងដ​ល់ម៉ឺនដូចប្រទេសគេ សម្ភារយើងទ្រោលមិនរួចទេ ពេទ្យយើងក៏មិនមែនម៉ាស៊ីនធ្វើការ ២៤ម៉ោងដែរ ហើយឈឺ ​មិនមានអ្នកកំដរទេ!​ ថែខ្លួនយើង គឺថែគ្រួសារយើង ថែសហគមន៍យើង! កុំភ្លេចថា កើតអេដស៍នៅដើរ​ហើរបាន កូវី​ដ១៩ គឺគេឃាំងអោយនៅមួយកន្លែងម្នាក់ឯងហើយ»។

កាលពីរសៀលម្សិលមិញ ពលរដ្ឋមួយចំនួនបានសម្រុកចេញពីរាជធានីភ្នំពេញ ទៅស្រុកកំណើត ចំពេលពិធីបុណ្យចូលឆ្នាំខ្មែរចូលមកដល់នៅសប្តាហ៍ក្រោយនេះ ។

លំហូរនៃការសម្រុកចេញពីរាជធានីនេះ ក៏ចំពេលរដ្ឋាភិបាលប្រកាសដាក់កំហិតការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងពីរាជធានីទៅខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

តាមក្រសួងសុខាភិបាល គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១០ ខែមេសានេះ អ្នកផ្ទុកជំងឺកូវីដ១៩ មាន ១១៩នាក់។ក្នុងនោះ ព្យាបាលជា ៧២នាក់ ស្មើជាង ៦០ភាគរយ និងអ្នកកំពុងព្យាបាល ៤៧នាក់។

គិតត្រឹមថ្ងៃសុក្រនេះ ជំងឺកូវីដ១៩ បានឆ្លងដល់មនុស្សជាង ១លាន ៦សែននាក់ (១៦០ ០៦២) និងសម្លាប់មនុស្សអស់ជិត ១ម៉ឺននាក់ (៩៦៣៦៥) លើពិភពលោក។ សហរដ្ឋអាមេរិក អ៊ីតាលី ជាដើម មានអ្នកឆ្លងរាប់ពាន់នាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ